វិចិត្រសាល

កម្ពុជា៖ ការ​ប្រឈម​នឹង​បញ្ហាកាក​សំណល់​នៃ​សង្រ្គាម


កម្ពុជា ជាប្រទេសមួយ​ឈាន​មុខ​គេ ក្នុង​ចំណោម​ប្រទេស​ទាំង​ដប់​នៃ​អាស៊ាន ដែល​មាន​អត្រា​ជន​​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ឬ​កាក​សំណល់​នៃ​សង្រ្គាម​​ច្រើន​ជាង​គេ ។ ​

តាម​​របាយការណ៍​ជា​ផ្លូវ​ការ​របស់​រាជរដ្ឋាភិបាលកម្ពុជា ​​​បានអោយ​ដឹង​ថា គិត​ចាប់តាំង​​ពីឆ្នាំ​១៩៧៩ រហូត​មក​ដល់​​ខែមីនា ឆ្នាំ​២០១៤ នេះ គ្រាប់​មីន ​និង​គ្រាប់​យុទ្ធភ័ណ្ឌ​​មិន​ទាន់​ផ្ទុះ បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ចំនួន ១៩.៦៩៣នាក់ និង​​ធ្វើ​អោយ​រង​របួស​ពិការ​ធ្ងន់​ស្រាល​សរុប​​ចំនួន ៤៤.៦៨១​នាក់ ​រួច​មក​ហើយ ។

ទាក់​ទង​នឹង​បBombing in Cambodiaញ្ហាគ្រោះ​ថ្នាក់ ដែល​បណ្តាល​​មក​កាក​សំណល់​នៃ​សង្រ្គាម​​នេះ​ តើ​ប្រវត្តិ​នៃ​ការ​កកើត​អោយ​មាន​គ្រាប់​មីន និង​គ្រាប់​​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង មាន​ចាប់​តាំង​ពី​ពេល​ណា​មក? ហើយ​តើកម្ពុជា​យើង ​​ដោះ​ស្រាយ​ដោយ​របៀប​ម៉េច ជា​មួយ​នឹង​បញ្ហា​​កាក​សំណល់​នៃ​សង្រ្គាម​នេះ? និង​ថា តើ​ពេល​ណាទៅ​​​ទើប​ប្រជាពល​រដ្ឋ​​​​កម្ពុជា​យើង ​លែង​មាន​គ្រោះ​គំរាម​កំហែង​​​​ដោយ​សារ​​គ្រាប់​មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​​​មិន​ទាន់​ផ្ទុះ​តទៅ​ទៀត?…

ខាង​ក្រោម​នេះ គឺ​ជា​អត្ថបទ​ដក​ស្រង់​ដោយ​​សង្ខេប ទាក់​ទង​នឹង​សំណួរ​ខាង​លើ​ ដោយ​ផ្អែក​តាម​ឯកសារ​ផ្លូវ​ការ​នានា របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ហៅកាត់​ថា ស៊ីម៉ាក់ (CMAC- Cambodian Mine Action Centre)៖

១. ប្រវត្តិ​នៃ​បញ្ហានាំ​អោយ​កើត​មាន​​គ្រាប់​មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះនៅ​ប្រទេស​កម្ពុជា

​​​​ផ្អែក​តាម​ព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្ត ដែល​កម្ពុជា​បាន​ឆ្លង​កាត់ក្នុង​រយៈ​ពេលជាង​កន្លះ​​សតវត្ស​កន្លង​មក​នេះ បញ្ហា​នាំ​អោយ​កើត​មាន​គ្រាប់​មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ឬកាក​សំណល់​នៃ​សង្រ្គាម ត្រូវ​បានបែង​ចែក​ជា​ច្រើន​ដំណាក់​កាលគឺ៖

