វិចិត្រសាល

“វិធីរកលុយងាយៗ” ​ត្រឡប់​​ទៅ​ជា​​ “វិធីបោកលុយ​ងាយៗ” ​វិញហើយ…


telexfree

ខាង​លើ​នេះ ជា​ផ្ទាំង​ព័ត៌មាន​ពេល​ចូល​ទៅ​កាន់​គេហទំព័រ TelexFree ។ វា​លែងចេញ​ព័ត៌មាន​ដូច​រាល់​ដង​ទៀត​ហើយ… បាន​ន័យ​ថា ម្ចាស់ ឬក្រុមហ៊ុន​មួយនេះ​បាន​បិទ​ទ្វារ​​ឈប់​រក​ស៊ី​ហើយ..!!..

មួយរយៈ​ចុងក្រោយនេះ ក្រុម​​អ្នក​និយម​​លេង​អ៊ីនធើណិត មាន​ការ​ផ្សព្វ​ផ្សាយ​តៗគ្នា អំពី​ការ​បណ្តាក់​ទុន​​រកស៊ី​​​ជា​មួយ​ក្រុមហ៊ុននៅ​ជើង​មេឃ​មួយ​ឈ្មោះថា តេឡិចហ្វ្រី (TelexFree) ។ ការ​រក​ស៊ី​ជា​មួយ​ក្រុម​ហ៊ុន​នេះ ​នឹង​​តំរូវ​អោយ​អ្នក​ចង់​ចុះ​ឈ្មោះ​ជា​សមាជិក ត្រូវ​តែ​​បង់​ប្រាក់ជា​មុន តាមតិច តាម​ច្រើន ទៅ​តាម​ការ​លោភ​លន់​របស់​បុគ្គល​ម្នាក់ៗ…។ មក​ដល់​ថ្ងៃ​នេះ អតិថិជននៅ​ស្រុក​ខ្មែរ​យើង ជា​សមាជិក​របស់ TelexFree ដែល​មាន​ចំនួន​រាប់​ពាន់​នាក់ (សឹង​ចូល​ម៉ឺននាក់​ផង​ក៏​មិន​ដឹង)​ ប្រហែល​ជាយំ​មិន​ចេញ​ទឹក​ភ្នែក​ទេ​មើល​ទៅ..!!..

ពី “វិធីរកលុយងាយៗ” ត្រឡប់​ទៅជា “វិធីបោកលុយងាយៗ” វិញម្តង…

តាម​ពិត​ទៅ TelexFree បាន​មក​ដល់​ស្រុក​ខ្មែរតាំង​ពីប្រហែល​​មួយឆ្នាំ​មុន​ម៉្លេះ​, តែនៅ​​មិនទាន់​​ជា​ទី​ចាប់​អារម្មណ៍ ដល់​ស្រទាប់​អ្នក​លោភលន់​នៅ​ស្រុក​យើង​ប៉ុន្មាន​ទេ។ គឺ​ទើប​តែ​​ពេល​​ថ្មីៗ​​នេះទេ ដែល​មាន​ឮដំណឹង​ស្តី​​អំពី​ការ​បើក​បង្រៀន​ «វិធីរកលុយ​ងាយៗ តាម​រយៈ​ការ​ប្រើ​ប្រាស់​អ៊ីធើណិត…» ទើប​​ចាប់​ផ្តើម​ល្បី​ខ្លាំង​តែ​ម្តង។

បើ​តាម​អ្នក​រងគ្រោះ​ពី​ការ​ខាត​បង់​ប្រាក់​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អោយ​ដឹង​ថាៈ តាម​គោល​ការណ៍​របស់​ក្រុមហ៊ុន, ដើម្បី​ចុះឈ្មោះ​ជា​សមាជិក គឺ​តំរូវ​អោយ​អតិថិជន ​ធ្វើ​ការ​​​​បង់​ប្រាក់​ជា​មុនជូន​ទៅ​ក្រុម​ហ៊ុន, បើ​កញ្ចប់តូច ត្រូវ​បង់​ជាង ៥០០​ ដុល្លារ (ទឹកប្រាក់ពិតប្រាកដគឺ ៣៣៩ដុល្លារ), ឯ​កញ្ចប់​ធំ ត្រូវ​បង់​ជាង ១,០០០ដុល្លារ (ទឹកប្រាក់ពិតប្រាកដគឺ ១,៤២៥ដុល្លារ) ។ ការបង់នេះ ត្រូវ​​ទូទាត់​តាម​រយៈ​ធនាគារ…។

