វិចិត្រសាល

អារាមវត្តមហាមន្រ្តី ក្រុងភ្នំពេញ


នេះជាលើក​ទីមួយហើយ ដែល​ខ្ញុំ​បាន​ចូល​ដើរលុក​ក្នុង​អារាមវត្តមហាមន្រ្តី ដើម្បី​ថតរូប​ទុក​ជា​ឯកសារ​នៅ​ទីនេះ…។

បរិវេណ​នៃ​វត្តមហាមន្រ្តី ត្រូវ​បាន​ពុះជាពីរៈ ម្ខាងជា​ផ្នែក​ពុទ្ចចក្រ រួមមាន​ព្រះវិហារ និង​កុដិ​ព្រះសង្ឃ​បំរើ​ដល់​វិស័យ​​ព្រះពុទ្ធ​សាសនា, និង​ម្ខាងទៀត​ជាផ្នែក​អាណាចក្រ​ ដែល​ជា​សាលារៀនចំណេះ​ទូទៅ កំរិត​បឋម​សិក្សា។

ផ្ទៃដី​​ផ្នែក​ខាង​​អាណាចក្រ មាន​សភាព​ទូលាយល្អណាស់ ដោយសារ​តែ​​អគារសិក្សា​បាន​សង់​ជារាង​អក្ស​អ៊ុយ (U) កៀក​អែប​នឹង​របង​ខាងកើត ខាងត្បូង និង​ខាងលិច។ បែបនេះ វា​បាន​បង្កើត​​ទៅជា​ទីធ្លា​ធំទូលាយ​នៅ​ពី​ខាង​មុខ​អគារ​សិក្សា​ទាំង​អស់។ ផ្ទុយ​ទៅវិញ, ផ្ទៃដី​ខាង​ផ្នែក​ពុទ្ធចក្រ ត្រូវ​បាន​ចង្អៀត​ពេញ​ប៊ឹប ទៅដោយ​កុដិ​ព្រះសង្ឃ​ចាស់​ថ្មី តូចធំ មាន​រហូត​ដល់​ទៅ ២៨កុដិ និង​​មាន​​ព្រះសង្ឃ​​គង់​នៅ​​រហូត​ដល់​ទៅជាង ៥០០អង្គ​ នា​ពេល​សព្វ​ថ្ងៃ​នេះ…។​

ក្នុង​ចំណោម​កុដិទាំងអស់, កុដិដែល​មាន​លេខ​រៀង​ទី ១ ជា​អតីត​កុដិ​​របស់ ​សម្តេច​ព្រះ​មង្គល​ទេពាចារ្យ អ៊ុម ស៊ុម សង្ឃត្ថេរោ, ជា​អតីត​សម្តេច​សង្ឃ​នាយករងទី២ និង​ជា​ព្រះចៅ​អធិការ​វត្ត​មហាមន្រ្តី​ជំនាន់ទី ៤ គង់នៅ។ រីឯកុដិលេខ ៥ ជាអតីតកុដិ​របស់​ព្រះគ្រូ​ធម្មនន្ទោ ឳ លី, ជាព្រះចៅ​អធិការ​វត្តជំនាន់ទី ៥ គង់នៅ។ ចំណែក​កុដិលេខ ១៦ ជា​កុដិ​របស់​​ព្រះគ្រូ​ ឥន្ទជោតត្ថេរៈ ខៀវ អឿន, ជា​ព្រះចៅអធិការ​វត្តជំនាន់ទី ៦ ​នា​ពេល​បច្ចុប្បន្ន​គង់​នៅ។

