Category Archives: តួឯកក្នុងសំណុំរឿង០០២

វិចិត្រសាល

ការផ្តល់​សក្ខីកម្មដ៏គួរ​អោយ​ជក់​ចិត្ត ​របស់​លោក​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍…

This gallery contains 1 photos.

រយៈពេល​បីថ្ងៃ​កន្លងមកនេះ ​តុលាការ​កូនកាត … បន្ត​ការ​អាន

វិចិត្រសាល

យុត្តិធម៌មានតំលៃដូច «អេតចាយ»..!!..

This gallery contains 1 photos.

ដោយសារតែ​ប៉ុន្មានថ្ងៃ​នេះ ខ្ញុំ​ស្ថិតនៅ​ … បន្ត​ការ​អាន

ឃាតកម្មលើ ម៉ាល់ខុម ខាដវ៉ែល…

សំគាល់៖ អត្ថបទខាងក្រោមនេះ គឺខ្ញុំបានសង្ខេប និងដកស្រង់យកមកពីសៀវភៅ នៅពេលដែលសង្រ្គាមរលត់ទៅ (When the War was Over)… និពន្ធដោយ អ្នកស្រី អេលីហ្សាបេត បេកគ័រ (Elizabeth Becker) ហើយពាក្យ ខ្ញុំ នៅទីនេះ គឺសំដៅ ទៅលើរូបអ្នកស្រីផ្ទាល់តែម្តង…

malcolm caldwellលោកសាស្រ្តាចារ្យ ម៉ាល់ខុម ខាដវ៉ែល (Malcolm Caldwell) កើតនៅស្កុតលេន គឺជាម្នាក់ ក្នុងចំណោមប្រជាជនអង់គ្លេស ពីរនាក់ដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជា ដោយរបបខ្មែរ ក្រហម។ លោកបានក្លាយជាមិត្ត របស់កម្ពុជា ប្រជាធិបតេយ្យ គឺដោយសារតែគាត់មានការគាំទ្រយ៉ាងប្តូរផ្តាច់ ពីភាពត្រឹមត្រូវ របស់បដិវត្តន៍ខ្មែរក្រហមតាំងពីដើមរៀងមក។ អ្នកស្រី បេកគ័រ បានរៀបរាប់ពីបុគ្គលិក លក្ខណៈ របស់លោក ខាដវ៉ែល ថា៖ ខាដវែល ជាជនជាតិអេកូសម្នាក់មានមាឌមាំ ពោរពេញ ដោយកំឡាំងក្លៀវក្លា រហ័សរហួន មានសំណុំសក់វែងដែលរលាស់រវិច ដូចសក់ស្រី ដើម្បីបិទបាំងមិនអោយគេដឹងពីអាយុពិតប្រាកដរបស់គាត់… ។

រឿងរ៉ាវនៃការស្លាប់របស់លោក ខាដវ៉ែល ត្រូវបានអ្នកស្រី បេកគ័រ កត់ត្រារៀបរាប់ ហូរហែ ដែលខ្ញុំសូមសង្ខេប និងដកស្រង់ដូចខាងក្រោម…

*****************

….រយៈពេលពីរសប្តាហ៍ដែលយើងស្ថិតក្នុងប្រទេសនេះ ហាក់ដូចជារយៈពេលយូរ ដូចពីរឆ្នាំអីចឹង។ ពេលវេលាបានរសាត់ទៅយឺតៗ ដោយសារភាពធុញទ្រាន់ក្នុងការ រង់ចាំម្ចាស់ផ្ទះមករកពួកយើង ដែលមានរយៈពេលយូររាប់ម៉ោង និងដោយសារការ ជិះឡានជាប់រហូតគ្មានចុះដី ដើម្បីដើរមើលប្រទេសដូចដែលយើងប៉ងប្រាថ្នាពីនាយ មក… ប៉ុន្តែពួកយើងបានសំរេចជោគជ័យក្នុងការជួបផ្ទាល់ជាមួយ ប៉ុលពត ដែរ…។ ការស្នើសុំជួបសម្ភាសន៍ជាមួយ ប៉ុល ពត ត្រូវបានចែកជាពីរក្រុមដាច់ដោយឡែកពីគ្នា ដោយខ្ញុំ និង ឌុដម៉ាន់ ត្រូវជួបមុន។ រីឯ ខាដវ៉ែល ដែលជា “មិត្តពិសេស” របស់កម្ពុជា ប្រជាធិបតេយ្យ ត្រូវបានអនុញ្ញាត្តិអោយជួបតទល់តែពីរនាក់ ជាមួយ ប៉ុល ពត។

បន្ទាប់ពីបរិភោគបាយល្ងាចរួច ឌុដម៉ាន់ បានដើរចូលទៅបន្ទប់របស់គាត់ ដើម្បីចំឡង កំណត់ខ្លីៗដោយម៉ាស៊ីនអង្គុលីលេខ… ខាដវ៉ែល និងខ្ញុំ នៅអង្គុយកន្លែងតុបាយ ដដែល ដើម្បីពិភាក្សាគ្នាជាលើកចុងក្រោយ អំពីប្រទេសកម្ពុជា។ ដោយប្រកាន់ជាប់ នូវអ្វីដែលគាត់ចាត់ទុកជាទស្សនៈមានតំលៃយូរអង្វែងនោះ ខាដវ៉ែល បានបញ្ចេញនូវ ការវិនិច្ឆ័យវិជ្ជមានមួយ ចំពោះការបដិវត្តន៍នេះ។ចំណែកខ្ញុំ ខ្ញុំជឿលើលក្ខណៈពិត ប្រាកដនៃការឆ្លើយជាសាក្សីរបស់ពួកអ្នកភៀសខ្លួន ច្រើនជាង…។

