Category Archives: អំពីខ្ញុំ

វិចិត្រសាល

ក្រូសៗ… ប្លុក​ខ្ញុំ​អាយុ​បាន ២ឆ្នាំហើយ..!!..

លេងសើចៗ… មក​ដល់​ថ្ងៃ​ទី ២០ កញ្ញា ឆ … បន្ត​ការ​អាន

វិចិត្រសាល

ខួប ១ឆ្នាំ​នៃ​ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ…

This gallery contains 1 photos.

ថ្ងៃនេះទី ២០ ខែកញ្ញា ឆ្នាំ២០១២… គឺ … បន្ត​ការ​អាន

ស្វ័យទិតៀន៖ ​ខ្ញុំជាជន​កំសាក..!!..??..

គិតមកដល់ចុងខែឧសភា ឆ្នាំ២០១២ នេះ ផ្ទះស្រុកស្រែរបស់ខ្ញុំ ដែលបាន​សាង​សង់​នៅ​តំបន់​សំបុក​ចាប WordPress នេះ មានរយៈពេលជាង ៩ខែហើយ… ជាង ៩ខែ​ដែល​ពោរ​ពេញ​ដោយ​ភាពរីករា​យ និងមិត្តភាពមិនអាចកាត់ថ្លៃបាន… ជាពិសេស គឺខ្ញុំ​សប្បាយ​ចិត្ត ដោយសារតែការចេះរក្សាបាននូវឥរិយាបទ “កំសាកៗ” របស់​ខ្ញុំនេះ​តែ​ម្តង..??..!!..

រំលឹកថយក្រោយបន្តិចកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១១… ដោយមើលឃើញគំរូ​ពីការ​បិទ​ប្លុក​បែប​ “ឆៅៗ” របស់ញាតិយើង គឺលោក សាម៉ាឌី (ឈ្មោះហៅក្រៅ ស៊ីម៉ាដាម) ហើយ​ខ្ញុំ​ភ័យ​ខ្លាច​ប្លុកស្រុកស្រែរបស់ខ្ញុំ មានវាសនាដូចប្លុករបស់គាត់ ដែរនោះ ខ្ញុំក៍​បាន​ចំណាយ​ប្រាក់ ដើម្បីទិញ Domain Name (sroksrear.com) ពីក្រុមហ៊ុន WordPress នេះ​តែ​ម្តង ដោយខ្ញុំគិតថា៖ របស់ដែលគេអោយប្រើទទេៗ (free) ប្រសិន​បើ​យក​មក​ប្រើ​បែប “ធម្មតា” គឺមិនអីទេ តែបើប្រើបែប “អធម្មតា” វិញ គឺច្រើន​តែមាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ហើយ។

ដូចការគិតរបស់ខ្ញុំមែន… ក្រោយមកមិនបានប៉ុន្មានថ្ងៃ ខ្ញុំបានដាក់ប្រកាសមួយ ជា​ប្រភេទ​បែប “អធម្មតា” មានចំណងជើងថា៖ ទន្សោងគោព្រៃ… ដែលមានខ្លឹមសារ លើក​ព្រនង់​វ៉ៃត្រង់ៗតែម្តង…។ ភ្លាមៗនោះ មិនដឹងជាអាចង្រៃ Hacker ចោរម្រ៉ាយ លេចចេញពីក្រហែងមេឃណាម៉ោទេ ដែលវាញ៉ាមធ្លាប់បានបិទប្លុកគេឆៅៗ នៅក្នុង WordPress នេះ បានហក់ចូលមកបិទប្លុកស្រុកស្រែរបស់ខ្ញុំនេះចោលតែម្តង។ តែ​ដោយ​សារ​ខ្ញុំ​បានទិញ Domain Name ទាន់ពេលវេលា ជាហេតុធ្វើអោយក្រុមនេះ បាន​ត្រឹម​តែ​បិទ Comment ដើម្បីកុំអោយមានអ្នកបញ្ចេញយោបល់បន្តទៀត នៅ​ក្នុង​ប្រកាស​ទន្សោង​គោព្រៃនេះតែប៉ុណ្ណោះ… ហើយតាំងពីពេលនោះមក ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ​នេះ ក៍មិនទាន់ឃើញមានហេតុភេទអ្វីកើតឡើងទៀតដែរ។ តែខ្ញុំនៅតែយល់ថា ពួក​ក្រុម​គេ​នេះ នៅតែអាចមានសមត្ថភាពធ្វើអ្វីៗបានស្រេចតែ ក្បាលវ៉ាល់ណឹង ប្រសិន​បើពួកគេចង់…។

