វិចិត្រសាល

ស្តេចអុកចត្រង្គ សម័យកាល​អង្គរ​សង្រ្កាន្ត​២០១៤ ​រកឃើញ​​ហើយ…


ការប្រកួត​អុកចត្រង្គ​ជ្រើសរើស​ជើង​ឯក អង្គរសង្រ្កាន្តឆ្នាំ២០១៤ បាន​បញ្ចប់​ហើយ កាល​ពី​ព្រឹកមិញ​នេះ នៅ​ទីលាន​ប្រកួត​អុក​មុខ​អង្គរ​តូច។

កីឡាករ ឈាវ បូរ៉ា អាយុ ២៤ឆ្នាំ, មក​ពីខេត្តកំពង់ចាម បាន​យក​ឈ្នះ​លើ​គូប្រកួត​របស់​ខ្លួនដែល​ជា​រៀម​ច្បង គឺ​កីឡាករ គ្រួច ចន្ថារិទ្ធ អាយុ ៤៧ឆ្នាំ, មកពី​ខេត្ត​ស្វាយរៀង ចំនួន​ពីរ​ក្តារ​ជាប់​គ្នា  រួច​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៤ នេះ។

ពិធី​ប្រកួត​ផ្តាច់​ព្រ័ត្រ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​​លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ថោង ខុន និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។ ការ​ប្រកួត​នេះ ក៏​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ផងដែរ។

ដោយ​មាន​ការ​យឺត​យ៉ាវ​បន្តិច ទើប​ខ្ញុំ​ទៅ​មិន​ទាន់​ការ​ប្រកួត​សាក​ល្បង​នៅ​លើ​ក្តារ​អុក​ធំ។ នៅក្បែរ​​​ទីលាន​ប្រកួត មាន​គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​ អង្គុយ​ជា​ជួរ​នៅ​លើ​វេទិកា។ ​ទល់​មុខ​នឹង​វេទិកា​កិត្តិយសនេះ មានអេក្រង់​ទូរទស្សន៍​ធំមួយ ស្ថិត​នៅ​ខាង​កើត​​ក្តារ​អុក​ធំ ដែល​ងាយ​ស្រួល​ដល់​សាធារណជន​តាម​ដាន​ទស្សនា​​នូវ​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ។ ​​

ក្តារទី១, បន្ទាប់​ពី​ ឈាវ បូរ៉ា យក​គោលកាត់នាង របស់ គ្រួច ចន្ថារិទ្ធ, ​គាត់​ក៏​បោះ​សេះ​ឡើង​ក្រឡា​កៀន​ក្តារ… ហើយ​ក្រោយ​មក សេះ​ពីរ​របស់ បូរ៉ា បាន​ឡើង​មក​គាប​ស៊ី​គោល​មួយ​របស់ ចន្ថារិទ្ធ ។ ក្រឡានេះ ចន្ថារិទ្ធ​ ​ពិបាកដោះណាស់ ព្រោះ​គោល​ឡើង​ទៅ​មុខ​អត់រួច​, បើ​ថយ​ក្រោយ នឹង​ដាច់​ចំណង​ត្រី, បើ​យក​ទូក​កាត់​សេះ នឹង​អស់​ទូក​ប្រើ ហើយ​គោល​របស់​ បូរ៉ា នឹង​ឡើងមក​ដល់​ក្រឡា​​លើ… តែបើ​លេង​​​ក្រឡានេះ គឺត្រូវ​​តែ​ដូរ​ត្រី​ម្នាក់មួយ​ទៀត ដោយ​​យក​សេះ​កៀន​ក្តារទៅ​ស៊ី​ត្រី និង​ទុក​ត្រីកៀនក្តារ​​អោយ​ទូក​ស៊ី​វិញ​។ បន្ទាប់​មក​បោះ​សេះ​ថយ​មក​ឈរ​កន្លែង​ដដែល​ ដើម្បី​រក​ឳកាស​បកត្រី…។ ឬ​បើ​មិន​អញ្ចឹង​ទេ គឺមាន​តែ​​ថយ​​សេះកៀន​ក្តារមក​​ក្រោយ ដើម្បី​ចងគោល ដោយ​ចំណាយ​ត្រី​ចុង​ក្តារ​មួយ​អោយ​ទូក​ស៊ី…។ បែបនេះ ចន្ថារិទ្ធ ចាញ់ត្រី​ផ្កាប់​មុខពីរ ហើយ​​ខុន​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ ដោយ​សារ​តែ​​ទូក១ និង​សេះ២ របស់ បូរ៉ា គាបជាប់…។