ខ្ញុំបានដកខ្លួនពីតុបាយ ហើយចូលដេកនៅប្រមាណម៉ោង ១១យប់។ វ៉ាលីសទាំង ប៉ុន្មានរបស់ខ្ញុំ ត្រូវបានរៀបចំរួចជាស្រេច ដើម្បីត្រៀមការចេញដំណើរត្រឡប់ទៅវិញ នៅព្រឹកស្អែក ដោយទុកវាក្បែរមាត់ទ្វារបន្ទប់ខ្ញុំនៅជាន់ទីមួយ។ ប៉ុន្មានម៉ោងក្រោយ មក ខ្ញុំភ្ញាក់ពីដំណេកទាំងមមីងមមាំង ដោយសារ ស្នូរក្ឌុងក្ឌាំង… ខ្ញុំទំលាក់ខ្លួនពីលើ គ្រែមកក្រោម ហើយខ្ញុំឮសំឡេងថ្មីមួយទៀត ធ្វើអោយខ្ញុំផតពោះប៉ផ្អុក គឺសំឡេង គ្រាប់កាំភ្លើងមួយជិតបង្កើយ ដែលខ្ញុំអាចធុំក្លិន រំសេវឡើងឈ្ងៀម។ ខ្ញុំស៊កអាវហ្សង់ ពាក់ពីក្រៅអាវរាត្រីខ្ញុំ ហើយដើរទៅកាន់បន្ទប់បាយ។ ខ្ញុំឮសំឡេងថ្ងូរមួយ… ខ្ញុំបើកទ្វារ ហើយដើរចូលទៅក្នុងបន្ទប់មួយទៀត ចំពេលដែលយុវជនម្នាក់លេចមុខចូលមកដល់ ទីនេះ តាមទ្វារខាងក្នុងដែរ។ យើងសំឡឹងសំឡក់ដាក់គ្នា… ជនជាតិខ្មែរម្នាក់នេះ ស្លៀកពាក់ខុសប្លែកពីគេ ព្រមទាំងពាក់មួក ដូចមួកកីឡាបេសបល(Base-Ball) ដែរ។ ជននេះមានពាក់កាទូសៀនៅលើដើមទ្រូង មានកាំភ្លើងស្វ័យប្រវត្តិមួយដើមពាក់នៅ ស្មា ហើយកាន់កាំភ្លើងខ្លីមួយដើមទៀត ដោយភ្ជង់តំរង់មករកខ្ញុំ។ ជននោះមើលទៅ ដូចជាភ័យរន្ធត់ជាងខ្ញុំទៅទៀត។

ទេ! កុំបាញ់...(ខ្ញុំស្រែកឡើងខ្លាំងៗ)។ ខ្ញុំស្ទុះរត់ចូលទៅក្នុងបន្ទប់របស់ខ្ញុំ ទាញទ្វារ បិទឮសូរគ្រាំង ប៉ុន្តែភ្លេចចាក់សោរ។ ខ្ញុំបោលសំដៅទៅក្នុងបន្ទប់ទឹក ហើយលោត ចូលក្នុងអាងដោយដេកសណ្តូកខ្លួនផ្កាប់មុខ។ ខ្ញុំគ្មាននឹកឃើញអ្វីទាំងអស់… ខ្ញុំធ្វើប្រតិកម្មទៅតាមសភាវគតិប៉ុណ្ណោះ ព្រោះខ្ញុំធ្លាប់ឮគេនិយាយក្នុងពេលសង្រ្គាមថា អាងងូតទឹក គឺជាគ្រឿងការពារដ៏ប្រសើរបំផុត ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើង ផ្សេងៗ ធ្វើអោយរត់ខុសគោលដៅរបស់វាបាន… ហើយយុវបុរសនោះ ក៍មិនបានដេញ តាមខ្ញុំដែរ…។ អាងងូតទឹកនោះ ស្ថិតនៅខាងក្រោមជណ្តើរ ដែលធ្វើអោយខ្ញុំឮសូរ ជើងដើរឡើងកាំជណ្តើរយ៉ាងប្រញាប់ ព្រមទាំងឮសំឡេងផ្ទុះអាវុធដាក់គ្នារបស់ពួកគេ ទៀតផង។ អំពូលអគ្គិសនីត្រូវបានពន្លត់ទាំងអស់ ដែលធ្វើអោយក្នុងផ្ទះងងឹតឈឹង។ ខ្ញុំឮគ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៀត… អាច ៦គ្រាប់ ឬច្រើនជាងនេះក៍មិនដឹង។ បន្ទាប់មក ឮសូរដូចមនុស្សកំពុងចុះជណ្តើរ រួចភាពស្ងប់ស្ងាត់ដូចវាលកប់ខ្មោច បានអូសបន្លាយពេលប្រហែលជាមួយម៉ោងកន្លះ ទំរាំនឹងមានមនុស្សមករកខ្ញុំ។

សំឡេងបែកកែវមួយ លាយនឹងសំឡេងក្ឌុងក្ឌាំងក្នុងបន្ទប់របស់ខ្ញុំ រួចស្នូរជើងដើរមក ជិតបន្ទប់ទឹកខ្ញុំកំពុងពួន… ខ្ញុំឃើញដៃក្រង៉ុកសោរទ្វារធ្លាក់ចុះ… ពេលទ្វារបើកឃ្វាំង មក គឺមិត្ត ឡា ជាមនុស្សម្នាក់ក្នុងចំណោមអ្នកបំរើក្នុងផ្ទះដែលខ្ញុំស្គាល់។ ខ្ញុំនៅលត់ ជង្គង់ញ័រខ្លួននៅឡើយ។ មិត្ត ឡា មើលខ្ញុំមួយភ្លែតដោយចង់ដឹងថា តើខ្ញុំមានត្រូវ របួសឬអត់? គាត់រៀបនឹងបែរខ្លួនត្រឡប់ក្រោយវិញ តែខ្ញុំស្ទុះទៅចាប់ដៃគាត់ ព្រមទាំងនិយាយអង់គ្លេស លាយខ្មែរប៉ៃឡាំៗខ្លះៗ ជាមួយនឹងកាយវិការដៃជើង ដោយចង់ដឹងថា តើ ឌុដម៉ាន់ និង ខាដវ៉ែល បានសុខសប្បាយដែរទេ? គាត់ឆ្លើយថា មិនអីទេ! មិនអីទេ!… ។ ខ្ញុំតោងមិត្ត ឡា ជាប់ និងអង្វរគាត់អោយនៅទីនេះសិន។ គាត់បើកភ្លើងឡើងវិញ ព្រមទាំងប្រាប់ ខ្ញុំអោយនៅអោយស្ងៀមទីនេះ និងហាម ខ្ញុំមិនអោយចេញក្រៅ ហើយខ្ញុំនៅតែអង្គុយចោងហោងក្នុងបន្ទប់ទឹកដដែល…។

ប្រហែល ១៥នាទីក្រោយមក ខ្ញុំបានឮសំឡេងមួយដែលខ្ញុំស្គាល់យ៉ាងច្បាស់គឺ ប្រសិទ្ធិ… ជាមួយនឹងបែបបទជាមន្រ្តី គាត់បានគោះទ្វារ និងហៅឈ្មោះខ្ញុំ។ ខ្ញុំក៍ ចេញទៅទាំងញ័រចំប៉្រប ហើយសួរចង់ដឹងពីជោគវាសនាមិត្តខ្ញុំពីរនាក់ទៀត។ ប្រសិទ្ធិ បានប្រាប់ខ្ញុំថា៖ឌុដម៉ាន់ សុខសប្បាយជាទេ… ខាដវ៉ែល ត្រូវស្លាប់ដោយសារត្រូវ គ្រាប់..!!..