ក្រោយ​ពេល​បង់​ប្រាក់​រួច និង​ក្លាយជា​សមាជិក​របស់ TelexFree រួច​ហើយ, អតិថិជន​រូប​នោះ ត្រូវ​ចូល​ទៅ​ក្នុង​វ៉ិបសៃ​របស់​ក្រុមហ៊ុន​មួយ​នេះ ដើម្បី Post ផ្សាយ​ពាណិជ្ជកម្ម​អោយ​គេ​តាម​រយៈ​អនឡាញ, ប្រសិន​បើ​អតិថិជន​បង់​ប្រាក់ប្រភេទ​​បញ្ចប់​តូច ត្រូវ Post ១ដង​ ក្នុង ១ថ្ងៃ, បើ​ប្រភេទ​កញ្ចប់​ធំ ត្រូវ Post ៥ដង ក្នុង​ ១ថ្ងៃ។ ការងារ​នេះ ត្រូវ​តែ​ធ្វើ​អោយ​បាន​ជាប់​ជា​ប្រចាំ រៀង​រាល់​ថ្ងៃ រាល់​សប្តាហ៍ ទើប​ក្រុម​ហ៊ុននេះ នឹងផ្តល់​ជា​ប្រាក់​ខែ​មក​វិញ, បើ​ប្រភេទ​កញ្ចប់​តូច នឹង​បាន ២០ដុល្លារ ក្នុង​ ១សប្តាហ៍ និង​មាន​រយៈ​ពេល​ដល់​ទៅ ៥២សប្តាហ៍, សរុបទៅ​នឹង​ទទួល​បាន​ចំណូល​ដល់​ទៅ ១,០៤០​ដុល្លារ ក្នុង​រយៈ​ពេល​ ១ឆ្នាំ ។

ដូច​គ្នា​នេះ​ដែរ ​​ប្រភេទ​​កញ្ចប់​ធំ គឺ​គ្រាន់​តែ​​អង្គុយ Post ផ្សាយ​ពាណិជ្ជកម្ម​អោយ​គេ​ ១ថ្ងៃ ៥ដងទៅ នឹង​ទទួល​បាន​ប្រាក់​ខែរហូត​ដល់​ទៅ ១០០​ដុល្លារ ក្នុង ១សប្តាហ៍ និង​មាន​រយៈ​ពេលដល់​ទៅ ៥២​សប្តាហ៍​ដែរ។

សំរាប់​អ្នក​លេង​កញ្ចប់​ធំ, ដាច់​ខែ​ឡើង នឹង​មាន​ប្រាក់ ៤០០ដុល្លារ​ ដែល​ក្រុមហ៊ុននេះ​បាន​បង្វិល​មក​បញ្ចូល​ក្នុង​គណនី​របស់​ខ្លួន​ជាស្វ័យ​ប្រវត្តិ។ តែ​សំរាប់​អតិថិជន​ប្រភេទ​កញ្ចប់​តូច​​វិញ ប្រាក់ខែគិតទៅ​ ៤សប្តាហ៍បាន​ ៨០ដុល្លារ ក្នុង​ ១ខែ ​គឺ​មាន​តែ​តួលេខ​ទេ, ដូច​នេះ ត្រូវ​សន្សំ​រង់ចាំ​អោយ​គ្រប់​ ៣០០​ដុល្លារ ទើបក្រុម​ហ៊ុន​បង្វិល​ចូល​ក្នុង​គណនី​របស់​ខ្លួន។