ទីបំផុត ចន្ថារិទ្ធ សំរេច​អូសទូកដាក់​នៅ​ក្រឡា​ទន្ទឹម​គោល, ហើយ​ បូរ៉ា ក៏​យក​សេះ២ ដូរ​ជា​មួយ គោល១ និង​ទូក​១ របស់​ ចន្ថារិទ្ធ…។ ជិត​ចុង​បញ្ចប់, បូរ៉ា​ នៅសល់​ទូក១ និង​ត្រីបកទឹម២, ឯ  ចន្ថារិទ្ធ នៅ​សល់សេះ១ និង​ត្រីបកចង២…។ ដេញកៀង​ចុះឡើង, បូរ៉ា នៅសល់ទូក១ និង​ត្រីបក១, ឯ ចន្ថារិទ្ធ នៅសល់តែសេះ១ លោត​​ចុះឡើង​ ពីរនាក់​ខុន, រួចខុនក៏​អាប់​តែ​ម្នាក់ឯង ដើរ​លែង​រួច…។ នេះ​ជា​ការ​ចាញ់​ក្តារទី១..!!..

ចូល​ដល់​ក្តារ​ទី២, ពេល​ចាប់​ផ្តើម​ដើរ​បាន​បន្តិច បូរ៉ា បាន​ចាក់​ត្រីឡើងតាម​ក្បួន​ចំណិត​ត្រសក់ ដោយ​ត្រី​ខាង​មុខ រុល​ទៅ​ដេញ​នាង​របស់​ចន្ថារិទ្ធ កុំ​អោយ​ឡើង​រួច។ ក្រោយ​ពេល​ប្តូរ​កណ្តាប់​ដៃ​គ្នាអស់​ត្រី​២ ​ម្នាក់​រួច​មក, នាង​របស់ ចន្ថារិទ្ធ បាន​សំរុក​ឡើង​មកនៅ​ទន្ទឹម​នឹង​ត្រី​ចុង​ក្តារ ក្នុង​បំណង​ដូរ​ជា​មួយ​ត្រីក្បែរ​សេះ​របស់ បូរ៉ា​​, តែ​ បូរ៉ា មិន​ចាប់​អារម្មណ៍​នឹង​នាងទេ បែរ​ជា​ឡើង​នាង​របស់​ខ្លួន ​ទៅ​ចង​ត្រីទៅ​វិញ​…។ មក​ដល់​ត្រឹម​នេះ ចន្ថារិទ្ធ អាច​បារម្មណ៍ខ្លាច​ បូរ៉ា ចាក់ត្រី​ឡើង ត.ស៊ីដេញគោល, ទើប​សំរេច​ចិត្ត​ បក​ត្រី​ចុង​ក្តារ​ដើម្បី​ជួយចងនាង…។ គឺ​ការ​បក​ត្រី​ចុង​ក្តារ​មួយ​នេះ​ហើយ ដែល​ ចន្ថារិទ្ធ ចាញ់ បូរ៉ា…។ ចន្ថារិទ្ធ ប្រហែល​គិត​ភាន់​ច្រឡំថា បូរ៉ា នឹងយក​ត្រី​ផ្កាប់មុខ​ទៅ​ស៊ី​នាង, ពេល​នោះ គាត់​នឹង​ថយ​ត្រី​បក​ មកស៊ី​ ឬយក​គោល​ស៊ី ឡើង​ចង​ត្រី​បក​តែ​ម្តង។ ផ្ទុយ​ទៅ​វិញ, បូរ៉ា យក​គោលស៊ីត្រីបក ដោយ​សំឡឹង​ទៅ​គោល​ខាង​ក្រោយ​នាង​របស់​ ចន្ថារិទ្ធ អត់​មាន​ចំណង… ហើយ​លទ្ធផល​លុត​គ្នា​មួយ​ប្រាវ​នេះ ចន្ថារិទ្ធ ខាត​បង់​កំឡាំង​ច្រើនជាង បូរ៉ា ព្រោះខាង បូរ៉ា អស់តែទូក១ និង គោល១, ឯខាង ចន្ថារិទ្ធ អស់ទូក១ គោល១ នាង១ និងត្រីបក១…។ មួយ​សន្ទុះ​ក្រោយ​មក បូរ៉ា បាន​ធ្វើ​ការ​ដោះដូរជា​មួយ ចន្ថារិទ្ធ នូវ​ទូក១ សេះ១ និង​​​ថែម​ត្រី១ អោយ​ទៀត…។ តែ​ក្រោយ​ពីការ​ដោះ​ដូរ​គ្នា​នេះ, ​សេះ១​ និង​គោល១ ទៀត​របស់​ ចន្ថារិទ្ធ អស់​​មាន​ក្រឡា​ដើរល្មម… រួច​បន្ទាប់​មក ចន្ថារិទ្ធ មាន​តែ​ខុនមួយឯកោ​តែ​ម្នាកឯង ជា​មួយ​នឹង​ត្រី​ផ្កាប់​មុខ ៥ ដើរ​មិន​រួច… ហើយ ចន្ថារិទ្ធ ​ក៏​សុំ​ចុះ​ចាញ់ បូរ៉ា តែ​ត្រឹមនេះ..!!..