ពួកគេបាននាំ ឌុដម៉ាន់ ចុះមកខាងក្រោមដើម្បីអោយខ្ញុំអាចឃើញរូបគាត់។ បន្ទាប់ មក គេបានស្នើអោយពួកយើងឡើងទៅខាងលើវិញ ដើម្បីបង្ហាញអោយយើងឃើញ ខាដវ៉ែល ដែលដេកស្តូកស្តឹងលើឥដ្ឋការ៉ូ ក្នុងខោអាវភីសាម៉ា មានឈាមនៅកកលើ ដើមទ្រូង… សក់វែងពណ៌ត្នោតរបស់គាត់ឡើងរាត់រាយលើផ្ទៃមុខរបស់គាត់ និងភ្នែក បិទជិតឈឹង។ គាត់ស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង តែមួយគ្រាប់គត់។ នៅមាត់ទ្វារ បន្ទប់គាត់ មានសាកសពម្នាក់ទៀតនៅស្តូកស្តឹងគ្មាន កំរើក គឺជាយុវជនម្នាក់ស្លៀក ពាក់ខ្មៅ ដូចមនុស្សដែលភ្ជង់កាំភ្លើងដាក់ខ្ញុំដែរ។

ប្រសិទ្ធិ បានសូមអភ័យទោស និងស្នើអោយពួកយើងរៀបចំឥវ៉ាន់ ដើម្បីចាកចេញពី ទីនេះជាបន្ទាន់ ដោយមានរថយន្តមួយគ្រឿងនៅចតរងចាំជាស្រេច។ ពេលចុះពី រថយន្តវិញ ឌុដម៉ាន់ និងខ្ញុំ ត្រូវបានគេអញ្ជើញអោយទៅបង្ហាញខ្លួនភ្លាមៗ នៅមុខ ប្រធានសន្តិសុខម្នាក់ ដែលមានភារកិច្ចសាកសួរពួកយើងពីរឿងនេះ។ ឌុដម៉ាន់ បានរាយការណ៍ថា នៅពេលឮស្នូរកាំភ្លើងដំបូងនៅខាងក្រៅ គាត់បានឃើញមនុស្ស ប្រហែល ៦នាក់ បានសំរុកចូលមក។ គាត់បានស្ទុះទៅគោះទ្វារបន្ទប់ ខាដវ៉ែល ដើម្បីដាស់គាត់អោយភ្ញាក់។ ពួកយើងជជែកគ្នាពីរបីម៉ាត់ ក៍ឮសំឡេងអាវុធផ្ទុះឡើង ម្តងទៀត ហើយគាត់ក៍រត់បែកពី ខាដវ៉ែល មករកបន្ទប់របស់គាត់វិញ។ ពេលបែរខ្លួន រត់ត្រឡប់មកវិញនោះ គាត់ជួបនឹងមនុស្ស ប្រុសម្នាក់មានអាវុធ និងគ្រាប់ពេញខ្លួន បានដើរតំរង់មករកគាត់ ហើយបាញ់ភ្ជុចជើងគាត់ មួយគ្រាប់… ធ្វើអោយគាត់រត់ចូល ក្នុងបន្ទប់គាត់ទាំងភ័យ តក់ស្លុត ដោយទាញទ្វារបិទឮសូរគ្រាំង… ហើយយុវជននោះ បានបាញ់សំដៅទ្វារបន្ទប់គាត់ ពីរគ្រាប់ថែមទៀត…។

ឆ្លងកាត់ហេតុការណ៍ក្នុងរាត្រីនោះ ខាដវ៉ែលនិងខ្ញុំ នៅសំកុកជជែកគ្នារហូតដល់ ភ្លឺ។ នៅព្រឹកនោះ គេបានយកអាហារពេលព្រឹកមកអោយពួកយើងស្រស់ស្រូប ហើយ បន្ទាប់មក អៀង សារី បានរៀបចំពិធីមួយសំរាប់ ខាដវ៉ែល ដែរ។ សាកសពរបស់ ខាដវ៉ែល បានដាក់ក្នុងក្តារមឈូសឈើយ៉ាងសាមញ្ញមួយ ព័ទ្ធជុំវិញដោយបាច់ផ្កា ជាច្រើន។ ពួកគេបានបើកគំរបក្តារមឈូស ដើម្បីអោយយើង អាចមើលមុខ ខាដវ៉ែល ជាលើកចុងក្រោយ។ ក្នុងពិធីដ៏ស្ងៀមស្ងាត់នេះ យើងមានគ្នាតែបួននាក់ប៉ុណ្ណោះគឺ អៀង សារី, ជួន ប្រសិទ្ធិ, ឌុដម៉ាន់ និងខ្ញុំ… ហើយនៅក្នុងសេចក្តីថ្លែងមរណទុក្ខយ៉ាងខ្លី មួយ អៀង សារី បានចោទប្រកាន់ពួកវៀតណាមថា បានធ្វើរឿងនេះ…។

យើងសំឡឹងមើលពួកកម្ពុជា លើកក្តារមឈូសដាក់លើរថយន្តមួយ។ បន្ទាប់មក ក្បួនរថយន្តដ៏ក្រៀមក្រំរបស់យើង បានចេញដំណើរឆ្ពោះទៅវាលយន្តហោះ ពោធិចិនតុង។ ប្រសិទ្ធិ បានជូនដំណើរយើងទៅដល់ប៉េកាំងដែរ។ យើងទាំងអស់គ្នា បានទៅដល់រដ្ឋធានីចិន នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៧៨ ជាមួយនឹងសព ខាដវ៉ែល… ។