ដោយ​ហេតុនេះ ទើប​អតិថិជន​ភាគ​ច្រើន ជ្រើស​រើស​យក​​ការ​បង់​ប្រាក់​ប្រភេទ​កញ្ចប់​ធំ ដែល​មើល​ទៅ​ឃើញ​ចំណេញ​ច្រើន​ជាង ​ព្រោះ​ថា ពេល​បង់​ប្រាក់​អោយ​គេ​ពី​ដំបូង​អស់​តែ​ ១,៤២៥​ដុល្លារ, ដល់​បាន​ប្រាក់​ខែ​មក​វិញ ១០០ដុល្លារ/១សប្តាហ៍ x ៥២សប្តាហ៍ = ៥,២០០​ដុល្លារ, គិតទៅ ១ឆ្នាំ​ចំណេញ​ដល់​ទៅ ៣,៧៧៥​ដុល្លារ​ ងាយៗ..!!..

សំរាប់​បុគ្គលមាន​ចិត្ត​លោភ​លន់​, នៅ​ពេល​ដែល​ខែទីមួយ ខែទីពីរដំបូងៗ បើក​លុយ​បាន​ច្រើន​ស្រួលៗ​​ គឺ​ច្បាស់​ជា​បែក​គំនិត ប្រមូល​លុយ​យក​មក​ចុះ​ឈ្មោះ​​ជា​សមាជិក​អោយ​បាន​ច្រើន​ទៅ​តាម​ធនធាន​មាន ដែល​ខ្លះ មាន​ពី​ប្រាំ ទៅ​ដប់​គណនី​តែ​ម្នាក់​ឯង។ ឧបមាថា បើ​ម្នាក់​មាន ១០គណនី គឹ​ត្រូវ​បង់​ប្រាក់​កញ្ចប់​ធំ​អស់ ១៤,២៥០​ដុល្លារ, ពេល​ដាច់​ឆ្នាំ នឹង​ចំណេញ​បាន​ប្រាក់ ៣៧,៧៥០​ដុល្លារ ងាយៗ… ដល់​ឥឡូវ ចប់..!!..??..​

​ក្រុមហ៊ុនជើងមេឃ ដែលមាន​តំណាង​នៅ​ស្រុក​ខ្មែរ ជាក្មេងៗ មុខចិនៗ…

តាម​រយៈ​គេហទំព័រ​ TelexFree Cambodia បាន​អោយ​ដឹង​ថា ក្រុមហ៊ុនមួយ​នេះ ពេល​បង្កើត​ដំបូង​នៅ​អាមេរិក, បន្ទាប់​មក​ ក៏​ទៅ​បើក​ការ​រកស៊ី​នៅ​ប្រេស៊ីល…។ ដល់​កាក់កប​នៅ​ប្រេស៊ីល, ឥឡូវ​ក៏​ធ្លាយ​មក​ដល់​ស្រុកខ្មែរ​​យើង​តែ​ម្តង។

តាម​រយៈ​គេហទំព័រ​ ដដែល​ខាង​លើ​, ក្រុមហ៊ុន​ជើង​មេឃ​មួយ​នេះ មិន​មាន​បើក​ទីស្នាក់​ការនៅ​​ស្រុក​យើង​ទេ, គឺឃើញ​តែ​តំណាង​ជា​ក្មេងៗ​ មុខចិនៗ បីរូប​ ដាក់​លេខ​ទូរស័ព្ទ​អោយ​ទាក់​ទង។ ឥឡូវ​ដល់​មាន​បញ្ហា ទូរស័ព្ទចូល​ លែងមាន​អ្នក​​លើក​ហើយ…។