ការ​ប្រកួត​ទាំង​ពីរ​ក្តារ​នេះ មាន​រយៈពេល​លឿន​មែនទែន ធ្វើ​អោយ​អ្នក​ទស្សនាមិន​អស់​ចិត្ត។ តាម​ពិត​ទៅ ខ្ញុំ​ស្គាល់​គូ​ប្រកួត​​ទាំង​ពីរ​នេះ, រួម​ទាំង​ជើងឯក​លេខ៣ សួ សំភី ផងដែរ… គ្រាន់​តែឃើញ​គ្នា តែ​​មិន​បាន​និយាយ​រក​គ្នា​។

ជើងឯកលេខ៣ សួ សំភី ខ្ញុំ​ឧស្សាហ៍​ឃើញ​គាត់​នៅ​កន្លែងលេងអុក ក្នុង​​ហាង​កាហ្វេរ​មួយ នៅ​ជិត​សួន​កុមារ ពោធិចិនតុង…។ តាម​ការ​កត់​សំគាល់​របស់​ខ្ញុំ គាត់​ទៅ​ទី​នោះ មិន​ដែល​អង្គុយ​កាន់​កូន​អុក​ដើរ​ដោយ​ខ្លួន​ឯង​ទេ គឺ​គ្រាន់​តែ​ឈរ​ប្រាប់​គេ​តែ​ប៉ុណ្ណោះ, ហើយ​ខ្ញុំ​ក៏​មិន​នឹក​ស្មាន​​ថា គាត់​ខ្លាំង, ក្លាយ​ជា​ជើង​ឯក​លេខ៣ នៅ​ពេល​នេះដែរ…។