តាមចំឡើយសារភាព ដែលឃើញមាននៅសល់ក្នុងគុកទួលស្លែង ឬមន្ទីរស២១ ក៍មានជាប់ទាក់ទងនឹងឃាតកម្មលើរូបមិត្តខ្ញុំ ខាដវ៉ែល នេះផងដែរ។ កម្មាភិបាល ខ្មែរក្រហមពីរនាក់ត្រូវបានឆ្លើយទទួលសារភាពថា ពួកគេទទួលបញ្ជាអោយមក សំឡាប់ជនជាតិអេកូសនេះតែម្នាក់គត់ ពុំមែន ឌុដម៉ាន់ និងខ្ញុំទេ ក្នុងក្រមខ័ណ្ឌ នៃការរួមគំនិតក្បត់ សំដៅធ្វើអោយរបបនេះធ្លាក់ទៅក្នុងស្ថានការណ៍លំបាកមួយ នៅពេលហៀបមានសង្រ្គាមជាមួយប្រទេសវៀតណាម។ ភស្តុតាងប្រយោល ទាំងឡាយដែលមាននៅក្នុងចំឡើយសារភាពនេះ បានបំផុសអោយមាន យោបល់មួយថា ខាដវ៉ែល ត្រូវគេជ្រើសរើសធ្វើជាគោលដៅក្នុងការសំឡាប់នេះ ពីព្រោះ គាត់ គឺជា “មិត្ត” របស់របបខ្មែរក្រហម ហើយប្រហែលជាបង្កើតអោយមាន ឧបស័គ្គ និងធ្វើអោយគំរោងការ “សេរីកម្ម” របស់ អៀង សារី ទទួលបរាជ័យ។

អ្នកដែលបានបញ្ជាអោយធ្វើឃាតកម្មនេះ ទោះជាអ្នកណាក៍ដោយ គឺអ្នកនោះចង់ទុក អោយពួកអ្នកកាសែតអាមេរិកាំងនៅរស់មានជីវិត ដើម្បីរ៉ាយរ៉ាប់ប្រាប់ពិភពលោក ពីមរណភាពរបស់ ខាដវ៉ែល…។

អេលីហ្សាបេត បេកគ័រ

ព័ត៌មានបន្ថែម​របស់​តួអង្គ​ក្នុងសំណុំ​រឿង០០២៖ លោក អៀង សារី

លោក អៀង សារី មានស្រុកកំណើត​នៅ​ភូមិហ័រឡាក់ប៊ី ឃុំលឿងហ័រ ស្រុកចូវថាន់ ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង កម្ពុជាក្រោម)។ ផ្ទះកំណើត​របស់​គាត់​ សង់​ពី​ថ្មផ្ទាល់ដី ដំបូល​ប្រក​ស៊ីប្រូស៊ីម៉ង់ត៍។ បច្ចុប្បន្ន ផ្ទះនេះ​ក្មួយ​ស្រី​របស់​គាត់​កំពុង​រស់នៅ។

mother of ieng sary

ត្រាន់ ធិឡឺយ (ម្តាយបង្កើត លោក អៀងសារី)

ក្មួយប្រុស​របស់​លោក អៀង សារី ឈ្មោះ ថាច់ វុត្ថា បាន​អោយ​ដឹង​ថា ឪពុក​របស់​លោក អៀង សារី ឈ្មោះ គឹម រៀម និងម្តាយ​ឈ្មោះ ត្រាន់ ធិឡឺយ (Tran Thi Loi) ជា​ជន​ជាតិ​ចិន​ ដែល​រត់​ពី​ស្រុក​ចិន​តាំង​ពី​តូចៗ​ ជា​មួយ​ឪពុកម្តាយ។

លោក អៀង សារី មាន​បងប្អូន​បីនាក់។ បងទីមួយ​ឈ្មោះ គឹម ចូវ ភេទប្រុស ក្នុង​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ១៩៧៥-១៩៧៩ គាត់​មាន​ឋានៈ​ជា​ប្រធាន​ផ្សារ​អូរឫស្សី (ផ្សាររដ្ឋ?) ។ នៅ​អំឡុង​ទសវត្ស​ឆ្នាំ១៩៨០ គឹម ចូវ និង​ក្រុម​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅរស់​​នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក។ បងទីពីរ​ឈ្មោះ ​គឹម ធីកូវ ភេទស្រី មាន​ប្តី​ឈ្មោះ ថាច់ សុង បច្ចុប្បន្ន​បាន​ស្លាប់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​អស់​ហើយ។ គឹម ធីកូវ មាន​កូន​ទាំងអស់​​ ៧នាក់។ កូនម្នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ កូនបី​នាក់​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និងបីនាក់​​ទៀត​កំពុង​រស់​នៅ​ភូមិ​កំណើត។

លោក អៀង​ សារី ជាកូន​ពៅ​ មានឈ្មោះ​កំណើតថា គឹម ស្រ៊ី ។ លោក អៀង​ សារី​ បាន​មក​រស់​នៅ​​ស្រុក​ខ្មែរ​តាំង​ពីរ​កុមារភាព។ គាត់​ធ្លាប់​បាន​ទៅ​លេង​ស្រុក​កំណើត​ម្តង មុន​ពេល​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង។ ពេល​នោះ​ ថាច់ សុង (បងថ្លៃគាត់) បាន​លក់​ស្រូវ​ ២០០ថាំង ដើម្បី​យក​ប្រាក់​​ឧបត្ថម្ភ​​ជា​សោហ៊ុយ​​​ចាយ​វាយ​ សំរាប់​​​លោក អៀង​ សារី ទៅ​សិក្សា​រៀន​សូត្រ​នៅ​ស្រុក​បារាំង។

ឪពុក​លោក អៀង សារី ក្រោយ​មក​មាន​ជំងឺ ហើយ​ពិការភ្នែក​មួយ​ចំហៀង។ ដោយ​ក្តី​នឹក​រលឹក​ចំពោះ​កូន ម្តាយ​របស់​លោក អៀង សារី តែង​តែ​សួរ​នាំ​អំពី​សុខទុក​​មក​គាត់​ជានិច្ច។ ប៉ុន្តែ​លោក អៀង សារី មិន​ដែល​ប្រាប់​ពី​សុខ​ទុក្ខ​របស់​ខ្លួន​ ឬ​ទៅ​លេង​ស្រុក​កំណើត​សោះឡើយ។