ក្បាច់ដែលៗ… គឺក្បាច់ «​ពស់លេបកន្ទុយ​ខ្លួន​ឯង!»…

នេះ​ជា​ករណី «ពស់លេបកន្ទុយ​ខ្លួន​ឯង!» ដែល​កុំថា​ឡើយ​តែ​ស្រុក​យើង​, ទោះ​នៅ​ស្រុក​គេ​ជា​ប្រទេស​ជឿន​លឿន ក៏មាន​អ្នក​រងគ្រោះ​ពី​ករណី​ឆោត​ល្ងង់​​ខាង​លើ​នេះ​ដែរ។ ពស់​លេប​កន្ទុយ​ខ្លួន​ឯង មាន​ន័យ​ថា «យក​ប្រាក់​របស់​យើង យក​មក​បើក​អោយ​យើង​… យក​ប្រាក់​របស់​អតិថិជន​ថ្មី យក​ទៅបើក​អោយ​អតិថិជន​ចាស់…» វា​ដូច​គ្នា​នឹង​ពស់ ដែល​កំពុង​ខាំ​លេប​កន្ទុយ​ខ្លួន​ឯង​ស៊ី​អញ្ចឹង​ដែរ… ដល់​ស៊ី​ខ្លួន​ឯង​មួយ​សន្ទុះ​ទៅ អស់​អាលីង​ឆិញ ដូច​គ្នា​នឹងករណី​អតិថិជន​​ TelexFree នេះ​ ជា​ឧទាហរណ៍​ស្រាប់…។

កំហុស​អ្នកណា?…

ករណី​អតិថិជន​ដែល​បន្លែងលេងជា​មួយ TelexFree នៅ​មិន​ទាន់​ចេញ​លទ្ធផល​ច្បាស់​ការណ៍​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​​អ្នក​ដែល​នឹង​ត្រូវ​ខាត​បង់​ តែង​ខ្មាស់​គេ និង​​មាន​ការ​លាក់​លៀម​មិន​ហ៊ាន​បញ្ចេញ​តួលេខពិត​ប្រាកដ​ទេ។ ប្រសិន​បើ​ចង់​ប្តឹង​ផ្តល់ ក៏​មិន​ដឹង​ជា​ទៅ​ប្តឹង​នៅ​ក្រហែង​មេឃ​ណា​ដែរ… ព្រោះ​ឯកសារ​ ទូទាត់​លាត់​សើយ​គ្នា មាន​នៅ​តែ​ក្នុង​វ៉ិបសៃ​​ TelexFree ។ ដល់ TelexFree បើក​លែង​ចេញ គឺចប់..!!..

បើ​សួរ​ថា នេះ​ជា​កំហុស​អ្នកណា?.. នោះអ្នក​រង​គ្រោះ គួរ​បន្ទោស​ខ្លួនឯង​ ដែល​មាន​ភាព​ឆោតល្ងង់ ក្នុង​ការ​ប្រថុយ​ប្រថាន​​បោះ​ទុន​រកស៊ី​នៅ​លើ​​បណ្តាញ​បច្ចេកវិទ្យា​ព័ត៌មាន​​សម័យ​ទំនើប, ទើបប្រហែល​ជា​សម​ទំនង​ជាង…។

ទោះជា​យ៉ាង​ណា ស្ថាប័នជាតិ​ដែល​គ្រប់​គ្រងលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន គួរ​តែ​មាន​ការ​ត្រួត​ពិនិត្យ តាមដាន​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ខុស​ប្រក្រតីតាម​រយៈ​គេហទំព័រ​នានា ហើយ​បើ​មាន​ការ​សង្ស័យ គឺ​ត្រូវ​ផ្សព្វ​ផ្សាយ​​អោយ​បាន​ទូលំទូលាយ​ដល់​អ្នក​ប្រើ​ប្រាស់ ក៏​ដូច​ជា​សាធារណជន​ទូទៅ ​អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន ឬ​បើ​មិន​អញ្ចឹង​ទេ ​​គឺ​បិទ​គេហទំព័រ​ចង្រៃ​​នោះ​ចោល​តែ​ម្តង ដើម្បី​​អោយវា​ចប់​រឿង..!!..