​កុដិព្រះគ្រូសូត្រ​ស្តាំ ព្រះនាម ខេមឃោសកោ ហាយ សូហ៊ីម ​មាន​លេខ​រៀង​ទី ២៨ មាន​កំពស់​ដល់​ទៅ​បីជាន់ ឃើញ​​កំពុង​ស្ថិត​ក្នុង​ការ​ស្ថាបនា​​នៅ​ឡើយ​​។ ដោយ​ពិត​ទៅ, កុដិ​ព្រះសង្ឃ​​ក្នុង​សម័យ​ទំនើប​យើង​នេះ គួរតែ​កសាង​​អោយ​មាន​ទំហំ​ធំ និង​ច្រើន​ជាន់​អញ្ចឹង​ហើយ ទើប​ចំណេញ​ទីធ្លា​វត្ត និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ព្រះសង្ឃ​​ដែល​​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​ ជារៀង​រាល់​ឆ្នាំ។

កុដិដទៃ​ផ្សេងទៀត មានចាស់ មានថ្មី, មាន​ល្អវិចិត្រ មាន​មើល​មិន​យល់…។ នេះ​ជា​តថភាព​មួយ ដែល​បានឆ្លុះ​​​បង្ហាញ​អោយ​ឃើញ​​ពី​​ភាព​មិន​ស្មើ​គ្នា​​នៃ​កំរិត​ជីវភាព​​​​ព្រះ​សង្ឃ។ ​សង្ឃខ្លះ​​គង់​​នៅ​ក្នុង​ជីវភាព​ធូរធារ ដោយសារ​មាន​ឯកឧត្តម​ លោក​ជំទាវ​ជា​ច្រើន​ជួយ​ទំនុក​បំរុង​តាំង​ពី​ចង្ហាន់ ភេសជ្ជៈ បច្ច័យ រហូត​ដល់​​ស្ថាបនា​កុដិ​ដ៏​ល្អ​វិចិត្រ​ប្រគេន​​ថ្វាយ​។ ផ្ទុយ​ទៅ​វិញ, ​សង្ឃ​ភាគច្រើន​ដែល​គ្មាន​​សំណាង​ មិន​មាន​​អ្នក​ជួយ​ឧបត្ថម្ភសោះ, គឺគង់​ក្នុង​កុដិ​ចាស់​ទ្រុឌ​ទ្រោម និង​រស់​​ដោយការ​​និមន្តបិណ្ឌបាត្រត្រុកៗ, មើល​ទៅ​ឃើញ​ក្រៗ… រខេក​រខាក..!!..

​នៅ​ក្នុង​បរិវេណ​វត្ត មាន​សល់​សំណង់​ចាស់​មួយពីរដែរ ដូចជា​អគារសាលា​ធម្មសភា កសាង​ក្នុង គ.ស​១៩៥៩​ និង​កុដិលេខ​១៥ ដែល​បាន​សង់​ពី​​មុខអតីត​ពុទ្ធិក​សាលា​បាលី​​ដ៏​ចំណាស់​មួយខ្នង…។

ចំណែក​​អគារ​ពុទ្ធិកវិទ្យាល័យ កសាង​ក្នុង គ.ស​១៩៩៥ និងអគារ​បណ្ណាល័យ កសាង​ក្នុង​ គ.ស​១៩៩៦ គឺ​ជា​ស្នា​ព្រះហស្ត​របស់​សម្តេច​ព្រះ​មង្គល​ទេពាចារ្យ​ អ៊ុម ស៊ុម, ឃើញ​នៅ​ប្រើ​ប្រាស់​បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សម្តេច​ព្រះមង្គល​ទេពាចារ្យ​ អ៊ុម ស៊ុម បាន​ទទួល​អនិច្ចធម្ម​​នៅថ្ងៃ ៦រោច ខែ​ផល្គុន ឆ្នាំថោះ ​ព.ស​​​២៥៤៣ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី ២៥ ខែមីនា គ.ស​២០០០ ក្នុង​ព្រះ​ជន្មាយុ ៨២ព្រះវស្សា ដោយ​ជរាពាធ។ ពិធី​បុណ្យ​បូជា​ព្រះសព​សម្តេច បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​​អាទិត្យ-ច័ន្ទ ៨-៩​កើត ខែអាសាធ ឆ្នាំថោះ ព.ស​២៥៤៣ ត្រូវ​នឹង​ថ្ងៃទី ៩-១០ ខែកក្កដា គ.ស​២០០០ ដដែល, គឺដំកល់​ទុក​បាន ១០០ថ្ងៃ មុន​នឹង​បូជា​​រំលាយ​ព្រះសព។ ​ក្រោយ​មក​បីឆ្នាំ, ពិធី​បុណ្យ​សម្ពោធ​ព្រះចេតីយ៍ ដែល​ស្ថិត​នៅ​​ខាងកើត​ព្រះវិហារ និង​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​របស់​សម្តេច​ទៅ​ក្នុង​ព្រះ​ចេតីយ៍​នោះ បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​បីថ្ងៃ គឺថ្ងៃ អង្គារ៍ ពុធ ព្រហស្បតិ៍ ៦-៧-៨​កើត ខែពិសាខ ព.ស​២៥៤៧ ត្រូវ​នឹង​ថ្ងៃទី ៦-៧-៨ ខែ​ឧសភា គ.ស​២០០៣ ក្រោម​ការ​រៀប​ចំ​ចាត់​ចែង​​របស់ ​សម្តេច​ព្រះ​ពោធិវង្ស នន្ទ ង៉ែត ព្រះមេគណ​ក្រុងភ្នំពេញ​។​