ថាច់ វុត្ថា បាន​អោយ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ១៩៧៦ រដ្ឋាភិបាល​វៀតណាម​បាន​​ទៅ​សួរសុខទុក្ខ និង​នាំ​យក​នូវ​ទឹកដោះគោ តែស្ករ ទៅជូនឪពុក​ម្តាយ​របស់​លោក​ អៀង សារី បាន​៥-៦ដង​ដែរ។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ១៩៧៧​រហូត​មក រដ្ឋាភិបាល​វៀតណាម​ មិន​ដែល​ទៅ​សួរ​សុខទុក្ខ និងឧបត្ថម្ភ​ទឹកដោះគោ តែស្ករ​ទៀតឡើយ…។

(ប្រភពៈ មជ្ឈមណ្ឌលឯកសារកម្ពុជា)

តួឯកក្នុងសំណុំរឿង០០២៖ អៀង ធីរិទ្ធ (IENG THIRITH)

ប្រវត្តិសង្ខេប

Ieng Thirith

  • នាមនិងគោត្តនាមៈ អៀង ធីរិទ្ធ
  • ឈ្មោះហៅក្រៅៈ មិត្ត ភា ឬមិត្តហុង
  • ថ្ងៃខែឆ្នាំកំណើតៈ ១២ មីនា ១៩៣២
  • ទីកន្លែងកំណើតៈ សង្កាត់លេខ៥ ក្រុងភ្នំពេញ
  • ការសិក្សា និង​ការងារ​: លោកស្រី អៀង ធិរិទ្ធ បាន​​បញ្ចប់​​ការ​សិក្សា​​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុង​​ក្រុង​ភ្នំពេញ បន្ទាប់​មក លោកស្រី​​បាន​ទៅ​សិក្សា​ផ្នែក​អក្សរ​សាស្រ្ត នៅ​សាកល​វិទ្យាល័យ សបូន (Sorbonne) ​ប្រទេស​បារាំង។ លោកស្រី​ ​គឺ​ជា​ស្រ្តី​កម្ពុជា​ទី​មួយ​ ដែល​បាន​ទទួល​សញ្ញាប័ត្រ​​ផ្នែក​អក្សរ​សាស្រ្ត​អង់គ្លេស។ លោកស្រី​​បាន​​ត្រឡប់​មក​កម្ពុជា​វិញ​នៅឆ្នាំ​១៩៥៧ ហើយ បាន​ធ្វើ​ជា​សាស្រ្តាចារ្យ​​មុន​ពេល​បង្កើត​សាលា​ឯក​ជន​បង្រៀន​ភាសា​អង់គ្លេស​​មួយ​នៅ​ឆ្នាំ​១៩៦០។
  • មុខ​តំណែង​ក្នុង​សម័យ​កម្ពុជា​ប្រ​ជា​ធិប្ប​តេយ្យៈ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​​នៃ​បក្សកុម្មុយនីស្ត​កម្ពុជា ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ១៩៧៥ លោកស្រី អៀង ធិរិទ្ធ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​​សង្គមកិច្ច​​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។
  • មុនពេលចាប់ខ្លួនៈ លោកស្រី អៀង ធិរិទ្ធ ​ត្រូវ​បាន​ចោទ​ថា ​បាន​ធ្វើការ​ជា​មួយ​ខ្មែរ​ក្រហម រហូត​ដល់​ពេល​ដែល​ស្វាមី​របស់​គាត់​គឺ​លោក អៀង សារី បាន​​ទទួល​​ការ​លើក​លែង​ទោស​ពីព្រះមហាក្សត្រ​កម្ពុជា​នៅ​ឆ្នាំ១៩៩៨។ លោកស្រី ​និងស្វាមី​បាន​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ រហូត​ដល់​ពេល​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​នៅ​ខែវិច្ឆិកា ឆ្នាំ២០០៧។

នៅក្នុងសំណុំរឿង០០២ ចំណុចចោទប្រកាន់ និងស្ថានភាពករណី​​របស់​លោកស្រី​ អៀង ធីរិទ្ធ មាន​ដូចតទៅ៖

ស្ថាន​ភាព​ករណី: លោកស្រី អៀង ធីរិទ្ធ ត្រូវចោទប្រកាន់​ និង​បញ្ជូនទៅ​ជំនុំជម្រះ​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការ​រំលោភ​​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​ខាងផ្នែក​សាសនា ដែល​មានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់​ស្តីពីការ​បង្កើត​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។

ចំណុច​ចោទ​ប្រកាន់: លោកស្រី អៀង ធីរិទ្ធ ត្រូវបានចោទប្រកាន់ថា មានការ​ទទួល​ខុសត្រូវ​តាម​រយៈការ​ធ្វើសកម្មភាព ឬ​បរាជ័យ​ក្នុងការ​ទប់ស្កាត់ (រួមបញ្ចូល​ទាំងការ​ប្រព្រឹត្ត​តាមរយៈ​ឧស្សាហកម្ម​ឧក្រិដ្ឋកម្ម​រួម) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត​ដោយការ​ជួយ​ ឬជំរុញ ឬបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ពីថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ​ទី៦ ខែមករា ឆ្នាំ១៩៧៩ ដូច​ខាង​ក្រោម៖

  • ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិៈ មនុស្សឃាត ការសម្លាប់​ផ្តាច់ពូជ ការដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត។
  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ៈ ការសម្លាប់​រង្គាល​ក្រុម​ជនជាតិ​វៀតណាម​ និងចាម។
  • ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើអនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩: មនុស្សឃាត​ដោយចេតនា ការធ្វើ​ទារុណកម្ម ឬការ​ប្រព្រឹត្ត​អមនុស្សធម៌ ការបង្ក​ដោយចេតនា​អោយ​មាន​របួស​ធ្ងន់ធ្ងរ ឬអោយ​មានការ​ឈឺចាប់​ដល់រូបរាង​កាយ ឬសុខភាព ការដក ហូត​ដោយ​ចេតនា​ពីឈ្លើយសឹក ឬជនស៊ីវិល​នូវសិទ្ធិ​ទទួល​បាន​ការកាត់ក្តី​ដោយ​យុត្តិធម៌ ការបង្ខាំង និង​ការនិរទេស​ជនស៊ីវិល​ដោយ​ខុសច្បាប់។
  • អំពើមនុស្សឃាតៈ ការធ្វើ​ទារុណកម្ម និងការ​ធ្វើទុក្ខ​បុកម្នេញ​ខាងផ្នែក​សាសនា ដូច​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ១៩៥៦។