ស្រុកស្រែ

Advertisements

28 responses to ““វិធីរកលុយងាយៗ” ​ត្រឡប់​​ទៅ​ជា​​ “វិធីបោកលុយ​ងាយៗ” ​វិញហើយ…

  1. Cambodian people need to have more education on investment and trading so they can investment and trade more safely.

  2. ខ្ញុំប៊ិះតែនឹងលេងជាមួយ សំណាងខ្ញុំហើយដែលដឹងពីមុខមាត់អាក្រក់របស់វាបាត់។

  3. ចង់បានលុយច្រើនទេ? បើចង់ សូមចុះឈ្មោះជាមួយនឹង រឡិរឡាក់ហ្វី្រ
    ខ្ញុំនិយាយច្រើនដងហើយ តែគ្មានអ្នកជឿ ពេលនេះឲ្យបានយំប៉ុន្មានពាន់ប៉ុន្មានម៉ឺននាក់ហ្នឹងចុះ 🙂

  4. នៅ​មាន​អ្នក​ឆ្លាត​ៗ​មួយ​ចំនួន​នៅ​តែគិត​ថា Marketing network មិន​បោក​ប្រាស់

  5. ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ដែរអា​រឿង​រកស៊ី​លក្ខណៈ​បណ្ដាញ​ដូចនេះ… គេ​ធ្លាប់​អូសទាញ ប៉ុន្តែ​ខ្ញុំ​បាន​យល់​ច្បាស់​ណាស់​ថា គេ​គង់​តែ​នឹង​ស៊ី​យើង ហើយ​យើង​នឹង​ចាញ់​បោក​គេ អ៊ីចឹង​ហើយ​ទើប​កាល​នោះ ខ្ញុំ​មិន​ព្រម​ចុះ​ឈ្មោះ​ចូល។ កុំអី ស្ញេញ ហាហាហា 😆

  6. ពួកនេះបើសិនជា Telexfree មកវិញ និងរឹងមាំជាងមុនតើធ្វើមុខយ៉ាងម៉េច។
    ព្រោះតុលាការអាមេរិក អះអាងថា TelexFree មិនបានធ្វើការបោកប្រាស់ទេ។

    • នៅ​ក្នុង​អត្ថបទ​នេះ មាន​ឃ្លា​មួយ​ដាក់​ថា «នៅ​មិន​ទាន់​ចេញ​លទ្ធផល​ច្បាស់​ការណ៍​យ៉ាង​ណា​នៅ​ឡើយ​ទេ​»។ ដោយហេតុនេះ ខ្ញុំ​គិត​ថា បើ​ក្រុម​ហ៊ុន​មួយ​នេះ មិន​បោក​អ្នក​ស្រុក​ខ្មែរ​ទេ គឺវា​ល្អ​ហើយ..!!.. តែ​ស្ថានភាព​សព្វថ្ងៃ​នេះ ក្តី​សង្ឃឹម​មាន​តិច​តួច​ណាស់…។

  7. បង website owner មុននិងផុសដើរសួរគេអោយច្បាស់សិនទៅបង Telexfree កញ្ចប់ធំ ១៤២៥ដុលា មិនមែន ១០០០ដុលាទេ…

  8. អាមាត់ចង្រៃ! ចេះតែសើចចំអក និង និយាយពាក្យអាក្រក់មើលងាយគេថាគេលោភលន់ គ្មានពាក្យស្ថាបនាសោះ! ឯងល្អជាងគេប៉ុន្មាន?

    • លោកភក្តី ជាទីរាប់អាន!…

      ខ្ញុំ​មិន​បាន​មើល​ងាយ ឬ​សើច​ចំអក​ទៅ​លើ​​នរណា​ម្នាក់​ទេ ក្នុង​រឿង​នេះ, ព្រោះ​ពួកគេ​អាច​ជា​ជន​រង​គ្រោះពី​ការ​ខាត​បង់ដោយ​សារ​ពាក្យ​ឃោសនា​របស់​ក្រុម​លោក។ ខ្ញុំ​នៅ​ប្រើ​ពាក្យ «អាច​នឹង​ខាតបង់​ប្រាក់» នៅ​ឡើយ​ទេ, មិន​ទាន់​ដាច់​ណាត់​ថា រលាយ​អស់​ទេ។

      សូម​សរសើរ​ដល់​ល្បិច​បោក​ដ៏​កំពូល​របស់​ TelexFree នៅ​ស្រុក​ខ្មែរ ដូច​យ៉ាង​ក្រុម​របស់​លោក​ភក្តី នេះ​ជា​ដើម…។​​

  9. ឯងគ្មានសិទ្ធិសើចចំអកគេទេ ព្រោះគេមិនបានយកលុយឯងមកលេងទេ!