ចាប់ពីមានរឿងហេតុចង្រៃខាងលើនេះមក ខ្ញុំបានក្លាយទៅជាជន “កំសាក” លែង​ចង់​ធ្វើ​ជា​អ្នក​ក្លាហាន “លីព្រនង់” ទៀតហើយ…។ ម្យ៉ាងមកពីខ្ញុំយល់ថា ប្រសិន​បើ​រដ្ឋ​អំណាច​ចង់​រកអត្តសញ្ញាណរបស់ម្ចាស់ប្លុកនីមួយៗ ដែលកំពុងខំប្រឹង លាក់​មុខ​ដូច​ពង្រូល និងកំពុងរស់នៅក្នុងស្រុកខ្មែរស្រាប់ ដូចយ៉ាងស្រុកស្រែខ្ញុំនេះ ជាដើម គឺ​ហាក់​ដូច​ជា​គ្មាន​អ្វីពិបាកសោះ ព្រោះថា ក្រុមហ៊ុន ISP ទាំងអស់ ស្ថិតនៅ ក្រោម​ការ​គ្រប់​គ្រង​​របស់រដ្ឋអំណាច… ហេតុនេះ បើរដ្ឋអំណាចចង់រកម្ចាស់ប្លុក មួយណា គឺ​គ្រាន់​តែ​ស្វែង​រក​តាមរយៈ IP Address របស់អ្នកប្រើប្រាស់ម្ចាស់ប្លុកទៅ គឺ​ងាយ​ជាង​លា​បាត​ដៃ​ទៅ​ទៀត…។

ទន្ទឹមនឹងការតាំងចិត្តធ្វើជាជនកំសាកនេះ ដែលក្រោយមក មានញាតិមិត្តយើងខ្លះ បាន​ចាត់ទុកខ្ញុំថា ជាប្រភេទកំសាកញីទៅទៀត… តែគិតៗទៅ ខ្ញុំក៍មិនអៀនខ្លួន និង​ស្រួល​ម្យ៉ាង​ដែរ ព្រោះថា ការធ្វើជាជនកំសាក មិនសូវមាន “សត្រូវ” ច្រើនទេ… តែការ​កំសាក​របស់ខ្ញុំនេះ មានចរឹតជាការកំសាកបែប “ហ៊ាន”… មិនមែនកំសាកបែប “ខ្លាច” គេ​ញ៉មៗ​ទេ។ ហេតុនេះហើយបានជាខ្ញុំ ដូរឥរិយាបទពីអ្នកក្លាហាន “លីព្រនង់” ចាំវ៉ៃ​ត្រង់ៗ ទៅ​ជាជនកំសាកអង្គុយ “កាន់ព្រនង់” អង្អែលវិញ។ ចំណាំមើលខ្ញុំចុះ… ពេល​ណា​ខ្ញុំចង់ “ចូលប្រឡូក” ក្នុងរឿងហេតុណាមួយ គឺខ្ញុំចូលចិត្តអង្អែលព្រនង់ និង​គ្រាន់​តែ​កាន់​ព្រនង់យកទៅជន្ល ធ្វើវ៉ៃប្រឆិតៗ… វ៉ៃក្បែរៗ… ធ្វើជាវ៉ៃខុយៗ… វ៉ៃអោយស្ញើបៗ… វ៉ៃ​អោយ​ល្ហើយៗខ្លួន..!!.. ការវ៉ៃបែបនេះ ខ្ញុំយល់ថា ពេលខ្លះ​ធ្វើ​អោយ​ឈឺចាប់​ដល់​កណ្តាល​ដើមទ្រូង! ឈឺគ្រាំគ្រឿងក្នុង! ឈឺស្រគារពេញក្បាល… ឈឺ​ជាង​វ៉ៃ​អោយ​ចេញ​ឈាម​ទៅទៀត..!!..??..