តែ​រាល់បទ​ចោទ​ប្រកាន់​ទាំងអស់​​នេះ ត្រូវបានលោកស្រី​ អៀង ធីរិទ្ធ បាន​បដិសេធ​ចោល​ទាំងស្រុង។

មេ​ធាវី​ការពារ​ក្តី:

  • មេធាវីជាតិៈ លោក ផាត់ ពៅស៊ាង
  • មេធាវីអន្តរជាតិៈ លោកស្រី ដាយអាណា អេលីស (Diana Ellis) ជាជនជាតិអង់គ្លេស ។

ស្រុកស្រែ

តួឯកក្នុងសំណុំរឿង០០២៖ អៀង សារី (IENG SARY)

ប្រវត្តិសង្ខេប

  • ieng saryនាមនិងគោត្តនាមៈ អៀង សារី
  • ឈ្មោះហៅក្រៅៈ សមមិត្ត វ៉ាន់, បងវ៉ាន់ ឬអ៊ុំវ៉ាន់
  • ឈ្មោះផ្សេងទៀតៈ គីម ត្រាង, ស៊ូ ហាវ
  • ថ្ងៃខែឆ្នាំកំណើតៈ ២៧ កក្កដា ១៩៣១
  • ថ្ងៃចូលមរណភាពៈ ១៤ មីនា ២០១៣
  • ទីកន្លែងកំណើតៈ ភូមិក្វាឡាក់ ឃុំសាងហ្វា ស្រុកចូវថាន់ ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង)
  • ឪពុកឈ្មោះ គឹម​ រៀម
  • ម្តាយឈ្មោះ ត្រាន់ ធីឡឺយ
  • កាន់លិខិត​ឆ្លងដែនផ្លូវការ​ចិនៈ ឈ្មោះ​ ស៊ូ ហាវ កើតនៅប៉េកាំង ឆ្នាំកំណើតថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៣០
  • ការសិក្សា និង​ការងារ​នៅពី​ឆ្នាំ១៩៥១​-១៩៧៥: លោក អៀង សារី គឺជា​អតីត​សិស្ស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុងក្រុងភ្នំពេញ និង​បាន​ទទួល​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​​វិទ្យាល័យ​កុងដ័រសេ និង​នៅ​វិទ្យាស្ថាន​សិក្សា​នយោបាយ​ក្រុងប៉ារីស​ប្រទេស​បារាំង។ ក្នុងឆ្នាំ១៩៥១​ គាត់​បានចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្តបារាំង។ លោក អៀង សារី ​ត្រូវបាន​គេជឿ​ថា​ បានចូលរួម​ជាមួយ ខៀវ សំផន ក្នុងការ​បង្កើត​ចលនា​ម៉ាក្ស​ស៊ីស ក្នុង​ស្រទាប់​និសិ្សត​កម្ពុជា​នៅ​ប្រទេស​បារាំង។ បន្ទាប់​ពីត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៥៧ គាត់​បាន​ក្លាយ​​ជា​គ្រូ​​បង្រៀន​ប្រវត្តិវិទ្យានៅ​វិទ្យាល័យ​ស៊ីសុវត្ថិ និង​ជា​សមាជិក​សកម្ម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា។ គាត់​បាន​​រត់​​ចូល​ព្រៃ​​ដើម្បី​​ចូល​រួម​​ជា​មួយ​​ចលនា​​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣។ ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ១៩៧១​-១៩៧៥ គាត់​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​កម្ពុជា និង​​ជា​​បេសកជន​​ពិសេស​​របស់​​រណសិរ្ស​​រួប​រួម​ជាតិ​​ខ្មែរ។
  • មុខ​តំណែង​ក្នុង​សម័យ​កម្ពុជា​ប្រ​ជា​ធិប្ប​តេយ្យៈ លោក អៀង សារី​ គឺជា​សមាជិក​​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​ ​នៃ​គណៈ​កម្មា​ធិការ​​មជ្ឈិម​​​​បក្ស​កុម្មុយនីស្ត​កម្ពុជា, ​​ត្រូវ​បាន​តែង​តាំងជាឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ។
  • មុខ​តំណែងជាបន្តបន្ទាប់ៈ នៅពេល​ដែល​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ១៩៧៩ លោក អៀង សារី បាន​​រត់​​ភៀស​ខ្លួន​​ទៅ​ប្រទេស​ថៃ។ គាត់​បាន​បន្ត​តួនាទី​របស់​ខ្លួន​ក្នុង​រដ្ឋាភិបាល​និរទេស ប៉ុន្តែ​​បាន​​ផ្ទេរ​មុខ​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស​​ទៅ​ឲ្យ​លោក ខៀវ សំផន វិញ​ បន្ទាប់​ពីការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ១៩៨២។ លោក អៀង សារី ត្រូវ​បាន​កាត់​ទោស​កំបាំងមុខ​ពីបទ​ប្រល័យ​ពូជសាសន៍ និង​ត្រូវ​ផ្តន្ទា​ទោស​​ប្រហារ​​ជីវិត​ដោយ​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​នៅ​ភ្នំពេញ។  គាត់​បាន​​ចាក​​ចេញ​ពី​​ចលនា​​ខ្មែរ​ក្រហម​​ជា​មួយ​​នឹង​​កង​កំលាំង​​យោធា​​រាប់ពាន់នាក់​នៅ​ខែសីហា​ឆ្នាំ១៩៩៦ ជាថ្នូរ​នឹង​ព្រះរាជក្រិត្យ​លើកលែង​ទោស​ចំពោះ​សាលក្រម​ឆ្នាំ១៩៧៩ និង​ការ​លើក​លែង​ទោស​ពី​សំណាក់​ព្រះករុណា​ព្រះបាទ​នរោត្តម សីហនុ ពីការ​កាត់​ទោស​ក្រោម​ច្បាប់​ដាក់​ខ្មែរក្រហម​នៅ​ក្រៅ​ច្បាប់​ក្នុង​​ឆ្នាំ១៩៩៤។

