វិចិត្រសាល

ប្រាសាទសួគ៌ា “ម៉ែជ័យ” នៅជិតវត្ត​ស្រែរនោង


ចេញ​ពី​អារាម​វត្តស្រែ​រនោង, ខ្ញុំ​ចង់​នាំ​អារម្មណ៍​អស់​លោក​អ្នក​ អោយ​ទៅ​ឃើញ​ប្រាសាទ​សម័យ​ថ្មី​មួយ ដែល​ទើប​នឹង​ធ្វើ​បុណ្យ​បញ្ចុះ​សីមា​ប្រាំពីរ​យប់​ប្រាំពីរថ្ងៃ​ហើយ កាលពី​ប៉ុន្មាន​ខែ​មុននេះ… នោះ​គឺប្រាសាទ​សួគ៌ា “​ម៉ែជ័យ” ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​កើត​ឆៀង​ខាងជើង​វត្ត​ស្រែ​រនោង…។

ដោយសារ​ទី​នេះ មិនមែន​ជា​អារាម​ព្រះពុទ្ធ​សាសនា ទើប​មិន​​មាន​ព្រះសង្ឃ​គង់​នៅ​​ឡើយ។ បើ​តាម​អ្នក​នៅប្រចាំការ​​មើល​ថែទាំ​ប្រាសាទ​នេះ បាន​អោយ​ដឹង​ថា អ្នក​គ្រប់​គ្រង​ និងកសាង​ប្រាសាទ​​ “ម៉ែជ័យ” នេះឡើង មាន​ឈ្មោះ​ថា លោកគ្រូ ពេជ្រ (មិន​ដឹង​មាន​ជន្មាយុ​ប៉ុន្មាន​​ទេ)។​

អគារជា​ប្រាង្គ​ប្រាសាទ​ គឺ​បាន​ស្ថាបនា​នៅ​លើ​ទីទួល​បុរាណ​មួយ​ មាន​ឈ្មោះថា «ទួល​ម៉ែជ័យ»។ បើ​តាម​អ្នក​ថែទាំ​ប្រាសាទ, ម៉ែជ័យ​ គឺ​ជា​​ស្រី្ត​មេទ័ព​ដ៏​ក្លាហាន​ ខ្លាំង​ពូកែ​ម្នាក់​ពី​អតីតកាល…។ ក្រោយ​ពេល​ម៉ែជ័យ ​បាន​ធ្វើ​មរណកាល​ទៅ ក្នុង​ណា​ឆ្នាំ​មួយ​ពុំ​ប្រាកដ, ម៉ែជ័យ ក៏​បាន​ក្លាយ​ជា​អ្នក​តា​ចាស់​ស្រុក​ប្រចាំ​តំបន់​​ស្រែ​រនោង​តែ​ម្តង​ ហើយ​អ្នក​ស្រុក​នៅ​ទីនោះ ​តែង​​ប្រារព្ធធ្វើ​បុណ្យ​​ឡើង​អ្នក​តា ​នៅ​លើ​ទួល​ម៉ែជ័យនេះ​ ជាប់​រហូត​មក…។

មើល​ទៅ​អគារប្រាង្គ និង​បរិវេណ​នៃ​ប្រាសាទ​សម័យ​ទំនើប​នេះ​ទាំង​មូល គឺ​នៅ​​មិន​ទាន់​ស្ថាបនា​ហើយ​រួច​រាល់​នៅ​ឡើង​ទេ។​​​ ​ប្រាង្គ​ប្រាសាទ​​ដែល​បែរ​ទៅ​ទិស​ខាង​កើត មិន​មាន​សង់​ជា​​ជញ្ជាំង​បិទ​ជិត​ទេ។ នៅ​តាម​ចន្លោះ​សសរ​ក្នុង​ប្រាង្គដែល​បែរ​ទៅ​ទិស​ខាង​កើត មាន​ដំកល់​រូបសំណាក​បួន​អង្គៈ ​ នៅខាងត្បូងផុត ជារូប​ព្រះអង្គឥសូរភ្នំអដ្ឋរស្ស ១អង្គ ​ទ្រង់​អង្គុយ​ពែនភ្នែន, តមក​គឺរូបព្រះអង្គប្រោសសត្វ យាយម៉ៅភ្នំបូកគោ ១អង្គ ទ្រង់ឈរ, តមក​ទៀត ជារូប​ម៉ែជ័យ ឈរដែរ, និង​រូប​កៀន​ខាង​ជើង​ផុត ជារូបព្រះអង្គ​ជប់ ជើងភ្នំ​គូលេន ជា​ព្រះអង្គ​ប្រក់នាគ…។