  • ក្នុង​ទសវត្សរ៍ឆ្នាំ ១៩៤០ គឺជា​អំឡុង​ពេល​នៃ​សង្រ្គាម​លោក​លើក​ទី២។ នៅ​ប្រទេស​កម្ពុជា​ ក៏​បាន​ចាប់​ផ្តើម​ស្គាល់​សង្រ្គាម​សម័យទំនើបជា​លើក​ដំបូង តាម​រយៈ​ការ​ដណ្តើម​គ្នា​ធ្វើ​អាណានិគម​​​រវាង​បារាំង និង​ជប៉ុន​មក​លើ​កម្ពុជា។ លទ្ធផល​នៃ​សង្រ្គាម​នេះ គឺ​បាន​បន្សល់​​ទុក​នូវ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន, ជា​ពិសេស​ គឺ​គ្រាប់​បែក​ធុន​ធ្ងន់ដែល​ទម្លាក់​ពី​លើ​យន្តហោះ មាន​​បន្សល់​ទុក​ក្នុង​ជម្រៅ​ដី​ជ្រៅៗ នៅ​ក្នុងតំបន់​​រាជ​ធានី​ភ្នំពេញ​ ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
  • ក្នុង​ទសវត្សរ៍ឆ្នាំ ១៩៥០ជា​ដំណាក់​កាល​ទាម​ទារ​ឯករាជ្យ​ពី​អាណា​ព្យាបាល​បារាំង និង​បន្ទាប់​មក​ កម្ពុជា​​បាន​ស្ថិត​នៅ​ក្នុង​​សុខ​សន្តិភាពជិត​ពេញ​មួយ​ទសវត្សរ៍​នេះ។ ក៏ប៉ុន្តែ, ក្នុង​ទសវត្សរ៍នេះ កម្ពុជា​ក៏​មាន​បន្សល់​ទុក​នូវ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​​ផ្ទុះ​​ផងដែរ តែ​តិច​តួច​​​ទេ, បើ​ទោះ​ជា​មាន​ព្រឹត្តិការណ៍​​​ទាម​ទារ​ឯករាជ្យ​​ពី​បារាំង តាម​រយៈ​កង​​យុទ្ធពល “នារី​ក្លាហាន” ព្រម​ទាំង​មាន​​ការ​ពើប​ប្រយុទ្ធ​គ្នា​​ខ្លះៗ រវាង​កងទ័ព​រាជ​រដ្ឋាភិបាល ជា​មួយ​នឹង​​កងទ័ព​ខ្មែរ​សេរី​កាល​ពី​ពេល​នោះ​ក៏​ដោយ។
  • ក្នុង​ទសវត្សរ៍ឆ្នាំ ១៩៦០ ចូល​ដល់​ដំណាក់​កាល​សង្រ្គាម​ឥណ្ឌូចិន រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ទាំង​បីគឺ កម្ពុជា វៀតណាម និងឡាវ ។ ក្នុង​អំឡុង​ភ្លើង​សង្រ្គាមនេះ កម្ពុជា​បាន​ទទួល​រង​នូវគ្រាប់​បែក​ជា​ច្រើន​ពាន់​តោន ដែល​កងទ័ព​​សហរដ្ឋ​អាមេរិក​ បាន​ទម្លាក់​ពី​លើ​យន្តហោះ។ ជា​មួយ​នឹង​គ្រាប់​បែក​ទម្លាក់​​នេះ កម្ពុជា​ក៏​បាន​ចាប់​ផ្តើម​មាន​គ្រាប់​មីនកប់​ក្នុង​ដីដែរ, ហើយទាំង​​គ្រាប់​បែក​ទម្លាក់ និង​ទាំង​គ្រាប់​មីន​កប់​ក្នុង​ដី គឺ​បាន​​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។
  • ក្នុង​ទសវត្សរ៍ឆ្នាំ ១៩៧០ ការ​បន្ត​ទម្លាក់​គ្រាប់​បែកពី​លើ​​យន្ត​ហោះ ដោយ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា និង​ការ​ផ្ទុះ​​សង្រ្គាម​ស៊ីវិល​រវាង​កងទ័ព​សាធារណរដ្ឋ​ខ្មែរ របស់​លោក​សេនាប្រមុខ​ លន់ នល់ ជា​មួយ​នឹង​កងទ័ព​រណសិរ្យ​រួប​រួម​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​​មាន​ឈ្មោះ​ថា “កងទ័ព​រំដោះ” ​​ដឹកនាំ​ដោយ​ក្រុម​លោក ប៉ុល ពត ។ បន្ទាប់​មក គឺ​ជម្លោះប្រដាប់​អាវុធ រវាង​កងទ័ព​កម្ពុជា​ប្រជាធិបតេយ្យ​របស់​​​លោក ប៉ុល ពត នៅ​តាម​ព្រំដែន​ជា​មួយ​នឹង​ប្រទេស​វៀតណាម។ កាក​សំណល់​នៃ​សង្រ្គាម​ពេញ​មួយ​ទសវត្សរ៍​នេះ បាន​ធ្វើ​អោយ​កម្ពុជា​​សំបូរ​ទៅ​ដោយ​គ្រាប់​មិន​ទាន់​ផ្ទុះ និង​គ្រាប់​មីនច្រើន​ប្រភេទ ជា​ពិសេស គឺមីន​ប្រឆាំង​រថក្រោះ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-​វៀតណាម រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
  • ក្នុង​ទសវត្សរ៍ឆ្នាំ ១៩៨០ ជា​ទសវត្សរ៍​នៃ​សង្រ្គាម​ស៊ីវិល​ផ្ទៃក្នុង, បាន​ធ្វើ​អោយ​​កម្ពុជាបន្សល់​ទុក​នូវ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​គ្រាប់​មីន​គ្រប់​ប្រភេទដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ស្ថិត​នៅ​រាយ​ប៉ាយ​ពាស​ពេញ​ដី​នៃ​ខេត្តភាគ​ខាង​លិច​ប្រទេស​កម្ពុជា រហូត​មក​ដល់​បច្ចុប្បន្ន​។
  • ក្នុង​ទសវត្សរ៍ឆ្នាំ ១៩៩០ ការ​បន្ត​​សង្រ្គាម​ស៊ីវិល​ផ្ទៃ​ក្នុង​ រវាង​កងទ័ព​រាជ​រដ្ឋាភិបាល​ ជា​មួយ​នឹង​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​ដែល​នៅ​សេស​សល់។ ក្នុង​សង្រ្គាម​នេះ ក៏​មាន​បន្សល់​ទុក​នូវ​គ្រាប់​មិន​ទាន់​ផ្ទុះ និង​​គ្រាប់​មីន​កប់​ក្នុង​ដី​ដ៏​ច្រើន​ស្អេក​ស្កះ​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។

KR Soldiers

ទីបំផុត​ទៅ, សង្រ្គាម​ស៊ីវិល​កម្ពុជា បាន​បញ្ចប់ជា​ស្ថាពរ​​នៅ​ឆ្នាំ ១៩៩៨ ក្រោម​គោល​នយោបាយ​​ឈ្នះ-ឈ្នះ។

