វិចិត្រសាល

អារាមវត្តស្រែរនោង ខេត្តតាកែវ


ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៃ​អារាម​​ព្រះពុទ្ធ​សាសនា​មួយ​នៅ​ក្នុង​ខេត្ត​តាកែវ មាន​ឈ្មោះថា វត្តស្រែរនោង ដែល​ខ្ញុំ​ថត​ទុក​ជាឯកសារ​ នា​ចុង​ខែមីនា ឆ្នាំ២០១៤ នេះ…។

ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​ហួស​ទីប្រជុំជន​អង្គតាសោម បន្តិច, ពេល​ទៅ​ដល់​ថ្នល់បែកគូស នឹង​ឃើញ​ក្លោង​ទ្វារ​វត្ត​មួយ​នៅ​​ខាង​កើត​ថ្នល់​​ ​​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៣, នោះ​គឺ​ក្លោង​ទ្វារ​វត្ត​ស្រែរនោង…។ បើ​តាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ​ ជា​អម្ចាស់, ពាក្យថា «រនោង» គឺ​ជា​សត្វ​ល្អិត​មួយ​ប្រភេទ សម្បុរ​ខ្មៅ​ពភ្លក់ ខ្លួន​រឹង ច្រើន​កើត​ក្នុង​រដូវ​ភ្លៀង, ហើយសត្វ​នេះ​មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​គ្រាប់​ននោង​…។

កាល​ពីមុនៗ​មក ខ្ញុំ​តែង​ច្រឡំ​ហៅ​វត្តនេះ​ថា វត្ត​ស្រែននោង ឬវត្តស្រែ​រយោង ទៅវិញ។ ពីក្លោងទ្វារ​វត្តនៅ​ជាប់​នឹង​ថ្នល់​កៅស៊ូ ទៅដល់​ទីប្រជុំជន​​ស្រែរនោង គឺភ្ជាប់​ដោយ​ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហមមួយ​ខ្សែ​ ដែល​​​មាន​ប្រវែង​​ប្រមាណជា​ ២គ.ម ពី​ថ្នល់​​ជាតិ។

ព្រះវិហារវត្តស្រែរនោង មានសំបុរចាស់​ណាស់​ទៅហើយ។ នៅលើ​ហោជាងព្រះវិហារ​ប៉ែក​ខាងលិច ខ្ញុំ​រក​ឃើញ​កាល​បរិច្ឆេទ​ ព.ស​២៤៩៣, ពេល​ធ្វើ​លេខ​ដកទៅ គឺ​ត្រូវ​នឹង គ.ស​១៩៥០, មាន​ន័យ​ថា ព្រះវិហារ​នេះ មាន​អាយុកាល ៦៤ឆ្នាំ​ កន្លង​មក​ហើយ។ តែ​បើ​មើល​ពី​ខាង​ក្រៅៗ​ទៅ ព្រះវិហារ​នេះ​អាច​នឹង​ត្រូវ​បាន​ជួស​ជុល​​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​អំឡុង​​ទសវត្សរ៍​​ឆ្នាំ១៩៩០…។

អគារសាលាធម្មសភា សង់​បន្តើត​​ខ្ពស់ផុត​ពីដី ស្ថិត​នៅ​ចំខាងលិច​ព្រះវិហារ ឃើញ​ដាក់​កាល​បរិច្ឆេទ​​ចាប់​ផ្តើម​កសាង​នៅ​ថ្ងៃ ៣កើត ខែពិសាខ ឆ្នាំជូត អដ្ឋស័ក ព.ស​២៥៣៩​​ ត្រូវ​នឹង​ថ្ងៃ​ទី ១៩ ខែឧសភា គ.ស​១៩៩៦ និង​ស្ថាបនា​ហើយ​រួច​រាល់​ជា​ស្ថាពរ​​នៅ​ថ្ងៃ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ នព្វស័ក ព.ស​២៥៤១ ត្រូវ​នឹង​ថ្ងៃទី ២២ ខែឧសភា គ.ស​១៩៩៧, គឺ​ក្នុង​ជំនាន់​លោក ស៊ូ ភិរិន្ទ ជា​ចៅហ្វាយ​ខេត្ត។ នៅ​ជាប់​ពី​ខាងលិច​សាលា​ធម្មសភា​នេះ មាន​អគារចំណាស់​មួយ កំពស់​មួយ​ជាន់, ជា​​អតីត​សាលា​ពុទ្ធិក​បឋម​សិក្សា​វត្តស្រែរនោង, កសាង​ក្នុង​ឆ្នាំ​១៩៦២ ។