ចំណែក​ជើងឯក​លេខ២ គ្រួច ចន្ថារិទ្ធ វិញ, បើ​អស់​លោក​ណា​​ធ្លាប់​ឮតែ​ឈ្មោះ តែមិន​ដែល​ឃើញ​មុខ​នៅ​ក្នុង​ពិភព​«អុក​ស៊ីលុយ» ទេ, តាមពិត​ឈ្មោះ​គាត់ខាង​ក្រៅ គេ​ហៅ​ថា «ត្រេន»… គឺ​ហ្នុង​ហើយ អាត្រេនៗ… ដែល​ល្បី​ឈ្មោះតាំង​ពី​ជាង​ដប់​ឆ្នាំ​មុន​នោះ។​ ខ្ញុំ​ធ្លាប់​លេង​ជា​មួយ​គាត់​ បាន​បី​ក្តារ​ដែរក្នុង​ជំនាន់​អ៊ុនតាក់។ កាល​ណោះ​ខ្ញុំលេង​នៅ​ហាង​កាហ្វេរ​តាបារាំង ក្រោមដើមស្វាយ ក្បែរប៊ូឌីញ។ ខ្ញុំ​​មិន​ស្គាល់​គាត់​ជា​លោក​គ្រូ​ត្រេន ​ទេ ហើយ​ការ​លេង​​បី​ក្តារ​នោះ គឺស្មើមួយដៃ និងឈ្នះ​មួយដៃ​ម្នាក់។​ ក្រោយ​មក ពេល​ខ្ញុំ​ដឹង​ថា គាត់ជាលោក​គ្រូត្រេន ខ្ញុំក៏​​ឈប់​លេង​ជា​មួយ​គាត់​រហូត បើ​ទោះ​ជា​គាត់​តាម​សុំ​សាក​ជា​មួយ​​​ខ្ញុំ​ទៀត​ក៏​ដោយ, ហើយ​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ខាន​ឃើញ​គាត់​រហូត និង​ទើប​តែ​ឃើញ​នៅ​ពេល​ប្រកួត​នេះ​ឯង។ ទំរង់​មុខ​គាត់មិន​សូវ​ផ្លាស់​ប្តូរ​ច្រើន​ទេ គ្រាន់​តែ​រាងផត​ជ្រុង​ទៅ​តាម​វ័យ​របស់​គាត់​តែ​ប៉ុណ្ណោះ…។

រីឯជើងឯក​​លេខ១ ឈាវ បូរ៉ា, ខ្ញុំ​ឧស្សាហ៍​ឃើញ​គាត់​នៅ​ហាង​កាហ្វេរ «ស្រីអូន» ខាង​លិច​បុរីកីឡា។ ហាង​កាហ្វេរ​ស្រីអូន គឺ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជើង​ខ្លាំងៗ ខាង​ល្បែង​អុក​ចត្រង្គ ដែល​គេ​និយម​លេង​ភ្នាក់​ដាក់​ប្រាក់​។ ខ្ញុំ​ធ្លាប់​ឃើញ​អ្នក​ភ្នាល់​ដាក់​ប្រាក់ ប្រកួត​គ្នា​ជា​ញឹក​ញាប់ ដែល​​ក្រឡាដើរ​អ្នក​ទាំង​នោះ អាច​ជាប់​ក្នុង​កំរិត​​​ខ្លាំងៗ ជាង​ បូរ៉ា ឆ្ងាយណាស់, តែ​ពួក​គេមិន​ឃើញ​ដាក់​ឈ្មោះ​មក​ប្រកួត…។ អ្នក​ខ្លាំង​មែនទែន គឺ ត. អោយ​គេ​រហូត​ដល់​ទៅ​ការអុក​ រួច​ ត. ទឹក​លុយ​ទៀត ក៏​អ្នក​គេ​ ត. អោយលេង​មិន​ឈ្នះ​ដែរ…។

ដោយហេតុនេះ ខ្ញុំ​គិត​ថា អ្នក​ខ្លាំងៗ ខាងល្បែង​អុកចត្រង្គ​នា​ពេល​បច្ចុប្បន្ន មាន​ច្រើន… តែ​មិន​ដឹង​យ៉ាង​ម៉េច ​បាន​ជា​ពួក​គេ​​មិន​បង្ហាញ​មុខ..??..!!..