    • ខ្ញុំជំរាប​ម្តង​ទៀត, ​ខ្ញុំមានសិទ្ធិ​សើច​ចំអក និង​បក​អាក្រាតដល់​ក្រុម​បោក​ប្រាស់​ TelexFree នៅ​ស្រុក​ខ្មែរ​យើង។ សំរាប់​អ្នក​រង​គ្រោះ​ពី​ការ​ចាញ់​បោក​នេះ គឺ​ខ្ញុំ​មាន​ចិត្ត​អាណិត​អាសូរ​តែ​ប៉ុណ្ណោះ ព្រោះ​ពួក​គេទាំង​អស់​នោះ ​ជា​ខ្មែរ​ទាំង​សាច់​ទាំងឈាមដូច​ខ្ញុំ​ដែរ…។​

    • តើអ្នកដឹងថាខ្ញុំបោកអ្នកណាខ្លះ? បើមិនដឹងកុំចេះតែថា!

  10. heard that now the software (VOIP) is working normally. and wait until 2 May, the telexfree will work again. (not official news).

    • អរគុណលោកសារ៉ាត… បើ​ពិតមែន, វា​ជា​ដំណឹង​ដ៏ល្អ!… ខ្ញុំ​នឹង​ប្រាប់​បន្ត​ទៅ​អ្នក​ដែល​ខាត​បង់ ដើម្បី​កុំ​អោយ​ពួកគេ​​អស់​សង្ឃឹម​ខ្លាំង​ពេក…។

  11. sa ey ke te haa, a na ke nak sor ser artabot nis…! name srok srae man te…? jeng ban jea merl min deng jea vea sor ser sa ey tov sa ey te…. min jong tha oy te but pi bak merl pek….! nak tang os knea yol doch nhom ort? so lookdown people…! a srok srae pa yat tech tov vey….! not only me but have a lot of people hate u….!

    • លោក Popstarboy ជា​ទីរាប់​អាន!…

      អធ្រាស្រ័យផងលោក, ដោយសារ​លោកជាខ្មែរ, និង​កំពុង​រស់​នៅ​ស្រុក​ខ្មែរ​ស្រាប់, លោក​អាច​កុំ​សរសេរ​ឡាតាំង-ខ្មែរ នៅ​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​ខ្ញុំ​នេះ​ បានអត់?… ព្រោះ​ថា​ តាំង​ពី​ពេល​បង្កើត​វា​មក ខ្ញុំ​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្រើ​ជា​ខេមរភាសា ជាប់​រហូត​មក…។ ម្យ៉ាង​ទៀត ជា​ទស្សនៈ​ខ្ញុំផ្ទាល់ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​សរសេរ​ខ្មែរ​បែប​នេះ​ទេ…។

      នៅ​ក្នុង​យោបល់​របស់​លោក, ដោយសារ​តែ​ពិបាក​អាន, តែ​ខ្ញុំ​យល់​ន័យ​បាន​ខ្លះ…. សូម​ជំរាប​លោក​ថា អត្ថបទ​ខ្ញុំ​ មិន​បាន​មើល​ងាយ​ជនជាតិ​ខ្មែរយើង​ទេ គឺ​ក្រុម​បោក​ប្រាស់​ទេ ដែល​មើល​ងាយ​ជនជាតិ​ខ្មែរ​យើង​នោះ។ លោក​ខឹង​ខ្ញុំ​ដល់​ថ្នាក់​ទ្រាំ​លែង​បាន រហូត​ដល់​​​និយាយ​គំរាម​ខ្ញុំ​ទៀត តាម​តែ​ចិត្ត​លោក​ចុះ…។ លោក​ថា មាន​មនុស្ស​ជា​ច្រើន​ស្អប់​ខ្ញុំ, តែ​នៅ​ក្នុង​ជំរៅ​ចិត្តនៃ​​អ្នក​រងគ្រោះ​ពី​ការ​ខាត​បង់​, តើរវាង​ខ្ញុំ និង​ក្រុម​បោកប្រាស់ ពួកគេ​ស្អប់​នរណា​ខ្លាំង​ជាង?…