នៅ​មាន​​ជំលោះ​ប្រដាប់​អាវុធ​នៅ​តំបន់​​​ព្រំដែន​​ប្រាសាទ​ព្រះ​វិហារ​ ក្នុង​ឆ្នាំ​២០០៨ គឺ​ ១០ឆ្នាំ​បន្ទាប់ពី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ក្នុង​ស្រុក។ សង្រ្គាម​ជា​មួយ​ប្រទេស​ក្បែរ​ខាង​មួយ​នេះ​ ក៏​បាន​បង្ក​អោយ​មាន​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ រួម​ទាំង​គ្រាប់​បែក​ចង្កោម​ផងដែរ ​ដែល​ប្រើ​ប្រាស់​ដោយ​កងទ័ព​ថៃ បាន​បន្ថែម​នូវ​​កាក​សំណល់​​សង្រ្គាម​ដែល​មាន​ស្រាប់ អោយ​រឹត​តែ​កើន​ចំនួន​​ច្រើន​ឡើង​ថែម​ទៀត។

ផ្អែក​តាម​ទិន្នន័យនៃ​កាលបរិច្ឆេទ​​ខាង​លើ គេ​អាចបែងចែក​តំបន់​កាក​សំណល់​នៃ​សង្រ្គាម​ក្នុង​ប្រទេស​កម្ពុជា ជាពីរផ្នែកគឺ៖ ភាគ​ខាងកើត​នៃ​ប្រទេស​ ឬផ្ទៃ​ដី​​ដែល​ស្ថិត​នៅ​ប៉ែកខាង​កើត​ទន្លេ​មេគង្គ ជា​តំបន់​មាន​បន្សល់​ទុក​នូវ “​គ្រាប់​បែក”​ ទម្លាក់ពី​លើ​យន្ត​ហោះ, រីឯ​ភាគ​ខាង​លិចនៃប្រទេស ឬផ្ទៃដី​ប៉ែក​ខាង​​លិច​ទន្លេ​មេគង្គ ជា​តំបន់​ដែល​បន្សល់​ទុក​ដោយ “​គ្រាប់​មីន” ។

ផែនទីប្រទេសកម្ពុជា បង្ហាញពីភាគខាងកើតសម្បូរដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះ និងភាគខាងលិចសម្បូរដោយគ្រាប់មីនកប់ក្នុងដី...

ផែនទីប្រទេសកម្ពុជា បង្ហាញពីភាគខាងកើតសំបូរដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះ និងភាគខាងលិចសំបូរដោយគ្រាប់មីនកប់ក្នុងដី…

យន្តហោះទំលាក់​គ្រាប់បែក

យន្តហោះទំលាក់​គ្រាប់បែកធុន B52 របស់​ទ័ព​អាកាស​អាមេរិក ដែល​បាន​ទំលាក់​នៅ​ភាគ​ខាង​កើត​ប្រទេស និង​ទិដ្ឋភាព​វិនាសកម្ម​នៃ​ភ្នក់ភ្លើង​សង្រ្គាម…

ព៌ណក្រហមជាចំណុចគ្រាប់បែកទម្លាក់ពីលើយន្តហោះដោយទ័ពអាកាសសហរដ្ឋអាមេរិក ពីចន្លោះឆ្នាំ១៩៦៥-១៩៧៣

ព៌ណក្រហមជាចំណុចគ្រាប់បែកទម្លាក់ពីលើយន្តហោះដោយទ័ពអាកាសសហរដ្ឋអាមេរិក ពីចន្លោះឆ្នាំ១៩៦៥-១៩៧៣

២. ការ​បែង​ចែក​ប្រភេទ​កាក​សំណល់​នៃ​សង្រ្គាម

កាកសំណល់​នៃ​សង្រ្គាមក្នុង​ប្រទេស​កម្ពុជា ត្រូវ​បានក្រុម​​អ្នក​ជំនាញខាង​គ្រាប់ ធ្វើ​ការ​បែង​ចែក​ជា​បី​ប្រភេទ៖

  • ទី១៖ គ្រាប់​រំសេវ​គ្រប់​ប្រភេទ ដែល​បន្សល់​ទុក​ក្នុង​ពេល​សង្រ្គាម ហៅ​កាត់​ថា ERW (Explosive Remnants of War) ដោយ​រាប់​បញ្ចូល​នូវ​គ្រាប់​បែក​ទម្លាក់​(Bombs), ឃ្លាំង​ស្តុក​គ្រាប់រំសេវ​(Stockpiles), ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ហៅកាត់​ថា UXO ​(Unexploded Ordinance), គំនរ​គ្រាប់​បន្សល់​ទុក​នៅ​លើ​ទីលាន​ប្រយុទ្ធ​គ្នា ហៅកាត់ថា AXO (Abandon Unexploded Ordinance) ​​ហើយ​នៅ​ក្នុង AXO នោះ​រួមមាន គ្រឿង​ផ្ទុះ​​​កែច្នៃ ហៅកាត់ថា IED (Improvised Explosive Devices) ព្រម​ទាំង​​អាវុធ​គីមី​ផងដែរ (Chemical Devices) ។
  • ទី២៖ គ្រាប់មីនកប់​ក្នុង​ដី​(Landmines) រួមមាន​ពីរប្រភេទ គឺគ្រាប់​មីន​ប្រឆាំង​មនុស្ស​(Anti Personnel Landmines) និង​គ្រាប់​មីនប្រឆាំង​រថក្រោះ​(Anti Tank Landmines) ។
  • ទី៣៖ គ្រាប់បែក​ចង្កោម​(Cluster Munitions), ជាប្រភេទ​គ្រាប់​បែក​ដែល​បន្សល់​ទុកក្នុង​សម័យ​សង្រ្គាម​ឥណ្ឌូចិន ដោយ​​​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​(USA Cluster Munitions)​ និង​គ្រាប់​បែក​ដែល​បន្សល់​ទុក​ដោយ​កងទ័ព​ថៃ​(Thailand Cluster Munitions) នៅ​ក្នុង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​កាល​ពី​ពេល​ថ្មីៗ​នេះ។
គ្រាប់បែកចង្កោមរបស់​អាមេរិក (ឆ្វេង) និង​គ្រាប់បែកចង្កោម​របស់​ថៃនៅតំបន់ប្រសាទ​ព្រះវិហារ (ស្តាំ)