គំនូរ​នៅ​លើ​ពិដាន និង​តាម​ជញ្ជាំង​ក្នុង-ក្រៅ​របស់​ប្រាង្គ​ប្រាសាទ​នេះ ជា​គំនូរ​ផុសដែល​ឆ្លាក់​ពី​ស៊ីម៉ង់ត៍។ នៅ​ខាង​ក្នុង​ប្រាង្គ ជា​គំនូរ​រៀបរាប់​ពីពុទ្ធ​ប្រវត្តិ, ឯ​នៅតាម​ជញ្ជាំង​ខាង​ក្រៅ ជា​គំនូរ​រៀប​រាប់​ក្នុង​រឿង​រាម​កេរ្តិ៍។ នៅ​លើ​ពិដាន​ប្រាង្គ និង​លើទីធ្លា​ខាង​កើត ចំមុខ​ប្រាង្គ​ប្រាសាទ ត្រូវ​បាន​រុំព័ទ្ធ​ទៅ​ដោយ​ខ្សែ​អំបោះ.ស ដែល​ខ្ញុំ​គិត​ថា ជាខ្សែ​សីមា​ព័ទ្ធ​ការពារ​ព្រាយ​បិសាចទាំងឡាយ ទាំងពួង..!!.. 😀

នៅ​ប៉ែក​ខាង​ជើង​ប្រាង្គ មាន​រូប​សំណាកព្រះសង្ឃ ឬ​ជា​សាវក​របស់​ព្រះពុទ្ធ ក្នុង​កិរិយា​អង្គុយ​បត់​ជើង​ម្ខាង​បីអង្គ, សរុប​មាន​ប្រាំមួយ​អង្គ។ ក្នុង​ចំណោម​នោះ មាន​រូប​សំណាក​​ពីរអង្គ​បាន​បាក់​ដាច់​ព្រះហស្ត​ជាបណ្តើរៗ ​ហើយ…។ នៅខាងជើង​ផុត គឹជា​ស្រះ​ទឹក​ដ៏​ធំ​មួយ ហើយ​ផ្លូវ​បេតុង​មួយ​ខ្សែ បាន​រត់​ស្រប​នឹង​មាត់​ស្រះនេះ​ប៉ែក​​ខាងកើត ដែល​ជា​មាគ៌ា​ឆ្ពោះ​មក​ខាង​​មុខ ​ចំ​ប្រាង្គ​ធំ។​ ​

ថ្ងៃ​ខ្ញុំ​ទៅដល់​​ប្រាសាទសួគ៌ា “ម៉ែជ័យ”  គឺ​មាន​សភាស្ងាត់​ឈឹង​ដូច​ចោរ​លួចសេះ​ មិន​ឃើញ​​​មាន​មនុស្សម្នា​ចូល​ទៅ​ទស្សនា​ ឬចូល​ទៅ​បន់​ស្រន់​អី​ទេ។ អ្នក​យាម​ប្រចាំ​ការ​ប្រាសាទ បាន​ខ្សិប​​ប្រាប់​ខ្ញុំ​ថាៈ «រាស្រ្ត​ខ្មែរ​យើង​តូចតាច ​មិន​សូវ​ជឿទេ!… តែ​បើ​អ្នក​ធំៗ ខាង​លើៗ​វិញ គឺ​ជឿ​​ទៅ​លើ​លោកគ្រូ ពេជ្រ និង​​បារមីម៉ែជ័យ នៅទីនេះ​ណាស់..!!.. បារមី​ម៉ែជ័យ ​ល្បី​​មិន​ត្រឹម​ស្រុក​ខ្មែរ​យើង​ទេ, គឺ​ល្បី​រហូត​ដល់​ស្រុក​ថៃ, បាន​ធ្វើ​អោយ​អ្នក​ជំនួញ​ថៃ​ធំៗមួយ​ចំនួន​ រួម​ទាំង​អ្នក​នយោបាយ​ថៃ​​​ផង​ដែរ បាន​ធ្វើ​ដំណើរ​​មក​ដល់​ទីនេះ​ ដើម្បី​មក​​គោរព​​បន់ស្រន់​បួង​សួង​ ​សុំ​អោយ ​ “បារមី​ម៉ែជ័យ”​ ជួយ​សំរេច​តាម​បំណង​ប្រាថ្នា​របស់​ពួកគេ​​រៀងៗ​ខ្លួន..!!..»

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s