  12. ខ្ញុំអាណិតតែអ្នកធ្វើការជាមួយ ប្រពន្ធគាត់ទៅចូលនឹងគេពីរបីហ៊ុន ខ្ញុំប្រាប់ឱយដកចេញវិញមក គាត់ថាចាំពីរបីខែទៀត ឥឡូវនេះ គាត់ធ្វើការលែងកើតទៀតហើយ គឺអង្គុយជ្រប់តែម្តង។

    ក្រុមហ៊ុននេះត្រូវបានចាត់ទុកថាបន្លំនៅប្រេស៊ីលហើយ អាចមកបន្លំបើកនៅអាមេរិចទៀត? មាននរណាដែលគិតដែរទេថា សព្វថ្ងៃមានប៉ុន្មានភាគរយ ប្រើទូរស័ព្ទតាម VoIP ទៀត?

    • នៅកន្លែងខ្ញុំ មាន​ជាងដប់នាក់​ដែរ ដែល​ខាតបង់ ហើយ​ក៏​មិន​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ។ ប្រសិន​បើ​គេ​ដំណើរ​ការ​ឡើង​វិញ នោះ​ខ្ញុំ​មាន​តែ​ជួយ​អរ…។ តែ​ជាក់​ស្តែង​សព្វ​ថ្ងៃ​នេះ ពួកគេ​លែង​មាន​អារម្មណ៍ ធ្វើ​ការ​ងារ​ទៀត​ហើយ។ អ្នក​ខ្លះ​ហ៊ាន​រហូត​ដល់​ដាក់​ប្លង់​ផ្ទះ​បញ្ចាំ​ក្នុង​ធនាគារ ដើម្បី​យក​ប្រាក់​ទៅ​ដាក់​អនឡាញ​ជា​មួយ​ក្រុម​ហ៊ុន​ជើង​មេឃ​មួយ​នេះ។ ប្រសិន​បើ​មាន​ការ​ខាតបង់​ពិតមែន តើ​គ្រួសារ​ពួកគេ​នឹង​ត្រូវ​កើត​មាន​បញ្ហា​អ្វី​ខ្លះ នៅ​ពេល​ខាង​មុខ?…

      តាម​ពិត​ទៅ ពួកគេ​បាន​បបួល​ខ្ញុំ​ចូល​លេង​ដែរ, តែ​ខ្ញុំមិនត្រឹម​មិនព្រម​ទេ គឺថែម​ទាំង​បាន​ពន្យល់​ ​ហាម​ឃាត់​ពួក​ខ្លាំង​ណាស់ កុំ​អោយ​លូក… ហើយ​​ថែម​ទាំង​បង្ខំ​អោយ​ពួកគេ ដក​ប្រាក់​យក​មក​វិញ​​ទៀត​ផង។ តែ​ពួកគេ​ បាន​ដាក់​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ក្រុម​ហ៊ុន​​ជើង​មេឃ​មួយនេះ។ ដោយហេតុ​នេះ​ហើយ ទើប​ខ្ញុំ​យល់​ថា ពួកគេ​មាន​ចិត្ត «លោភលន់!» ដែល​នេះ​ជា​រឿង​ធម្មតា​នៃ​តណ្ហា​សត្វ​លោក។

      គិតសព្វៗ​ទៅ, ទាំងអ្នក​រងគ្រោះ ទាំង​អ្នក​តំណាង​នៅ​ស្រុក​ខ្មែរ គឺសុទ្ធ​តែ​ជា​ខ្មែរ ហើយ​ជា​អ្នក​ចាញ់​បោក​គេ​ទាំង​អស់គ្នា។ ឯ​អ្នក​ចំណេញ គឺ​ម្ចាស់​វា​នៅ​ស្រុក​អាមេរិក ឯ​ណោះ​ទេ…។ ​

  13. Please read your contents again whether you look down others or not! This is how you judge others? Bad guy!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s