នៅមានទៀត… វិធីវ៉ៃបែបកំសាកៗ ធឺម៉ាកស្រុកស្រែខ្ញុំនេះទៀតសោត គឺជាការវ៉ៃ តាម​របៀប​ត្រៀម​ទុកជាមុននូវច្រកផ្លូវក្រោយ ដើម្បីងាយស្រួលដល់ការ “ដកថយ” តាម​ក្បួន​យុទ្ធសាស្រ្ត..!!.. ការដែលអ្នកក្លាហាន ចូលចិត្តនាំគ្នាលីព្រនង់ទៅសំពងចំៗ ម៉ាអស់​ទំហឹង… គឺហាក់ដូចជាយកក្បាល ទៅជល់នឹងជញ្ជាំង “វិមានសន្តិភាព” អញ្ចឹង ដែល​ខ្ញុំ​យល់ថា មិនមែនជាអ្នកក្លាហានពិតប្រាកដទេ…។

ខ្ញុំមិនបង្អាប់ទេ… តែគិតចុះគិតឡើងទៅ… បើប្រៀបជាមួយនឹងអ្នកក្លាហាន ខ្ញុំនៅ​តែជា​ជន​កំសាក អាដែល..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

ចាប់​ផ្តើម​ធ្វើ​ដំណើរ​ឡើងវិញ…

ដោយសារតែខ្ញុំឃើញគំរូរគេឃ្លុំបេ បិទប្លុករបស់ញាតិជិតខាងយើង គឺវ៉ៃ​កំទេច​ផ្ទះ​លោក សាម៉ាឌី ឆៅៗរួចមក ខ្ញុំក៍នឹកបារម្ភខ្លាចបាត់បង់គំនិត ស្នាដៃ និង​ពេល​វេលា​ក្នុង​ការ​បង្កើត​ប្លុក​របស់ខ្ញុំដែរ។ ហេតុនេះ ម្សិលមិញ ខ្ញុំក៍បានទិញ Hosting ផ្ទាល់​ខ្លួន​សំរាប់​ប្លុក​ស្រុកស្រែ របស់ខ្ញុំដូចលោក សាម៉ាឌី ឥឡូវនេះដែរ បើទោះជាពេលខ្លះខ្ញុំគិតថា នេះ​ប្រហែល​ជា​ល្បិចរកស៊ីរបស់ WordPress ផងក៍មិនដឹង…។

ម្សិលមិញ ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១១… គឺជាការ​ចាប់ផ្តើម​ចេញ​ដំណើរ​សារ​ជាថ្មី​ម្តង​ទៀត ​នៃប្លុកស្រុកស្រែរបស់ខ្ញុំ។ សំរាប់ខ្ញុំ តាំងពីពេលមុនមក រហូតដល់ពេលនេះ និង​ទៅ​ពេល​ខាង​មុខៗទៀត ប្លុកស្រុកស្រែរបស់ខ្ញុំ គឺនៅ​តែមាន​បំណង​ចែក​រំលែក​នូវ​ទស្សនៈ ​គំនិត​យោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំសុទ្ធសាធ ដោយមិន​ឆ្លុះ​បញ្ចាំង​ពីទស្សនៈ​នយោបាយ​របស់​គណបក្សណាមួយឡើយ… ហើយការ​ដែលខ្ញុំ​បង្កើត​ប្លុក​ស្រុកស្រែ​នេះ ក៍មិនមែន​ជា​គោលដៅ​ជំនួញរកស៊ីអីដែរ ព្រោះទីនេះ​មិនគួរ​ជា​កន្លែង​រក​ស៊ី​សោះ…។ បើជាកន្លែងសិក្សា រៀនសូត្រ និងបង្កើតនូវមិត្តភាព និងការ​រាប់អាន​ដោយ​ស្មោះស ទើបត្រូវជាង។