គ្រាប់បែកចង្កោមរបស់​អាមេរិក (ឆ្វេង) និង​​គ្រាប់បែក​ចង្កោម​របស់​ថៃ នៅតំបន់​ជំលោះ​ប្រាសាទ​ព្រះវិហារ (ស្តាំ)

មីនប្រឆាំងរថក្រោះ (ឆ្វេង) និងមីនប្រឆាំងមនុស្ស (ស្តាំ)

មីនប្រឆាំងរថក្រោះ (ឆ្វេង) និងមីនប្រឆាំងមនុស្ស (ស្តាំ)

៣. ស្ថានភាព​កាកសំណល់​​នៃ​សង្រ្គាម ​​នា​ពេល​បច្ចុប្បន្ន

តាម​ការ​រកឃើញ​គ្រាប់​មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះនា​ពេល​កន្លង​មក គេ​អាច​រកឃើញ​​គ្រាប់​ទាំង​នោះ ស្ថិត​នៅ​​បួន​ទីតាំងគឺ៖

  1. ស្ថិតនៅលើដី
  2. ស្ថិតនៅ​ក្រោមដី
  3. ស្ថិតនៅក្រោមទឹក, និង
  4. ស្ថិតនៅក្នុងឃ្លាំងស្តុកទុក

៤. កាលប្បវត្តិសំខាន់ៗ នៃ​ការ​កកើត​សកម្មភាព​បោសសំអាតមីន នៅ​ប្រទេស​កម្ពុជា

          ឆ្នាំ១៩៩១

  • ខែឧសភា ឆ្នាំ​១៩៩១ កិច្ចព្រមព្រៀង​ស្តីពី​បទ​ឈប់​បាញ់គ្នា ត្រូវ​បាន​ចូល​ជា​ធរមាន ។
  • នៅពាក់កណ្តាលឆ្នាំ១៩៩១- ស្នងការជាន់ខ្ពស់​ទទួល​បន្ទុក​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ(UNHCR) បាន​ចាត់​អង្គភាព​បោស​សំអាត​មីន​មួយ​ឈ្មោះថា HALO Trust របស់​ចក្រភព​អង់គ្លេស​ អោយ​ចូល​មក​ស្រាវ​ជ្រាវ​ផ្ទៃ​ដី​ដែល​មាន​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ក្នុង​ខេត្ត​ចំនួន​បួន​​នៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ដល់​ការ​តាំង​ទីលំនៅ​ថ្មី​នៃ​ជន​ភៀស​ខ្លួន​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តន៍ពី​តាម​ជុំរុំនានា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ។
  • ខែតុលា ឆ្នាំ១៩៩១- បន្ទាប់​ពីកិច្ចព្រមព្រៀង​សន្តិភាព​សំរាប់​​ប្រទេស​កម្ពុជា ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​បារីស​ ប្រទេស​បារាំង​រួច​មក, ភ្លាមៗ​នោះ ក្រុមប្រឹក្សា​សន្តិសុខ​របស់​​អង្គការ​សហប្រជាជាតិ បាន​ចាត់​បញ្ជូនក្រុម​បេសកកម្ម​នាំ​មុខ​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា UNAMIC (United Nations Advance Mission in Cambodia) អោយ​ចូល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា ជា​បន្ទាន់​ភ្លាមៗ​ផងដែរ។
  • ខែវិច្ឆិកា ឆ្នាំ១៩៩១- ការមកដល់​នៃកង​​ទាហាន​មួក​ខៀវរបស់​អង្គការ​សហប្រជាជាតិ ហៅ​ថា UNAMIC ។