ក្រោយ​សម្តេច​ព្រះមង្គល​ទេពាចារ្យ អ៊ុម ស៊ុម ទទួល​អនិច្ចធម្ម​ផុត​ទៅ, ព្រះតេជគុណ ឳ លី ធម្មនន្ទោ បាន​ឡើង​ជាព្រះចៅ​អធិការវត្ត​មហាមន្រ្តី​ បន្ត​ពី​​សម្តេច អ៊ុម ស៊ុម ។ ព្រះគ្រូ​ធម្មនន្ទោ ឳ លី គ្រប់​គ្រង​​អារាមនេះ​បាន ៧​ឆ្នាំ, ព្រះអង្គ​ក៏​ទទួល​​អនិច្ចធម្ម​​​ដោយ​ជរាពាធ​​ទៀត​ទៅ គឺនៅ​ក្នុង គ.ស​២០០៧…។

តពីព្រះគ្រូ​ធម្មនន្ទោ ឳ លី, ព្រះតេជគុណ ខៀវ អឿន ឥន្ទជោតត្ថេរៈ ជា​គ្រូ​សូត្រ​ស្តាំ ក៏បាន​ឡើង​ជា​ព្រះចៅ​អធិការ​វត្ត​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ សព្វ​ថ្ងៃ​ ព្រះគ្រូ​ឥន្ទជោត​ត្ថេរៈ ខៀវ អឿន បានឈាន​​ចូល​​ដល់​បច្ឆិមវ័យ, គឺវ័យ​កាន់​តែ​ជ្រេរ​​ណាស់​ទៅហើយ​​…។

ព្រះវិហារ​ដ៏​ស្រស់​ឆើត​ឆាយ​នៃ​អារាម​វត្តមហាមន្រ្តី ហាក់​ដូច​ជាកំពុង​​រួប​រឹត​ដោយកុដិ​ និង​​ចេតីយ៍។ នៅលើ​ជញ្ជាំង​ព្រះវិហារ លំអ​ដោយ​ក្បាច់​ភ្ញី​ដ៏​រស់​រវើក។ ផ្អែក​តាម​សំណេរ​​​​មួយផ្ទាំង នៅ​លើ​ជញ្ជាំង​ព្រះវិហារ​ជ្រុង​ខាង​កើត បាន​អោយ​ដឹង​ថាៈ ​ព្រះវិហារ​វត្តមហាមន្រ្តី បាន​ចាប់​​កសាង​ពី គ.ស​១៩៦៧ និង​ហើយ​រួច​រាល់​ជា​ស្ថាពរ​នៅ គ.ស​១៩៧០… ព្រះគ្រូ​កេសនាគត្ថេរ អ៊ុម ទិត ជា​ព្រះ​ចៅ​អធិការ​វត្ត​ជំនាន់​ទី៣ ជា​អ្នក​ផ្តើម​កសាង និង​ចំណាយ​អស់​ទឹក​ប្រាក់​សរុប ៨លាន​រៀល។