ស្រុកស្រែ

Advertisements

11 responses to “ស្តេចអុកចត្រង្គ សម័យកាល​អង្គរ​សង្រ្កាន្ត​២០១៤ ​រកឃើញ​​ហើយ…

  1. ខ្ញុំទើបតែស្គាល់លោករដ្ឋមន្ត្រីបរិស្ថានម៉ិញ!

  2. មានជើងខ្លាំង ត្រូវក្រឡា ត្រីពីរអាចសំលាប់បានដែរ 😀

    • ក្រឡាសំឡាប់ត្រី២ កៀនក្តារនេះ ខ្ញុំ​ចេះតាំងពី ២០ឆ្នាំមុន 😀 ខ្ញុំ​និយាយ​ពិតមែន​ណា…

      • អ្ចឹងប្អូនស្រុកស្រែក៏ជាជើងខ្លាំងមួួយដែរហើយក្នុងពិភពគុនអុក ។

        ធ្លាប់លេងបែប ស្ដេចឆ្កួត ទេ ? គឺខាងម្ខាងដើរកូនទាំងអស់ធម្មតា
        អ្នកម្ខាងទៀតយកកូនតែមួួយគឺ ស្ដេច ដែលអាចដើរជាទូកក៏បាន
        ជាសេះផងក៏បានថែមទៀត …ក៏សប្បាយប្លែកម្យ៉ាងដែរ ។

        ខ្ញុំក៏ចូលចិត្តលេងដែរអុក រាល់ង៉ៃសាកតែជាមួួយកុំព្យូទ័រគ្រាន់
        កែកំសាន្តផង ហាត់គិតកុំអោយខួរក្បាលស្ទក់ផង ដែលមានជា
        App របស់ Samsung ។ …ខ្ញុំមិនពូកែដើរស៊ីយកប្រៀបទេ តែបើ
        ក្រឡាសំលាប់អោយកូននៅពេញក្ដារ នោះខ្ញុំយល់គ្រាន់ ។

        ខ្ញុំខំរាវរកមើលតាមយូធូបដែរ ក្រែងមាននរណាដាក់ចែកគ្នាមើល
        ពីការប្រកួតនៅសៀមរាបថ្មីៗនេះ តែអត់ទាន់ឃើញ ។

  3. លោកស្រុកស្រែបានតែបានបូតចុងច្រមុះ ឈាវ បូរ៉ា មកពីខែត្រ កោះកុង
    មិនមែន ខែត្រ កំពុងចាមទេ!

  4. លម្អិតជាង​​អ្នកសារព័ត៌មាន​ទៅទៀត​ពូ! 😀
    ស្ដាយដែរ អាល័យតែ​ជូន​ម៉ែ​ទៅ​វត្ត អត់បាន​មើល​ពេល​គេ​ប្រកួត​​​​យក​មែនទែន ទម្រាំ​មកវិញ​គេ​ចែក​រង្វាន់​បាត់​ បានមើល​តែ​ពេល​គេ​​ប្រកួត​​សាកល្បង​លើ​ក្ដារ​អុក​ធំ។ តែ​ទោះ​ជាបាន​មើល​ក៏​មិន​ល្អ​ជាង​អាន​ប្រកាស​របស់​ពូ​ដែរ ព្រោះ​ខ្ញុំ​មិន​​ចេះ​លេង​ផង មើល​ក៏​មិនយល់ តែ​កូនអុក​ឈ្មោះ​អី​ខ្លះ ក៏​ខ្ញុំ​មិនទាំង​ស្គាល់​អស់​ផង ង៉ាសៗៗៗៗ 😆 យិយ​ចឹង មិនដឹង​ថា​ជើងឯក​ទាំងនេះ បាន​ទទួល​កិត្តិយស​ពី​សម្ដេច​អញ្ជើញ​ឱ្យ​ទៅ​សាក​ថ្វីដៃ​ឬ​អត់​ទេណ៎ ពូ 😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s