នៅ​ប៉ែក​ខាង​ជើង​សាលាធម្មសភា មាន​កុដិ​ព្រះសង្ឃ​​មួយ​ខ្នង សង់​ជា​តៀម​ផ្ទាល់​ដី មើល​ទៅ​ ចាស់​ណាស់​ហើយ។ តទៅ​ខាង​ជើង​ទៀត មាន​ប្រាង្គ​ដូច​ចេតីយ៍​ខ្ពស់​មួយ ដែល​អ្នក​ស្រុក​អះអាង​ថា ជា​ «ព្រះសត្យមុនីចេតីយ៍» ប្រចាំ​ទី​អារាម​នេះ (មិន​ដឹង​ថា មាន​ដំកល់​ព្រះបរម​សារីរិកធាតុ ឬ​ក៏​អត់​ទេ!)។ នៅ​ចំ​ពីខាង​កើត​ប្រាង្គ​នេះ មាន​ស្រះ​ទឹក​ធំមួយ ឃើញ​ដាក់​កាល​បរិច្ឆេទ​​កសាង​ក្នុង​ គ.ស​២០០១ ។

នៅ​ជាប់​ពី​ខាង​លិច​ប្រាង្គ​ព្រះ​សត្យមុនី​ចេតីយ៍​ មាន​អគារ​ថ្ម​សង់​ផ្ទាល់​ដី​មួយ ឃើញ​មាន​សភាព​ថ្មីនៅ​ឡើយ ដែល​ខ្ញុំ​គិត​ថា អាច​ជា​សាលាឆាន់ ឬ​ឧបដ្ឋាន​សាលា…។ នៅ​ជាប់​ពី​ខាងជើង​អគារ​ឧបដ្ឋាន​សាលានេះ មាន​ស្រះ​ទឹកដ៏​​ធំមួយ​ទៀត, ហើយ​កុដិ​​របស់​ព្រះ​ចៅ​ធិការ​វត្ត​ស្រែ​រនោង​បច្ចុប្បន្ន គឺស្ថិត​នៅពី​ក្រោម​ដើម​ឈើ​ស៊ុប​ទ្រុប​នៃ​ប៉ែក​ខាង​លិច​មាត់​ស្រះ​​ទឹក​នេះ។ រី​ឯ​កុដិ​ព្រះ​សង្ឃ​ដទៃៗ​ទៀត ដែល​ភាគ​ច្រើន​ជា​កុដិ​ឈើ​សង់​ខ្ពស់​ផុត​ពី​ដី ឃើញ​នៅ​ហូរហែ តាម​របង​វត្ត​ប៉ែក​ខាង​លិច…។​​

បើ​តាម​អ្នក​ស្រុក​ជិត​ខាង​វត្ត​ស្រែ​រនោង បាន​អោយ​ខ្ញុំ​ដឹង​ថា ថ្វី​បើ​ក្នុង​វត្ត​ មាន​នៅ​សល់​ទីធ្លា​​ធំ​ទូលាយ​យ៉ាង​ណា​ក៏​ដោយ ក៏វត្តនេះ ​​ពេល​មាន​រវល់​ពិធី​បុណ្យទាន ឬ​មាន​កម្មវិធី​​ផ្លូវ​ការ​អ្វី​មួយ គឺ​ច្រើន​តែរៀប​ចំ​ធ្វើ​​នៅ​ខាង​ក្រៅៗ​ បរិវេណ​វត្ត​​រហូត​មក…។

មិន​មាន​ហេតុ​ផល​អ្វី​ច្បាស់​លាស់​ទេ តែ​បើ​តាម​អ្នក​ស្រុក​​នៅ​ទីនោះបាន​អះអាង​ថា វត្តនេះកាល​​ពីមុន​ៗ មាន​មហិឫទ្ធិ​​ខ្លាំង​ណាស់ ធ្វើ​អោយ​អ្នក​ធំៗយើង​មួយ​​ចំនួន​​​ខ្លាច​រអា​​មិន​ហ៊ាន​ចូល,​​ ក៏​ព្រោះតែ​​ខ្លាច​​ «សាប​គ្រូ​គ្រា» ​នៅ​ក្នុង​ខ្លួន​..!!..??.. 😀 ​​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s