ដោយពិតទៅ ខ្ញុំរៀនសូត្រចេះដឹងច្រើនពីមិត្តភក្តិយើងទាំងអស់នៅទីនេះ… ហើយ​ខ្ញុំក៍​មាន​កំលាំងចិត្តដោយសារតែមានការលើកទឹកចិត្ត និងការ​រាប់អាន​ពីមិត្តភក្តិ​ទាំងអស់​នៅ​ទីនេះ​ផងដែរ ហើយអ្វីៗទាំងអស់ដែលបានកើតមានឡើងនៅលើប្លុកស្រុកស្រែនេះ គឺជា​លទ្ធផល​ ដែលបាន​មក​ពីចំណែក​នៃពេលវេលា​សេសសល់​បន្តិច​បន្ទួច​ក្នុង​ម៉ោង​ការងារ​ប្រចាំថ្ងៃ​របស់​ខ្ញុំផង និងម៉ោង​ផឹកស៊ីផង… ហេហេ… ខូចអាដែល..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

ប្លុកខ្ញុំ អាយុបាន ១ខែហើយ…

ថ្ងៃនេះទី ២០ ខែតុលា ឆ្នាំ២០១១… គឺជាខួបគំរប់ ១ខែគត់នៃប្លុក ស្រុកស្រែ របស់ខ្ញុំ (ភាសា​អ្នកខាង​ខេត្តតាកែវថា ឆុកឈែ)។

ចូលមកដល់ពេលព្រឹកទីសាមសិប នាថ្ងៃនេះ ខ្ញុំសូម​រាយការណ៍​ជូន​ញាតិញោម​ពុទ្ធបរិស័ទ្ធ​ចំណុះ​ជើងវត្ត WordPress ទាំងអស់​ដោយ​សង្ខេប​ អំពី​ទិន្នន័យ​មួយ​ចំនួន​របស់​ប្លុកខ្ញុំ ដូចខាងក្រោម៖

  • ចំនួនប្រកាសៈ សរុបប្រកាស និង​រូបថត​ដែល​ខ្ញុំ​បាន​ដាក់​បញ្ចូល​ផ្សព្វផ្សាយ​មានចំនួន ២៧ចំណងជើង។ គិតជាមធ្យមក្នុង ១ថ្ងៃ ខ្ញុំចុះ​ផ្សាយ​បានជិត ១អត្ថបទចំណងជើងដែរ… ហេហេ…
  • ចំនួនភ្ញៀវចូលអើតមើលៈ សរុបបងប្អូន ញាតិមិត្ត​ដែល​បាន​ចូល​មក​លេង​ផ្ទះ​ខ្ញុំមានចំនួន ១៨២២ដង។ គិតជាមធ្យមក្នុង ១ថ្ងៃ​មាន​ភ្ញៀវ​ចេញចូល​ផ្ទះ​ខ្ញុំ​ចំនួន ៦០ដងដែរ… ហិហិហិ… នេះដោយសារតែផ្ទះខ្ញុំនៅថ្មីថ្មោង មិន​ទាន់​សឹកកាំជណ្តើរនៅឡើយ មិនដូច​ផ្ទះ​ញាតិមិត្ត​ក្បែរ​ខាងខ្ញុំ​ដែល​បាន​សាងសង់​ហើយយូរខែឆ្នាំ…។
  • ចំនួនមតិយោបល់ៈ សរុបប្រសាសន៍បងប្អូន ញាតិមិត្ត​ដែល​បាន​សន្ទនា​ជា​មួយ​ខ្ញុំ​មានចំនួន ១៤៩លើក។

ផ្អែកតាមការចូលទៅលេងផ្ទះញាតិជិតខាងខ្ញុំ ចាប់តាំងពីខ្ញុំបានមកសាងសង់ សំណង់​អាណា​ធិបតេយ្យ​នៅទីនេះមក (ទីនេះសង់ផ្ទះដោយសេរី… សង់ហ្រ្វីៗ) ខ្ញុំអាច​ធ្វើការ​វាយ​តំលៃ​ដោយ​ខ្លួនឯង​ដូចខាងក្រោម៖

