វិចិត្រសាល

អារាមវត្តវិហារហ្លួង ​ហៅ​វត្តផ្សារ ​ខេត្តកំពង់ឆ្នាំង


មាន​ប្រវត្តិ​ទាក់​ទង​នឹង​ទូក.ង «ចង្ហាន់ហុយ» ដែល​ក្រោយ​ពេល​​​ត្រី​ឆ្លាម​វាយ​ប្រហារ​បាក់​ដាច់​ជា​ពីរកំណាត់​នៅ​ទន្លេសាប កាល​ពីជាង​​ ៥០០ឆ្នាំ​មុន, បើ​តាម​ការ​​និទាន​​តៗ​គ្នាៈ ​​កំណាត់​ខាង​​ក្បាលទូក​ ត្រូវ​បាន​យក​ទៅ​ស្ថាបនា​ជា​រូប​ព្រះពុទ្ធ​ទ្រង់​និព្វាន ដំកល់​​ទុក​​នៅ​​ក្នុង ដែល​ជា​អារាម​អតីត​​ព្រះអង្គ​ចង្ហាន់​ហុយ​គង់​នៅ… និង​ខាង​កំណាត់​កន្សៃ​ទូក​ ត្រូវ​បាន​អ្នក​ស្រុក​នៅ​ជិត​ស្ទឹង​បរិបូណ៌​នៃ​ខេត្ត​កំពង់​ឆ្នាំង ស្រង់​យក​មក​ស្ថាបនា​ជា​រូប​​ព្រះ​ពុទ្ធ​ទ្រង់​ឈរ​ប្រថាប់ រួច​ដំកល់​ទុក​ក្នុង​អារាម​មួយ​នៅ​ជិតមាត់​ស្ទឹង… នោះគឺ​អា​រាម ​វត្ត​វិហារ​ហ្លួង ហៅវត្តផ្សារ នេះឯង ដែល​ស្ថិត​នៅ​ជាប់​ខាង​កើត​ស្ទឹង​បរិបូណ៌ សព្វ​ថ្ងៃ​នេះ…។

ទីធ្លានៃ​អារាម​វត្ត​វិហារហ្លួង ហៅវត្តផ្សារ មាន​ភាព​ចង្អៀត​នៅ​ខាង​មុខ​ព្រះវិហារ ​ជាប់​នឹង​ថ្នល់​ជាតិ ដោយសារ​តែ​មាន​សំណង់​ចេតីយ៍​តូច​ធំជា​ច្រើន។ ផ្ទុយ​ទៅវិញ នៅ​ប៉ែក​ខាង​ក្រោយ​ព្រះ​វិហារ បែរ​ជា​មាន​ទីធ្លា​ធំ​ល្វឹង​ល្វើយ។

ព្រះវិហារ​បច្ចុប្បន្ន កំពុង​តែ​ជួស​ជុល​ដំបូល​ខាងលើ។ តាម​មើល​រាងរៅ, ការ​ជួស​ជុល​នេះ​នៅ​រក្សា​ទ្រង់​ទ្រាយ​ដើម​ដដែល ដោយ​​មិន​កែ​ឡើង​ស៊េរីទេ…។

ទិដ្ឋភាព​ខាង​ក្នុង​ព្រះវិហារ ប្លែក​ភ្នែក​មែន​ទែន។ ប្លែក​ភ្នែក​ត្រង់​ថា ព្រះអង្គធំ​ក្នុង​ព្រះ​វិហារ មិន​មាន​កិរិយា​អង្គុយ​ពែន​ភ្នែន​​ដូច​រូប​​ព្រះ​ពុទ្ធ​ទូទៅ​ក្នុង​ព្រះវិហារ​នានា​​​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​នោះ​ទេ, តែ​គឺ​រូប​ព្រះ​ពុទ្ធ​​ទ្រង់​ឈរ​ប្រថាប់​ ក្នុង​កាយវិការ​​ប្រោស​សត្វ​ទៅ​វិញ។ ​កិរិយា​ព្រះពុទ្ធ​​អង្គ​​​ទ្រង់​ឈរ​បែប​នេះ ​ខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​តែនៅ​ក្នុង​អារាម​មួយ​នេះ​ទេ​ នៅ​ក្នុង​ស្រុក​យើង។ នេះគឺ​ដោយសារ​ព្រះពុទ្ធអង្គ​ដ៏​ធំ​ខ្ពស់ ជិត​ទល់​ពិដាន​​ព្រះវិហារ​នេះ បាន​​​ស្ថាបនា​ផ្សំ​ពី​កំណាត់​ទូក​ឈើ​​​ឈ្មោះ​ «ចង្ហាន់​ហុយ» ខាង​កន្សៃទូក ដែល​បាន​លិច​ដោយ​ត្រី​ឆ្លាម​វាយប្រហារ​​នៅ​ទន្លេសាប កាល​ពី​ជាង​ ៥០០ឆ្នាំ​មុន…។