          ឆ្នាំ១៩៩២

  • ខែមករា ឆ្នាំ១៩៩២- ក្រុមប្រឹក្សា​សន្តិសុខ​របស់​​អង្គការ​សហប្រជាជាតិ បាន​តម្រូវ​អោយ​​​អាណត្តិ​នៃ​ក្រុម UNAMIC រៀប​ចំ​ផែនការ​បោសសំអាត​មីន ដោយ​ចាប់​ផ្តើម​ពី​ការ​ហ្វឹក​ហ្វឺន​ជនជាតិ​កម្ពុជា​អោយ​មាន​ជំនាញ​លើ​ការ​បោសសំអាត​មីន ។
  • ខែមីនា ឆ្នាំ១៩៩២ ការបញ្ចប់​អាណត្តិ UNAMIC និង​ការមក​ដល់​នៃ​មេបញ្ជាការកង​កម្លាំង​អាជ្ញាធរ​បណ្តោះ​អាសន្នរបស់​អង្គការ​សហប្រជាជាតិ​​ប្រចាំ​​ប្រទេស​កម្ពុជា ហៅ​កាត់​ថា UNTAC (United Nations Transitional Authority in Cambodia)។ ក្នុង​ពេល​ជា​មួយ​គ្នានេះ ជនភៀស​ខ្លួន​ខ្មែរចំនួន ៣៦០.០០០នាក់ បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​តាម​ជុំរុំ​នានា​ នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ចូល​មក​ក្នុង​ប្រទេស​វិញ ។
  • ខែមេសា ឆ្នាំ១៩៩២ កងទ័ព UNTAC បាន​ទទួល​ភារៈ​បន្ត​ពី​ UNAMIC លើ​ការងារ​​ហ្វឹក​ហ្វឺន និង​​​បោសសំអាត​មីន ហើយ​បាន​បង្កើត​អង្គភាព​មួយ​មាន​ឈ្មោះថា អង្គភាព​​ហ្វឹកហ្វឺន​បោស​សំអាត​​មីន ហៅកាត់ថា MCTU (Mine Clearing Training Unit) ដែល​មាន​ទីតាំង​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។
  • ឆ្នាំ១៩៩២ អង្គការអន្តរជាតិ​នានា​ដែល​មាន​ជំនាញ​ខាង​ការ​​បោស​សំអាត​​មីន​ បាន​ចាប់​ផ្តើម​ចូល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​អង្គការ​ HALO Trust, MAG (Mine Advisory Group), NPA (Norwegian People’s Aid) ហើយ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) ក៏​បាន​ចាប់​ផ្តើម​​ជួយ​គាំ​ទ្រ​ដល់​អង្គការ MAG ទៅ​លើ​សកម្មភាព​​ការ​អប់រំផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​មីន(Mine Awareness Activities) នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​សៀមរាប។
  • ខែមិថុនា ឆ្នាំ១៩៩២ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ហៅកាត់​ថា ស៊ីម៉ាក់ (CMAC- Cambodian Mine Action Centre) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា SNC (Cambodia’s Supreme National Council) ។
  • ខែកក្កដា ឆ្នាំ១៩៩២ អង្គការ​សហប្រជាជាតិ បាន​ស្នើ​សុំ​បញ្ជូនក្រុម​បេសកកម្ម​ស្រាវជ្រាវ​មួយ ដើម្បី​ប្រមើល​មើល​ពី​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាពដ៏​ពេញ​លេញ​មួយ​ក្នុង​ប្រទេស​កម្ពុជា ។ ទន្ទឹម​នឹង​នេះ អង្គការ​ជនពិការ​អន្តរជាតិ ហៅកាត់​ថា HI (Handicap International)បាន​បញ្ជូននូវ​ឧបករណ៍​ សម្ភារៈ​សម្រាប់​​បោសសំអាត​មីន ជូន​ដល់​អង្គភាព MCTU ​ដើម្បី​ត្រៀម​ចេញ​ប្រតិបត្តិការ​ដោះ​មីន ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ NPA ក៏បាន​ជួយ​គាំទ្រដល់​បុគ្គលិក​ដោះមីន​ដែល​ទើប​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​ដោយ MCTU នេះ ដោយ​អោយ​ចាប់​ផ្តើម​បោសសំអាត​មីន ​នៅលើ​ចំការ​មីន​ផ្ទាល់​ក្នុង​​ខេត្តសៀមរាប ជា​លើក​ដំបូង​ ។
  • ខែវិច្ឆិកា ឆ្នាំ១៩៩២ កិច្ចប្រជុំ​លើក​ទី១ នៃក្រុមប្រឹក្សាភិបាល CMAC ។

          ឆ្នាំ១៩៩៣

  • ខែតុលា ឆ្នាំ១៩៩៣មុន​ពេល​បញ្ចប់​អាណត្តិ​របស់​ខ្លួន, ប្រមុខ​ដឹក​នាំ UNTAC បាន​ផ្ញើ​របាយការ​ណ៍​មួយ​ជូន​ទៅ​លោក​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ ដោយ​បាន​ស្នើសុំ​អោយ​​គម្រោង​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ UNDP (United Nations Development Programme) ផ្តល់​នូវ​ការ​គាំ​ទ្រ​ខាង​ផ្នែក​បច្ចេកទេស និងកសាង​នូវ​សមត្ថភាព​ជំនាញ​​ទៅ​ដល់​អង្គភាព​​ CMAC ។
  • ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឧត្តម​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា បាន​សំរេច​បង្កើត​ស្ថាប័ន​ CMAC តាម​រយៈ​ព្រះរាជ​ក្រឹត្យ ដែល​ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ហើយ​ថវិកា​ដែល​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ តាម​រយៈ UN Trust Fund សម្រាប់​កិច្ច​ប្រតិបត្តិការ​បោសសំអាត​មីន​នៅ​ប្រទេស​កម្ពុជា ក៏​បាន​ចាប់​ផ្តើម​តាំង​ពី​ពេល​នោះ​មក ។
  • ខែធ្នូ ឆ្នាំ១៩៩៣ បេសកកម្ម​របស់​ UNTAC ត្រូវ​បាន​បញ្ចប់ ។

          ឆ្នាំ១៩៩៤

  • ខែសីហា ឆ្នាំ១៩៩៤កិច្ចប្រជុំ​ជា​លើក​ដំបូង​នៃ​គណៈកម្មការ​អង្កេត និង​ពិគ្រោះ​យោបល់​​របស់​ CMAC (First CMAC Steering Committee Meeting) បាន​ប្រព្រឹត្ត​ទៅ​នៅ​អគារ​នៃ​ឧត្តម​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ SNC ។