  • ទំរង់ប្លុកៈ តាមធម្មតា អាចជាប់មធ្យមភាគ គឺប៊ិះធ្លាក់..!!
  • របៀបរចនាទូទៅៈ សំរស់ទាក់ទាញភ្ញៀវ ជិតជាប់មធ្យមភាគ គឺប៊ិះជាប់… ហេហេ…ធ្លាក់ក្ឌុក..!! ដោយសារខ្ញុំមិនចេះ ឬគ្មាននិស្ស័យខាងអាយធី (អ្នកផឹកស៊ីប្រែថា តែទឹកកក) ធ្វើអោយខ្ញុំមិនចេះរចនាម៉ូតម៉ាយ ក្បាច់​ក្បូរ​អីទេ… និយាយរួម គឺមើលអត់យល់ អត់​ដឹង​ពីរបៀប​ថា​ តើត្រូវ​ធើ​យ៉ាង​ម៉េច? ហើយ​អត់ចេះ​ធ្វើតែម្តង..!! ហេតុនេះ ប្លុកធឺម៉ាកផស់ខ្ញុំនេះ គឺអាច​ចាត់​ចូល​ក្នុង​ក្រុមចំណាត់ថ្នាក់ មោកៗ ចំហើយ..!!
  • រូបភាពក្បាលប្លុកៈ អាចថាគ្រាន់បើ… ហេហេ តែនេះ​មិនមែន​ជា​ស្នាដៃ​ខ្ញុំ​ទេ គឺខ្ញុំពឹង​ក្មេងក្មាង​អោយជួយធ្វើអោយទេ។

ដោយពិតទៅ ចាប់តាំងពីខ្ញុំមកដល់ទីនេះ ខ្ញុំមានអារម្មណ៍ថា ទីនេះគឺ​ជាសហគមន៍​អាណា​ធិបតេយ្យ​នៃគំនិតដ៏ទូលំទូលាយមួយ ដែល​បង្ហាញ​អោយឃើញ​នូវ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិរបស់បុគ្គលគ្រប់ៗរូប។ ហើយទីនេះដែរ គឺជាឃ្លាំង​នៃ​ចំណេះ​ដឹងទូទៅ​ដែលខ្ញុំបាន និងកំពុងតែរៀនសូត្ររាល់ថ្ងៃនៅទីនេះ។ ចំពោះខ្លួនខ្ញុំផ្ទាល់ នៅទីនេះគឺខ្ញុំចូលចិត្តអាននូវអត្ថបទស្រាវជ្រាវ និងអត្ថបទបកប្រែគ្រប់ប្រភេទ… រីឯអត្ថបទនានា ​ដែលមានលក្ខណៈជាដំណឹងព័ត៌មាន ដូច​អត្ថបទ​សារព័ត៌មាននានា ដែលបានគេចុះផ្សាយព្រោងព្រាតរួចមកហើយនោះ គឺ​ខ្ញុំ​មិន​ចង់​អានទេ។

ដោយឡែកចំពោះប្លុកខ្ញុំវិញ គ្រប់ប្រកាសទាំងអស់ដែលមានក្នុងទីនេះ គឺជាលទ្ធផល​ដែល​ចេញ​មកពីគំនិតរបស់ខ្ញុំ ព្រមទាំងបង្ហាញពីអារម្មណ៍ មនោសញ្ចេតនា​របស់​ខ្ញុំ​សុទ្ធ​សាធ ដែលខ្ញុំច្បិចលួចយកពីនេះខ្លះ ពីនោះខ្លះ ដោយមិនឆ្លុះបញ្ចាំងពីទស្សនៈ ឬ​សំលេង​​សំរាប់​បំរើអោយគណបក្ស និងអ្នកនយោបាយណាមួយឡើយ។ ព្រោះ​តាំង​ពីដើម​រៀងមក ខ្ញុំចូលចិត្តរស់នៅ និងធ្វើការងារណាដែលមានឥស្សរៈភាព និង​ការ​ទទួលខុសត្រូវក្នុងគំនិតច្នៃប្រឌិតដោយខ្លួនឯង ដោយមិន​ចូលចិត្ត​ការ​បង្គាប់​បញ្ជា​ពីមុខពីក្រោយទេ…។