តាម​​គំនូររូប​​ព្រះតេជគុណ អ៊ុម ទិត នៅ​ជញ្ជាំង​ខាង​ក្នុង​ព្រះ​វិហារ​វត្ត​មហាមន្រ្តី បាន​អោយ​ដឹង​ថាៈ «ព្រះកេសនាគត្ថេរ ព្រះនាម អ៊ុម ទិត ព្រះជន្មាយុ ៨៤វស្សា, អតីតព្រះចៅ​អធិការវត្ត​មហាមន្រ្តី អនិច្ចធម្ម​ថ្ងៃទី ១៦.៥.៩១» ។ ដោយ​បែប​នេះ, ខ្ញុំ​អាច​ដឹងបាន​ថាៈ ព្រះតេជគុណ អ៊ុម ទិត បាន​រួច​រស់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​ក្រោយ​របប​នេះ​ដួល​រលំ​ទៅ ព្រះអង្គ​បាន​វិល​ត្រឡប់​មក​សាង​ព្រះភ្នួស​​ក្នុង​ទី​អារាម​វត្តមហាមន្រ្តី​​នេះ​ឡើង​វិញ រហូត​ដល់​ព្រះ​អង្គ​អស់​ព្រះជន្ម​ក្នុង​ គ.ស​១៩៩១, គឺកន្លង​ផុត​ទៅ ២៣ឆ្នាំហើយ…។

ដើម្បី​រំលឹក​ដល់​សម្តេច​ព្រះមង្គល​ទេពាចារ្យ​ អ៊ុម ស៊ុម និង​ព្រះគ្រូ​កេសនាគត្ថេរ អ៊ុម ទិត ដែល​ព្រះអង្គ​ទាំង​ពីរ​​បាន​បូជា​ព្រះកាយ​ដើម្បី​អារាម​វត្ត​មហាមន្រ្តី​នេះ ទើប​គណកម្មការ​វត្តបាន​ស្ថាបនា​រូបសំណាក​ព្រះ​អង្គ​ទាំង​ពីរ សាង​អំពី​ថ្ម​កែវ ក្នុង​កិរិយា​អង្គុយ​ពែន​ភ្នែន ដាក់​ដំកល់​ទុក​ក្នុង​ព្រះ​វិហារ​សំរាប់​គោរព​បូជា ដឹងគុណ…។

ចុង​ក្រោយ គឺ​ខ្ញុំ​ភ្ញាក់​ផ្អើល​នឹង​អក្សរ​មួយ​ជួរ​នៅ​លើ​ដំបូល​ហោជាង​ព្រះវិហារ ប៉ែក​ខាង​ជើង… ខ្លឹមសារ​សរសេរ​ថា «ព.ស​២៥១២ លោកជំទាវ លន់ នល់» មាន​ន័យ​ថាៈ ​ជំទាវភរិយា​លោក​សេនាប្រមុខ លន់ នល់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋខ្មែរ (១៩៧០-៧៥) ​ជា​អ្នក​បរិច្ចាគ​ទ្រព្យ​ធន​ច្រើន​ជាង​គេ​ ​ក្នុង​ការ​ស្ថាបនាព្រះវិហារ​​វត្ត​មហាមន្រ្តី​នេះ…៕​

ស្រុកស្រែ

Advertisements

2 responses to “អារាមវត្តមហាមន្រ្តី ក្រុងភ្នំពេញ

  1. ធៀប​វត្ត​ខ្មែរ និង​ថៃ ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ​នឹង​ដី មិន​ដឹង​ថា​កូន​សិស្ស​លោក​ខ្ជិល ឬ​ព្រះ​សង្ឃ មិន​ឧស្សាហ៍​ទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s