          ឆ្នាំ១៩៩៨

  • ជិតចុង ឆ្នាំ១៩៩៨ការ​រលាយ​អង្គការ​ចាត់​តាំង​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​​របស់​ក្រុម​ឧទ្ទាម​​ខ្មែរ​ក្រហម តាម​រយៈ​នយោបាយ​ឈ្នះ-ឈ្នះ បាន​បង្កើត​អោយ​មាន​សុខ​សន្តិភាព​ពេញ​លេញ​បរិបូណ៌នៅ​កម្ពុជា រហូត​មក​ដល់​បច្ចុប្បន្ន។ចាប់​ពី​ពេល​នោះ​មក ​ការ​បន្ត​ដាក់មីន និង​ការ​ប្រឈម​មុខ​គ្នា​​ដោយ​អាវុធ​នៅ​កម្ពុជា ក៏ត្រូវ​​បាន​បញ្ចប់​ត្រឹម​នេះ។

          ឆ្នាំ២០០០

  • ខែកញ្ញា ឆ្នាំ២០០០ការ​បង្កើត​ជា​ផ្លូវ​ការ​នូវ​អាជ្ញាធរកម្ពុជាគ្រប់​គ្រង​សកម្មភាព​កំចាត់​មីន និង​សង្រ្គោះ​ជនពិការ​ដោយសារ​មីន CMAA (Cambodian Mine Action and Victim Assistance Authority) ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់ពី​នាយក​រដ្ឋ​មន្រ្តី ។
ព្រះករុណា​ព្រះបាទ​​សម្តេច​ព្រះ​នរោត្តម សីហមុនី

ព្រះករុណា​ព្រះបាទសម្តេច​ព្រះ​​​នរោត្តម សីហមុនី កាល​ទ្រង់យាង​ទត​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះនៅ​សាលា​ហ្វឹកហ្វឺន​ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង

៥. គោលការណ៍ច្បាប់ និង​អនុសញ្ញា​អន្តរជាតិ​ ដែល​កម្ពុជា​បាន​ចូល​រួម​​អនុវត្តន៍

  1. អនុសញ្ញា​អន្តរជាតិ ស្តី​ពី​ការ​ហាម​ប្រើ​ប្រាស់​គ្រាប់​មីន- ​ជា​អនុសញ្ញា​ក្រុង​អូតាវ៉ា (Ottawa Convention) ដែល​បាន​ហាម​ឃាត់​ទៅ​​ដល់​រដ្ឋជា​សមាជិក​​ហត្ថលេខី​ទាំង​អស់​ ក្នុង​ការ​ប្រើ​ប្រាស់, ការ​ស្តុក​ទុក, ការផលិត និង​ការ​ដឹក​ជញ្ជូន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​(Anti-Personnel Mines) និង​ការ​កំទេច​ចោល​គ្រាប់​មីន​ទាំងអស់​នោះ។ នេះ​ជា​សន្ធិសញ្ញា​អន្តរជាតិ ដែល​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ១៩៩៧ នៅ​ទី​ក្រុង​អូតាវ៉ា ប្រទេស​កាណាដា ហើយ​រដ្ឋ​សភា​ជាតិ​​កម្ពុជា ក៏បាន​អនុម័ត​​យល់​ព្រម​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ១៩៩៩ ។
  2. អនុសញ្ញា​អន្តរជាតិ ស្តីពីការ​ហាម​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម (International Convention on Cluster Munitions)- អនុសញ្ញា​នេះ ប្រទេស​កម្ពុជាយើង ក៏​ដូច​ជា​ប្រទេស​នានា​ជា​ច្រើន​ទៀត​ក្នុង​ពិភពលោក គឺ​នៅ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​ ដើម្បី​ក្លាយ​ជា​រដ្ឋ​សមាជិក​នៅ​ឡើយ​ទេ ព្រោះ​​អនុសញ្ញា​នេះ​ ពាក់​ព័ន្ធ​នឹង​វិស័យ​ការ​ពារ​ជាតិ​របស់​ប្រទេស​នីមួយៗ ។ ទោះជា​យ៉ាង​ណា កម្ពុជា​បាន​ចូល​រួម​យ៉ាង​សកម្មទៅ​លើ​ការ​បោស​សំអាត, ការស្រាវជ្រាវ និង​​ផ្សព្វ​ផ្សាយ​ពី​គ្រោះថ្នាក់ដោយ​សារ​គ្រាប់​បែក​ចង្កោម​នេះ ។
  3. ច្បាប់​បញ្ញត្តិ​ផ្ទៃ​ក្នុងកម្ពុជាចាប់​តាំង​ពីឆ្នាំ១៩៩៩ មក កម្ពុជា​បាន​អនុម័ត​ច្បាប់ និងបទ​បញ្ញត្តិ​​ជា​ច្រើន ទាក់​ទង​នឹង​វិស័យ​បោសសំអាត​​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដូចជា៖
    • អនុក្រឹ​ត្យ(Sub-Degree)​ស្តីពី​ការ​​ត្រួត​ពិនិត្យ និង​គ្រប់​គ្រង​ការ​នាំចូល, ការ​ផលិត, លក់, ​ធ្វើ​ជំនួញ, ការ​ចែកចាយ និង​ប្រើ​ប្រាស់​អាវុធ​យុទ្ធភ័ណ្ឌ​គ្រប់​ប្រភេទ ដែល​បាន​ចុះ​ហត្ថលេខា​​​នៅ​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ១៩៩៩ ។
    • អនុក្រឹត្យ​(Sub-Degree)ស្តីពី​ការ​គ្រប់​គ្រង​ផ្ទៃ​ដីក្រោយ​ការ​​បោសសំអាត​មីន​រួច ដែល​បាន​​​​​​ចុះហត្ថលេខា​នៅ​ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០០៤ ។
    • ច្បាប់​(Law)ស្តីពីការ​ត្រួតពិនិត្យ​អាវុធ​យុទ្ធភ័ណ្ឌ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ ដែល​បាន​​អនុម័ត​​នៅ​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០០៥ ។
    • ​គោលការណ៍ ឬបទដ្ឋានណែនាំ​ស្តីពីវិធី​បង្រួម​ផ្ទៃដី​ចំការមីន​(Area Reduction Policy) ឆ្នាំ២០០៥ របស់​អាជ្ញាធរមីន​កម្ពុជា (CMAA) ។
    • គោលការណ៍ ឬបទដ្ឋានណែនាំ​ស្តីពីវិធី​ស្រាវជ្រាវ​មូលដ្ឋាន​ផ្ទៃដី​ចំការមីន​(Baseline Survey) ឆ្នាំ២០០៩ របស់​អាជ្ញាធរ​មីន​កម្ពុជា (CMAA) ។
    • យុទ្ធសាស្រ្តជាតិ​ស្តីពី​សកម្មភាព​​បោសសំអាត​​មីន NMAS ២០១០-២០១៩ (National Mine Action Strategy 2010-2019) ។
    • យុទ្ធសាស្រ្តជាតិ​ស្តីពី​សកម្មភាព​​បោសសំអាតកាក​សំណល់​នៃ​សង្រ្គាម ២០០៨-២០១៥ (National Strategy of ERW 2008-2015) ។