នៅ​លើ​ខឿន​ព្រះវិហារ​ប៉ែក​ខាងត្បូង មាន​​ទូក.ង មួយ​កំពុង​សំងំ​ជ្រក​ក្រោម​រោង​​​ប្រក់​ស័ង្កសី​។ ទូក.ងនោះ មាន​​ឈ្មោះ​ថា «នាវាសារាយ​អណ្តែត ព្រះទីនាំង​ចង្ហាន់ហុយ» ដែល​ដាក់​តាម​នាម​ព្រះអង្គ​​ចង្ហាន់ហុយ…។ ឯ​នៅ​ប៉ែក​ខាង​ជើង​ខឿន​​ព្រះវិហារ​វិញ មាន​ដើម​ច័ន្ទ​បីដើមធំៗ ដុះ​ដង្ហែ​គ្នា។ បើ​តាម​ព្រះចៅ​អធិការ​វត្តបច្ចុប្បន្ន​ បាន​មាន​សង្ឃ​ដីកាថា៖ «ដើមច័ន្ទនេះ អាត្មា​ឃើញ​តាំង​ពី​អាត្មា​មិន​ទាន់​ចេះ​ស្លៀក​ខោ… រហូត​ដល់​អាត្មា​មាន​វ័យ​ប៉ុណ្ណេះ គឺ​ឃើញ​តែ​ប៉ុណ្ណឹង​ដដែល… អត់​មាន​ប្លែកអី​សោះ!…»។ ​

កុដិព្រះចៅអធិការវត្ត ជាកុដិថ្ម, ថ្មីជាងគេ ស្ថិត​នៅ​ជាប់​ខាង​ក្រោយ​ព្រះវិហារ។ ឯ​កុដិ​ព្រះសង្ឃ​បីខ្នង​ទៀត​​ជាកុដិ​ឈើ សង់​ខ្ពស់​ផុត​ពី​ដី ដង្ហែ​គ្នាបន្ត​ពី​កុដិ​លោកតា​សង្រ្គាជ​ទៅ​ក្រោយ។

អគារ​ឧបដ្ឋាន​សាលា សង់​ពី​ថ្ម​ប្រក់ក្បឿង មាន​ទំហំ​ធំ ស្ថិត​នៅ​​អែប​ជាប់​នឹង​សាលា​​ឆាន់​ចាស់។ នៅ​លើ​ស្លាប​ជញ្ជាំង​ខាង​លើ​ក្លោង​ទ្វារ​ចូល មាន​សរសេរ​កាល​បរិច្ឆេទ​ដាក់​ថា «ថ្ងៃ ១២រោច ខែផល្គុន ឆ្នាំមមី ព.ស​២៥៤៦ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី២៩ ខែមីនា គ.ស​២០០៣» ដែល​គិត​ទៅ ឧបដ្ឋាន​សាលា​ថ្មី​នេះ មាន​អាយុកាល ១១ឆ្នាំហើយ។

​ខាងក្រោមនេះ ជា​ទិដ្ឋភាព​ទូទៅ​នៃ​អារាម​វត្តវិហារហ្លួង ហៅវត្ត​ផ្សារ ក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែល​ខ្ញុំ​ថត​ទុក​ជា​ឯកសារ នា​ដើម​ខែ​មេសា ឆ្នាំ២០១៤ នេះ…៕

ស្រុកស្រែ

Advertisements

4 responses to “អារាមវត្តវិហារហ្លួង ​ហៅ​វត្តផ្សារ ​ខេត្តកំពង់ឆ្នាំង

  1. អរគុណពូស្រុកស្រែដែលតែងនាំព័ត៌មានពីគ្រប់ទិសទីមកចែក ពួកយើង។
    ទូកចង្ហាន់ហុយមានប្រវត្តិចាញ់គេតិចណាស់ ព្រោះតែជើងចែវតែងមានជំនឿថា បារមីទូកចង្ហាន់ហុយដើម គឺមកសណ្ឋិតនឹងទូកថ្មី (ប្រហែលពីរទូកហើយ)

    តែតាមខ្ញុំចាំ រូបរាងទូក ព្រះទីនាំងចង្ហាន់ហុយ នេះដូចជាធ្វើថ្មី។

  2. មានការនិទានខ្លះលើកឡើងថាទូកចង្ហាន់ហុយគឺជាទូកមានល្បឿន​លឿន​បំផុត សូម្បី​តែ​ត្រឡប់​មក​ដល់​វត្ត​វិញ ក៍ចង្ហាន់​ដែល​បាន​បិណ្ឌបាត​នោះ នៅតែ​ចេញ​ផ្សែង​ហុយៗ​ក្តៅ​ដែរ។

    • ត្រូវហើយ… តាម​ការ​ដំណាល​តៗគ្នា៖ កាល​ពី​ជាង​ ៥០០ឆ្នាំមុន មាន​ភិក្ខុសង្ឃ​មួយ​អង្គគង់​នៅ​ក្រុង​អង្គរ បាន​និមន្ត​តាម​ទូក​ មក​បិណ្ឌបាត្រ​ដល់​ក្រុង​លង្វែក។ ដោយសារ​តែ​ទូក​លឿន, ពេល​ត្រឡប់​ទៅ​ដល់វត្ត​វិញ បើក​គ្រប​បាត្រ​ទៅ គឺ​បាយ​ជា​បង្ហាន់​នៅ​ក្តៅ​ហុយៗ​នៅ​ឡើយ។ ដោយ​បែប​នេះ ទើប​អ្នក​ស្រុកបាន​​ហៅ​ភិក្ខុ​សង្ឃ​នោះ​ថា «ព្រះអង្គចង្ហាន់ហុយ» ជាប់​រហូត​មក…។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s