វិចិត្រសាល

អារាមវត្តកបិលមហាព្រហ្ម ខេត្តពោធិសាត់


ដោយសារតែឈ្មោះនៃ​ទីអារាមមួយនេះ មានភាព​ទាក់ទាញ​ពេក គឺ​«កបិល​មហា​ព្រហ្ម» ជានាម​​​បិតា​របស់​​ទេព្តា​​ស្រី​ទាំង ៧អង្គ ដែល​បាន​ប្តូរ​វេន​គ្នា​ចុះ​​ពី​លើ​មេឃ​មក នៅក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្តងៗ ទើប​ធ្វើ​អោយ​ខ្ញុំ​ឆ្លៀត​ពេល​ដ៏​តិច​តួច​​ ដើម្បី​​ចូល​ទៅ​ថត​ទី​អារាម​នេះ អោយ​ស្រប​នឹង​ពិធី​​​បុណ្យ​មហា​សង្រ្កាន្ត ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅដើម​សប្តាហ៍​ក្រោយ​នេះ​ហើយ…។

អារាម ​វត្ត​កបិលមហាព្រហ្ម មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​បង្គោល​គីឡូម៉ែត្រ​លេខ១៥២ ជិត​ដល់​ទីប្រជុំ​ជន​ក្រគរ ខេត្ត​ពោធិសាត់ ​និងមាន​ចំងាយ​ប្រមាណ ៥០០ម៉ែត្រ​ ពី​​ផ្លូវ​ជាតិ​លេខ៥ ។ ក្លោងទ្វារ​​​បែប​បុរាណនៅ​ជាប់​​នឹង​ថ្នល់​ជាតិ ឃើញ​ដាក់​កាល​បរិច្ឆេទ ព.ស​២៤៩៥ អាច​ត្រូវ​នឹង គ.ស​១៩៥២ ។ រីឯ​ក្លោង​ទ្វារ​ទីពីរ ជា​ក្លោងទ្វារ​វត្ត, កសាង​ដោយ​ព្រះគ្រូ​សូត្រព្រះនាម សាំង ផៃ ឃើញ​ដាក់​កាល​បរិច្ឆេទ ព.ស​២៥០០ គឺ​ចំឆ្នាំ​ធ្វើ​បុណ្យ​ពាក់កណ្តាល​ពុទ្ធ​សាសនា។

បើតាម​ព្រះចៅអធិការវត្ត​បច្ចុប្បន្ន​ព្រះនាម តាត ឧត្តម ដែល​ជា​សង្គ្រាជ​​​វត្ត​ជំនាន់​​ទី១០ បាន​មាន​សង្ឃ​ដីកាថាៈ «ក្រោយពេល​​ស្ថាបនា​ក្លោង​ទ្វារវត្ត​​នេះ​រួច​មិន​យូរ​ប៉ុន្មាន, ព្រះគ្រូ​សូត្រ​ស្តាំ ព្រះនាម សាំង ផៃ ក៏​បាន​ឡើង​ជា​ចៅអធិការ​វត្ត​កបិល​មហាព្រហ្ម ជំនាន់​ទី៦ បន្ត​ពី​ចៅ​អធិការ​វត្ត​ចាស់​​ ជំនាន់​ទី៥ ដែល​បាន​ទទួល​អនិច្ចធម្ម…»។

ព្រះវិហារ​វត្ត​កបិលមហាព្រហ្ម សង់នៅ​ស្រឡះដាច់​តែឯង និង​មាន​សំបុរ​នៅ​ថ្មី​នៅ​ឡើយ។ កាលបរិច្ឆេទ​នៃ​ការ​សាងសង់​ព្រះវិហារ​នេះ ខ្ញុំ​រក​មិន​ឃើញ​ទេ។ នៅ​ខាង​ត្បូង​ព្រះវិហារ មាន​ដើម​ពោធិ​មួយ​ដើម​ធំ…។ ចំពេល​ខ្ញុំ​ដើរ​ថត ជា​វេលា​ថ្ងៃ​ត្រង់​ជាក់ ស្ងាត់​មនុស្ស​ឈឹង… ​សំឡេង​មែក​ពោធិ​សង្កៀត​គ្នា លាយឡំ​នឹងស្នូរ​​ស្លឹក​ពោធិរលាស់​ដោយ​កំឡាំង​ខ្យល់​បក់​នា​​រដូវ​ប្រាំង ជួនឮខ្លាំង ជួន​ឮតិច បាន​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ហ្គឺហ្គោម (ព្រឺរោម) ផ្អើលៗ​…​បះសក់​មិន​ហ៊ាន​ងាក​ក្រោយ​ម្តងៗ​..!!.. 😀

នៅចំខាងលិច​ព្រះវិហារ មាន​សំណល់​ដុំឥដ្ឋនៃ​ខឿន​អគារ​ចាស់​​វ៉ៃ​ចោល ត្រូវ​បាន​ទុក​អោយ​នៅ​ទំនេរ ហើយ​តទៅ​ខាង​លិច មាន​អគារ​ថ្ម​សង់​ផ្ទាល់ដីមួយ។ ​នេះ​គឺ​ជា​កុដិ​​តែមួយ​គត់ប្រចាំ​ទីអារាម​នេះ​ ដែល​មាន​ព្រះសង្ឃ ៦អង្គ ​គង់​នៅ​រួម​គ្នា…។

សាលាឆាន់ ឬឧបដ្ឋាន​សាលា ស្ថិត​នៅ​ខាង​ជើង​កុដិ​ថ្ម​, ជាសំណង់ចាស់ ឃើញ​ដាក់​កាលបវិច្ឆេទ​កសាង​ក្នុង គ.ស​១៩៩៨ ។ ឯ​រោង​ចុងភៅ និង​ឃ្លាំង​ស្តុក​សំភារៈ ភស្តុភា​វត្ត ស្ថិត​​នៅ​ខាង​ជើង​ជាប់​​សាលាឆាន់​នេះ។

នៅ​ជិត​ក្លោង​ទ្វារ​ទី២ ខាង​ឆ្វេង​ដៃ មាន​​សួន​មួយរាង​បួន​ជ្រុង ដែល​នៅ​ក្នុង​សួន​នោះ ​មាន​តាំង​​​បង្ហាញ​នូវ​​រូប​សំណាក​ជា​ឈុត​ក្នុង​ពុទ្ធ​ប្រវត្តិ ។ នៅ​លើ​ក្លោង​ទ្វារ​ចូល​សួន​ មាន​សរសេរ​អក្សរ​​ដាក់ថា «សំវេជនីយដ្ឋាន​ព្រះពុទ្ធ​សាសនា» ប្រែជា​សំរាយថា “ទីដែល​គួរ​កើត​សង្វេគ សំរាប់​ពុទ្ធ​សាសនិកជន”…។

នៅ​ក្នុង​បរិវេណ​សំវេជនីយដ្ឋាន​នេះ ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​រូប​សំណាក​ព្រះពុទ្ធ​ ដែល​ដាក់​បន្តើត​នៅ​លើ​ជើង​សសរ មាន​លក្ខណៈ​ប្លែក​ពី​គេ…។ ឯ​រូប​សំណាក​​ «កបិល​មហាព្រហ្ម» តំណាង​អោយ​ឈ្មោះ​ទី​អារាម​នេះ ខ្ញុំ​រក​មើល​មិន​ឃើញ​មាន​ទេ..!!..  ​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s