នៅក្នុងសំណុំរឿង០០២ ចំណុចចោទប្រកាន់ និងស្ថានភាពករណី​​របស់​លោក អៀងសារី មាន​ដូចតទៅ៖

ស្ថាន​ភាព​ករណី: លោក អៀង សារី ត្រូវចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខ​បុកម្នេញ​ខាងផ្នែក​សាសនា ដែល​មានចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់​ស្តីពីការ​បង្កើត​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។

ចំណុច​ចោទ​ប្រកាន់: លោក អៀង សារី ត្រូវបានចោទប្រកាន់ថា មានការ​ទទួល​ខុសត្រូវ​តាម​រយៈការ​ធ្វើសកម្មភាព ឬ​បរាជ័យ​ក្នុងការ​ទប់ស្កាត់ (រួមបញ្ចូល​ទាំងការ​ប្រព្រឹត្ត​តាមរយៈ​ឧស្សាហកម្ម​ឧក្រិដ្ឋកម្ម​រួម) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត​ដោយការ​ជួយ​ ឬជំរុញ ឬបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ពីថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ​ទី៦ ខែមករា ឆ្នាំ១៩៧៩ ដូច​ខាង​ក្រោម៖

  • ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិៈ មនុស្សឃាត ការសម្លាប់​ផ្តាច់ពូជ ការដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត។
  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ៈ ការសម្លាប់​រង្គាល​ក្រុម​ជនជាតិ​វៀតណាម​ និងចាម។
  • ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើអនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩: មនុស្សឃាត​ដោយចេតនា ការធ្វើ​ទារុណកម្ម ឬការ​ប្រព្រឹត្ត​អមនុស្សធម៌ ការបង្ក​ដោយចេតនា​អោយ​មាន​របួស​ធ្ងន់ធ្ងរ ឬអោយ​មានការ​ឈឺចាប់​ដល់រូបរាង​កាយ ឬសុខភាព ការដក ហូត​ដោយ​ចេតនា​ពីឈ្លើយសឹក ឬជនស៊ីវិល​នូវសិទ្ធិ​ទទួល​បាន​ការកាត់ក្តី​ដោយ​យុត្តិធម៌ ការបង្ខាំង និង​ការនិរទេស​ជនស៊ីវិល​ដោយ​ខុសច្បាប់។
  • អំពើមនុស្សឃាតៈ ការធ្វើ​ទារុណកម្ម និងការ​ធ្វើទុក្ខ​បុកម្នេញ​ខាងផ្នែក​សាសនា ដូច​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ១៩៥៦។

តែ​រាល់បទ​ចោទ​ប្រកាន់​ទាំងអស់​​នេះ ត្រូវបានលោក​ អៀង សារី បាន​បដិសេធ​ចោល​ទាំងស្រុង។

មេ​ធាវី​ការពារ​ក្តី:

  • មេធាវីជាតិៈ លោក អាង ឧត្តម
  • មេធាវីអន្តរជាតិៈ លោក ម៉ៃឃើល ខាណាវ៉ាស (Micheal G. Karnavas) ដែលជា​ជនជាតិអាមេរិក ។

ស្រុកស្រែ

តួឯកក្នុងសំណុំរឿង០០២៖ នួន ជា (NUON CHEA)

ប្រវត្តិសង្ខេប

noun chea

  • នាមនិងគោត្តនាមៈ នួន ជា
  • ឈ្មោះកំណើតៈ ឡុង ប៉េងគន, ឡុង ប៊ុនរួត,
  • ឈ្មោះកាលនៅបាងកកៈ រុងលឺត ឡៅឌី
  • ឈ្មោះហៅក្រៅៈ បងទី២, បងអនុលេខា, បងនួន ឬអ៊ុំនួន, តាប្រហុក
  • ថ្ងៃខែឆ្នាំកំណើតៈ ០៧ កក្កដា ១៩២៦
  • ទីកន្លែងកំណើតៈ ភូមិវត្តគរ បច្ចុប្បន្នក្នុង​ស្រុកបាត់ដំបង ខេត្តបាត់ដំបង
  • ការសិក្សា និង​ការងារ​នៅ​ប្រទេស​ថៃ (១៩៤២-១៩៥០): នៅឆ្នាំ១៩៤២ គាត់​បាន​ទៅនៅ​ទីក្រុង​បាងកក​ ដើម្បី​សិក្សា​ផ្នែក​ច្បាប់​​នៅ​សាកល​វិទ្យាល័យធម្មសាស្រ្ត។ នៅឆ្នាំ១៩៤៧ គាត់​បានចូល​ក្នុង​អង្គការ​យុវជនថៃ​ឆ្វេង​និយម និង​បាន​​ចាប់ផ្តើម​បំរើការជាស្មៀននៅ​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេសថៃ ហើយនៅទីនោះ គាត់បាន​ចូលរួម​ជាមួយ​បក្ស​កុម្មុយនីស្តថៃ ប៉ុន្តែ​ស្ថិត​នៅ​ព្យួរ​ក្រៅ​រង្វង់​កិច្ចការ​បក្ស​អស់​រយៈពេល​ ៤ឆ្នាំដោយ​មិនចូល​រួម​រហូត​ដល់​ឆ្នាំ១៩៥០​។ នៅខែមករា ឆ្នាំ១៩៥០ គឺជិតនឹងបញ្ចប់​ការសិក្សា​ឆ្នាំទី២ទៅហើយ គាត់​បាន​ចូលរួម​​ក្នុង​បក្ស​កុម្មុយនីស​ថៃ​តែ​ម្តង និង​ចាប់​ផ្តើម​ធ្វើការ​ងារ​ក្នុង​ក្រសួង​ការបរទេស​នៃប្រទេស​ថៃ។
  • ពេលវិលត្រឡប់​ចូល​មក​កម្ពុជាវិញៈ ​នៅឆ្នាំ១៩៥០​ ដដែល​គាត់​បាន​វិល​ត្រឡប់​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ និង​ត្រូវបាន​ចូលរួម​ក្នុង​បក្សកុម្មុយនីសកម្ពុជា​។ នៅឆ្នាំ១៩៥១ គាត់​ធ្លាប់មានតំណែង​ជា​រដ្ឋ​មន្រ្តី​​ទទួល​បន្ទុកកិច្ចការ​សេដ្ឋកិច្ច​នៅ​ខាង​រណសិរ្ស​រួបរួម​ឥស្សរៈ ហើយនៅ​ឆ្នាំ១៩៥៤ បានទៅ​ធ្វើ​កម្មសិក្សា​នៅ​ហាណូយ​ប្រទេស​វៀតណាម។ នៅ​ឆ្នាំ១៩៦០ គាត់​ត្រូវបាន​តែង​តាំងជា​អនុលេខាបក្ស​ នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា និងជា​សមាជិក​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍ នៃបក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​គាត់​​ស្ថិត​នៅក្នុង​តំណែង​ទាំងពីរនេះ​ពេញមួយរបប​កម្ពុជា​ប្រជាធិបតេយ្យ។គាត់រស់នៅ​ជាមួយ​​ខ្មែរក្រហម​ រហូត​ដល់មាន​កិច្ចព្រមព្រៀង​គ្នា​មួយ​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅខែធ្នូ ឆ្នាំ១៩៩៨ ដែល​អនុញ្ញាត​អោយ​គាត់​មក​រស់នៅ​ក្រុង​ប៉ៃលិន ក្បែរ​ព្រំដែន​ថៃ​វិញ។
  • មុខ​តំណែង​ក្នុង​សម័យ​កម្ពុជា​ប្រ​ជា​ធិប្ប​តេយ្យ: គាត់(នួនជា)​ ​គឺ​ជា​អនុលេខាបក្ស​នៃបក្សកុម្មុយនីស្ត​កម្ពុជា, សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​កម្ពុជា, ប្រធាន​​សភា​​ប្រជាជន​​នៃ​របប​​កម្ពុជា​ប្រជាធិបតេយ្យ ។ នៅឆ្នាំ១៩៧៦ គាត់​ធ្លាប់កាន់​ដំណែង​ជានាយករដ្ឋមន្រ្តី​ស្តីទី​បាន​មួយរយៈ  និង​បន្ទាប់​មក ប៉ុលពត​ បាន​យក​ដំណែង​នេះ​មក​គ្រប់​គ្រង​ខ្លួន​ឯង​វិញ​ក្នុង​ឆ្នាំដដែលនោះ។ ​បើ​យោង​តាម​ដីកា​ដំណោះស្រាយ​​របស់​សាលាក្តី តួនាទី​របស់​គាត់ត្រូវបាន​ចោទ​ប្រកាន់​ថា ជា​សមាជិក​​គណៈ​កម្មាធិការ​​យោធា​​ នៃ​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​​កុម្មុយនីស្ត​កម្ពុជា​ ប៉ុន្តែគាត់​បាន​បដិសេធ​​នូវ​តួនាទី​​នេះ។

