វិចិត្រសាល

ច្រាំង​ក្បាលទន្លេបាសាក់, ខាង​អ្នក​​អន្ទ្រើស​​​«ដុះដី!» ​​ខាង​​​អ្នក​តូចតាច​​«បាក់​ច្រាំង!»…


ដោយសារ​ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​ខាង​ជលវិទ្យា ស្ទឹង ទន្លេ​ បឹង​បួរ​អីទេ… ហេតុនេះ អ្វី​ដែល​ខ្ញុំ​លើក​ឡើង​​ក្នុង​ប្រកាស​មួយ​នេះ គឺ​គ្រាន់​តែ​ជា​ការ​កត់​សំគាល់ ឬតាម​ការ​ចំណាំ​របស់​ខ្ញុំ,​ ក៏ព្រោះ​​តែ​ខ្ញុំធ្លាប់​​រស់​នៅ​ជាប់​ដង​ទន្លេ​​តែ​ប៉ុណ្ណោះ…។

ក្បាល​ទន្លេ​បាសាក់ បាន​បែក​ចេញ​ពី​ទន្លេ​មេគង្គ​ក្រោម ស្ថិត​នៅ​ចំ​ទល់​មុខ​ក្លិប​វាយ​កូនគោល​អេលីត (Elite Golf Club) របស់​កោះពេជ្របច្ចុប្បន្ន។ ជា​ធម្មជាតិ​នៃ​ដង​ទន្លេ គឺ «​ទំហំ» ​របស់​វា​មិន​សូវ​មាន​ការ​ប្រែ​ប្រួល​ប៉ុន្មាន​ទេ, ប្រសិន​បើ​គ្មាន​អ្វី​មក​ធ្វើ​អោយ​មាន​ការ​ប្រែ​ប្រួល​ចរន្ត​ទឹក​ហូរ​នា​រដូវ​វស្សា​ទេ​នោះ។ តែ​បើ​មាន​ការ​ប្រែ​ប្រួល​ចរន្ត​ទឹក​ហូរ​ក្នុង​រដូវ​វស្សា​​វិញ, នោះ​ «រាង​រៅ» ​នៃ​​ដង​ទន្លេ​ច្បាស់​ជា​ប្រែប្រួល ដោយសារ​តែ​ការ​បាក់​ច្រាំង​ទន្លេ​​នេះ​ឯង… ហើយ​ជា​ទូទៅ, បើ​សិន​​​​ម្ខាង «​បាក់ច្រាំង» ម្ខាង​ទៀត​ច្បាស់​ជា​ «ដុះដី» ​។ នៅ​ពេល​ដែល​ចរន្ត​ទឹក​ហូរ​លែង​ប្រែប្រួល, ការបាក់​ច្រាំង និង​ការ​ដុះ​ដី ក៏នឹង​លែង​កើត​​មាន​​ឡើង​ទៀត​ដែរ។ នេះ​ជា​ការ​វិវត្តន៍​របស់​ធម្មជាតិ..!!..

ដោយ​ហេតុ​នេះ​ហើយ បាន​ជា​យើង​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​កោះ​ពេជ្រស្ថិត​ក្នុង​អំឡុង​ពេលអ៊ែន​ខ្លួន រីក​ទៅ​​ប៉ែក​ខាង​កើត​ចូលផ្ទៃ​ទន្លេ​បាសាក់, ចរន្ត​ទឹក​បាន​ងាក​ទៅ​បុក​​ចំ​ច្រាំង​ម្ខាង​ទល់​មុខ​នោះ បណ្តាល​អោយ​មាន​ការ​បាក់ដី​ច្រាំង​រហូត​មក។