៦. តារាង​បង្ហាញ​នូវភាព​ជា​ដៃគូ នៃ​ការ​បោសសំអាតមីន​​ដើម្បី​មនុស្សធម៌ នៅប្រទេសកម្ពុជា

Key Players in Mine Action

៧. ជនរងគ្រោះ​របួស​ពិការ​ដោយសារ​គ្រាប់​មីន និងគ្រាប់​​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ

ជាការកត់សំគាល់, ជនរងគ្រោះ​បណ្តាល​មក​ពី​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ មិន​កំណត់​ថា​រដូវ​ប្រាំង​ ឬរដូវវស្សា​ទេ។ តែ​ចំពោះ​គ្រាប់​មីន​បង្កប់​ក្នុង​ដីវិញ នៅ​រដូវ​វស្សាមាន​អត្រា​ជន​រង​គ្រោះ​ច្រើន​ជាង​រដូវ​ប្រាំង។ នេះ​ក៏​ដោយសារ​ខែវស្សាដីជ្រាយ, ប្រសិន​បើ​មាន​ទំងន់​អ្វី​មក​សង្កត់​ល្មមៗពី​លើ​គ្រាប់​មីន​នោះ អាច​នឹង​ធ្វើ​អោយ​គ្រាប់​មីន​ផ្ទុះបាន…។

ករណី​ជនរងគ្រោះ​របួស​ពិការ ​ដោយសារ​កាកសំណល់​នៃ​សង្រ្គាម​ក្នុង​ប្រទេស​កម្ពុជា គឺបាន​បង្ក​នូវ​ផល​វិបាក​យ៉ាង​ច្រើន​ ដែល​ជា​កត្តា​គន្លឹះ​​នាំ​អោយ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ទី​ជនបទ ។ ផលវិបាក​ទាំង​នោះ​រួមមាន៖