នៅក្នុងសំណុំរឿង០០២ ចំណុចចោទប្រកាន់ និងស្ថានភាពករណី​​របស់​លោក នួន ជា មាន​ដូចតទៅ៖

ស្ថាន​ភាព​ករណី: លោក នួន ជា ត្រូវចោទប្រកាន់ និងបញ្ជូន​ទៅជំនុំ​ជម្រះ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យ​ពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និងការ​ធ្វើទុក្ខ​បុកម្នេញ​ខាងផ្នែក​សាសនា ដែល​មាន​ចែងក្នុង​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦ និង​មានចែង​ និង​ផ្តន្ទាទោស តាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់​ស្តីពីការ​បង្កើតអង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០០៤។

ចំណុច​ចោទ​ប្រកាន់: លោក នួន ជា ត្រូវបានចោទប្រកាន់ថា មានការ​ទទួល​ខុសត្រូវ​តាម​រយៈការ​ធ្វើសកម្មភាព ឬ​បរាជ័យ​ក្នុងការ​ទប់ស្កាត់ (រួមបញ្ចូល​ទាំងការ​ប្រព្រឹត្ត​តាមរយៈ​ឧស្សាហកម្ម​ឧក្រិដ្ឋកម្ម​រួម) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត​ដោយការ​ជួយ​ ឬជំរុញ ឬបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ពីថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ​ទី៦ ខែមករា ឆ្នាំ១៩៧៩ ដូច​ខាង​ក្រោម៖

  • ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិៈ មនុស្សឃាត ការសម្លាប់​ផ្តាច់ពូជ ការដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត។
  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ៈ ការសម្លាប់​រង្គាល​ក្រុម​ជនជាតិ​វៀតណាម​ និងចាម។
  • ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើអនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ១៩៤៩: មនុស្សឃាត​ដោយចេតនា ការធ្វើ​ទារុណកម្ម ឬការ​ប្រព្រឹត្ត​អមនុស្សធម៌ ការបង្ក​ដោយចេតនា​អោយ​មាន​របួស​ធ្ងន់ធ្ងរ ឬអោយ​មានការ​ឈឺចាប់​ដល់រូបរាង​កាយ ឬសុខភាព ការដក ហូត​ដោយ​ចេតនា​ពីឈ្លើយសឹក ឬជនស៊ីវិល​នូវសិទ្ធិ​ទទួល​បាន​ការកាត់ក្តី​ដោយ​យុត្តិធម៌ ការបង្ខាំង និង​ការនិរទេស​ជនស៊ីវិល​ដោយ​ខុសច្បាប់។
  • អំពើមនុស្សឃាតៈ ការធ្វើ​ទារុណកម្ម និងការ​ធ្វើទុក្ខ​បុកម្នេញ​ខាងផ្នែក​សាសនា ដូច​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ១៩៥៦។

តែ​រាល់បទ​ចោទ​ប្រកាន់​ទាំងអស់​​នេះ ត្រូវបានលោក​ នួន ជា បាន​បដិសេធ​ចោល​ទាំងស្រុង។

មេ​ធាវី​ការពារ​ក្តី:

  • មេធាវីជាតិៈ លោក សុន អរុណ
  • មេធាវីអន្តរជាតិៈ លោក ម៉ៃឃើល ផេស្តមេន (Michael Pestman) និងលោក វីកទ័រ គូប៉េ (Victor Koppe) ។ មេធាវីទាំងពីររូប​នេះ ជាជនជាតិហូឡង់ ។

ស្រុកស្រែ