ពិនិត្យ​មើល​ស្លាក​ស្នាម​នៃ​​ការ​បាក់​ច្រាំងខាង​កើត​ក្បាល​​ទន្លេ​បាសាក់ ដែល​នាំ​​​អោយ​កើត​ចេញ​​កោះ​ពេជ្រ​ គឺ​មាន​ចាប់​ពី​ម្តុំ​ហៅថា​ “ច្រាំងបាក់” (កន្លែង​ខ្ញុំ​ឈរថត ) ចំភាគ​ខាង​ជើង​ច្បារ​អំពៅ ឡើង​រហូត​ទៅ​ដល់​ភាគ​ខាងលើ “ក្បាលជ្រោយ” (កន្លែង​ខ្ញុំ​ឈរ​​ថតដែរ) ដែល​ជា​ចំណុច​ប្រសព្វ​នៃ​ដង​ទន្លេ​មេគង្គ​ក្រោម។ បច្ចុប្បន្ន​ នៅ​ចំ​ខាង​មុខ​ចំណុច​ប្រសព្វ​នេះ ឃើញ​មាន​ការណូត និង​សាឡង់​បូម​ខ្សាច់​ជា​ច្រើន​គ្រឿង កំពុង​តែ​ «វ៉ៃសំរុក» បូម​ខ្សាច់​សំបើម​ណាស់។ សកម្មភាព​បូម​ខ្សាច់​បែប​នេះ បើ​ទោះ​ជា​ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​ខាង​ដង​ទន្លេ​ក៏​ដោយ ក៏​ខ្ញុំ​អាច​ទស្សន៍​ទាយ​បាន​ថា ​​ការ​បាក់​ដី​ច្រាំង​​ម្តុំ​ចំណុចក្បាល​ជ្រោយនៃ​ដង​ទន្លេរ​មេគង្គ​ក្រោម​ ច្បាស់​ជា​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ ហើយដំណាល​គ្នា​នេះ ច្រាំង​ទន្លេ​ក្នុង​ភូមិសាស្រ្ត​អរីយក្សត្រ ស្រុក​ល្វាឯម ច្បាស់​ជា​ដុះដី…។

ដោយឡែក​ច្រាំង​ខាង​កើត​ទន្លេ​បាសាក់ ប្រហែល​ជា​លែង​បាក់ដី​ទៀត​ហើយ ដោយ​សារ​​កោះពេជ្រ​ បាន​ស្ថាបនា​ច្រាំង​ទន្លេ​លែង​អោយ​រីក​ទៅ​ខាង​កើត​ទៀត, ហើយ​បើ​វា​នៅ​តែ​​បន្ត​ដុះដី នោះ​អ្នក​ជំនាញ​អាច​នឹង​បូម​ដី​ដុះ​នោះ ដើម្បី​បើក​មុខ​ទឹក​បញ្ជៀស​ពី​ការ​បាក់​ច្រាំង​ម្ខាង​ទៀត​បាន។ ទោះជា​យ៉ាង​ណា កោះពេជ្រ​បានកើត​​ចេញជា​​រូបរាង​តាម​ការ​ចង់​បាន​របស់​ម្ចាស់​វា​រួច​ហើយ…​ ម្ចាស់​វា​ជា​ «អ្នក​អន្រ្ទើស», ឯ​អ្នករួម​គ្នា​បរិច្ចាគ​ដី​​​​​ភូមិករ ផ្ទះ​សំបែង ដើម្បី​អោយ​កោះ​ពេជ្រ​មាន​ទំហំធំ​​ប៉ុណ្ណេះ, អ្នក​ទាំង​នោះ​ភាគ​ច្រើន​ជា​ «រាស្រ្ត​តូចតាច» នេះឯង..!!..

និយាយ​ដល់​ដង​ទន្លេ​បាសាក់​, ខ្ញុំ​មាន​អនុស្សាវរីយ៍​ដិតជ្រៅ មិន​អាច​បំភ្លេច​បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ទីតាំង​ត្រង់​ចំណុច​កំពង់ចំឡងចុងកោះ​ខ្សាច់​ទន្លា​ បច្ចុប្បន្ន គឺ​នៅ​តែ​ជា​កន្លែង​អោយ​ខ្ញុំ​នឹក​ទៅ​ដល់​ជីវិត​កុមារភាព​របស់​ខ្ញុំ​ក្នុង​របប​ខ្មែរ​ក្រហមជាប់​រហូត…។ គឺកន្លែង​នេះ​ហើយ ដែលខ្ញុំ​​ជិះទូក​ចែវពីការដ្ឋាន​ក្រាំងយ៉ូវ ឆ្លងទៅ​ខ្ពប ក្នុង​រដូវ​ទឹក​ឡើង​ឆ្នាំ១៩៧៧… គឺ​ក្រោយ​ពេល​ឈ្លប​​ខ្មែរក្រហម ចាប់​ឪពុក​ខ្ញុំ​យក​ទៅ​រៀនសូត្រ​នៅ​មន្ទីរ​១៥ កោះថ្មី បាត់​ឈឹង​រហូត​ដល់​សព្វ​ថ្ងៃ..!!.. ​

ស្រុកស្រែ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s