  1. ជនរងគ្រោះ​ដោយផ្ទាល់- ​ក្លាយ​ជា​ជន​ពិការ, ករណី​ធ្ងន់ធ្ងរ(ដាច់​ជើង​ទាំងពីរ, ខូច​ភ្នែក​ទាំង​សង​ខាង…) នឹង​ធ្វើ​អោយ​បាត់​បង់សមត្ថភាព​ពលកម្ម​ស្ទើរ​តែ​ទាំង​ស្រុង ។ ​បុគ្គល​​ដែល​ទទួល​រងគ្រោះ​ពិការ​ក្នុង​កម្រិត​​ធ្ងន់ធ្ងរ​បែប​នេះ​, មិន​ត្រឹម​តែ​​​លំបាក​ក្នុង​ការ​ប្រកប​របរ​រក​ទទួល​ទាន​ប៉ុណ្ណោះ​ទេ គឹ​សូម្បី​តែ​​ជីវិត​នៃ​ការ​​រស់​នៅ​ប្រចាំ​ថ្ងៃ ក៏​ជួប​នូវ​​​ការ​លំបាក​រក​ទី​បំផុត​គ្មាន​ដែរ​។​
  2. ជនរងគ្រោះ​ដោយ​ប្រយោល- គឺ​ជា​ក្រុម​គ្រួសារ​នៃជនរង​គ្រោះ​ដោយ​ផ្ទាល់ ដែល​ត្រូវ​មាន​ភារៈ​មើល​​ថែទាំ​សមាជិក​ពិការ​របស់​ខ្លួន ដោយ​ជៀស​ពុំ​រួច​ ។ ប្រសិន​បើ​ជនរងគ្រោះនោះ​ ជា​មេ​គ្រួសារ​វិញ, អម្រែក​ចិញ្ចឹម​គ្រួសារ​នឹង​ត្រូវ​ធ្លាក់​ទៅ​លើ​ប្តី ឬប្រពន្ធ និង​កូន​ៗ​របស់​ពួកគេ ហើយ​ពិត​ណាស់, ​ក្រុម​គ្រួសារ​​ទទួល​រង​គ្រោះ​បែប​នេះ ច្បាស់​ជា​នឹង​ស្ថិត​នៅ​ក្នុង​អន្លង់​នៃ​ភាព​ក្រីក្រ រើ​ខ្លួន​មិន​រួច​ ។
  3. ផលប៉ះពាល់​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​​សង្គម- ជាឧបសគ្គដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចនៅ​ទី​ជនបទ ជា​ពិសេស ទៅលើ​វិស័យ​ធនធាន​មនុស្ស, ខ្វះ​ខាត​​កម្លាំង​ពលកម្ម។ នៅ​មាន​ការ​រស់​នៅ​​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​ទៀតៈ ឧបមា​ថា ប្រសិន​បើ​ក្នុង​សហគមន៍មួយ សំបូរ​ទៅ​ដោយ​ជន​រងរបួស​ពិការ​ដោយ​សារ​​គ្រាប់​មីន ​និង​គ្រាប់​យុទ្ធភ័ណ្ឌ​​មិន​ទាន់​ផ្ទុះ​ ហើយ​ផ្ទៃដី​ក្នុង​សហគមន៍​នោះ ត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ “ឃាតករលាក់មុខ” ដែល​នៅ​មិន​ទាន់​ត្រូវ​​បាន​បោស​សំអាត​​នៅ​ឡើយ, នោះ​​មនុស្ស​គ្រប់​គ្នា​ ដែល​កំពុង​​រស់​នៅ​ក្នុង​សហគមន៍​នោះ​​ នឹង​ស្ថិត​​ក្នុង​​អារម្មណ៍​ភ័យ​ខ្លាច​រហូត ហើយ​ការ​ប្រកប​របរ​កសិកម្ម គឺមាន​​ភាព​ប្រថុយ​ប្រថាន​ខ្លាំងណាស់ ព្រោះ​​ពួកគេ​អាច​នឹងដល់​វេន​​​ជា​ជន​រងរបួស​ពិការ ឬ​អា​ច​បណ្តាល​អោយ​​ស្លាប់​បាត់​បង់​ជីវិត ​នា​ពេល​ណា​មួយ​ដោយ​មិន​ដឹង​ខ្លួន…។
Casualty Statistics

ក្រាហ្វិកបង្ហាញ​ពីចំនួន​ជនរងគ្រោះមាន​ការ​ថយចុះ​ នាប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ហើយជនរងគ្រោះ​​ដោយសារគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ​មាន​ចំនួនច្រើនជាង​គ្រាប់​មីន…

Mine Victims

អ្នករងរបួសពិការដោយសារគ្រាប់មីន នៅខេត្តបាត់ដំបង…

៨. តើពេល​ណា​ទើប​កម្ពុជា​ លែង​មាន​ជន​រងគ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ?

ចំពោះ​សំណួរ​ខាង​លើ​នេះ បើតាម​ផែនការ​យុទ្ធសាស្រ្ត​ថ្នាក់​ជាតិស្តីពី​បញ្ហា​គ្រាប់​​មីន, កម្ពុជា​បាន​ប្តេជ្ញាថា នឹងធ្វើ​អោយ​លែង​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់​មីន (Zero Victim) នៅត្រឹម​ឆ្នាំ២០១៩ ។ រីឯ​​ការ​បោស​សំអាត​កាក​សំណល់​នៃ​សង្រ្គាម​វិញ កម្ពុជា​នឹងប្តេជ្ញា​បោសសំអាត​អោយ​អស់​ ក្នុង​រង្វង់​​ឆ្នាំ២០២៩ គឺប្រមាណ​ជា ១៥ឆ្នាំ ខាង​មុខ​ទៀត…៕​

មីនតោននៅក្នុងវាល​ស្រែ

មីនតោន (ឆ្វេង) រកឃើញ​នៅក្នុងវាល​ស្រែអ្នក​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​មីនប្រឆាំង​មនុស្ស (ស្តាំ) រកឃើញ​នៅ​ក្នុង​ចំការពោតអ្នក​ស្រុកកំរៀង ខេត្តបាត់ដំបង

អ្នករាយការណ៍បីសេស

Advertisements

3 responses to “កម្ពុជា៖ ការ​ប្រឈម​នឹង​បញ្ហាកាក​សំណល់​នៃ​សង្រ្គាម

  1. ព្រោះតែគ្រាប់មីននៅសល់ច្រើននៅខាងកំរៀងម៉ាឡៃ ចឹងហើយ បានកាលខ្ញុំទៅកាត់ហ្នុងលើកមុន អត់ហ៊ានចុះដកផ្កាបាញ់ទន្សាយផ្ដេសផ្ដាសរ៉េ 😀

    • បាទ, ត្រូវហើយ… តាម​ផ្លូវ​ទៅ​ប៉ៃលិន​ ក៏សំបូរ​មីន​ណាស់ដែរ។ ខ្ញុំដឹងរឿងនេះច្រើន ទើប​រាល់​ពេល​ធ្វើ​ដំណើរ, បើ​ចង់​ឈប់​បាញ់​ទន្សាយ​តាម​ផ្លូវ គឺច្រើន​តែ​នាំ​គ្នា​បាញ់​ដាក់​កង៉ឡាន… 😀

  2. I’m gone to say to my little brother, that he should also visit this website on regular basis to obtain updated from most recent reports.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s