ខ្ញុំគឺជាខ្ញុំ… ហើយទោះជាការរស់នៅរបស់ខ្ញុំ ស្ថិតក្នុងស្ថានភាពបែបណាក៍ដោយ ក៍ខ្ញុំ​គឺ​ជា​ខ្ញុំ​រហូត​គ្មានការប្រែប្រួល​ដដែល..!! ទស្សនៈរបស់ខ្ញុំគឺ ត្រូវចេះជួយខ្លួនឯងសិន ទើបអាចជួយសង្គមគ្រួសារខ្ញុំបាន… បន្ទាប់មកទើបសង្គមគ្រួសារខ្ញុំ អាចជួយ​ញាតិមិត្ត​បងប្អូន និងអ្នកភូមិផងរបងជាមួយរបស់ខ្ញុំបាន… ហើយចុងក្រោយ ទើប​យើង​ទាំងអស់​គ្នា អាចមាន​លទ្ធភាព​ចូលរួម​ចំណែក​ជួយ​កសាងជាតិ​យើង​ទាំងមូល​អោយ​មានការ​រីកចំរើន​ទៅបាន..!!

ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៣០ថ្ងៃកន្លងមកនេះ ខ្ញុំសូមថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ចំពោះវត្តមានរបស់អស់លោកអ្នក ដែលបាន​ចំណាយ​ពេលវេលា​ដ៏មាន​តំលៃ​ក្នុងការអាននិងផ្តល់យោបល់ដល់អត្ថបទរបស់ខ្ញុំទាំងអស់។ ទន្ទឹមនឹងនោះ ខួរក្បាល​ខ្ញុំក៍បានចាប់ផ្តើមកំរើក និងធ្វើការឡើងវិញជាបណ្តើរៗដែរហើយ ព្រោះខ្ញុំ​ខាន​បាន​ប្រើប្រាស់វាក្នុងការសរសេរតាក់តែងអត្ថបទបែបនេះ អស់ជាង​ម្ភៃឆ្នាំ​មក​ហើយ… នេះគឺមកពីខ្ញុំ ទុកខួរក្បាលចោលយូរពេក..!! ហេតុនេះ​ហើយ​បានជា​ពេល​នេះ បើខ្ញុំចង់សរសេរពីស្អីមួយ គឺត្រូវអង្គុយរកនឹក និងគិត​រយៈ​ពេលយូរ​ទំរាំ​នឹង​សរសេរ​ចេញ​ជា​អត្ថបទបានមួយៗ ដែលខុសកាលពីជាង ២០ឆ្នាំមុនឆ្ងាយណាស់។ និយាយ​ទៅ គឺក្រោយពេលខ្ញុំជាប់បាក់ឌុបឆ្នាំ១៩៨៦ មក ខ្ញុំបាន​ចាប់​យក​មុខ​វិជ្ជា​ផ្សេង​ ​ដោយ​បោះបង់​ចោល​កិច្ចការ​​តែង​និពន្ធ​នេះ​ ទៅ​ក្នុង​ធុង​សំរាមរហូតមក… ។ ឥឡូវនេះ ឆ្លៀត​ពេល​ទំនេរ​បន្តិចបន្ទួចពីការងារ និង​ម៉ោង​ផឹកស៊ី(sic!) ខ្ញុំបានចាប់ផ្តើមផ្ស៊ាំគំនិត និង​ស្មារតី​ខ្ញុំ​ទៅក្នុងកិច្ចការប្រើចុងប៊ិច ជំនួស​សំដី​នេះ​ឡើងវិញហើយ…។

តាមទ្រឺស្តីក្នុងសៀវភៅ… (ហេហេ…មិនមែនសៀវភៅធម៌ គហិ ទេ) គឺថាដើម្បី… បើចង់​អោយអត្ថបទមួយដែលមានទាំងអត្ថរស និងអត្ថន័យ ព្រម​ទាំង​មាន​ភាព​ទាក់ទាញ​ប្រកប​ដោយ​ភាពរស់រវើកនោះ ស្មេរគ្រប់ៗរូបចាំបាច់ត្រូវតែ អាន ស្តាប់ និង ទស្សនា គ្រប់រឿងរ៉ាវ គ្រប់ហេតុការណ៍ទាំងអស់ដែលនៅជុំវិញខ្លួនយើងរាល់ថ្ងៃ… គឺត្រូវ​តែព្យាយាមដឹងអ្វីៗទាំងអស់អោយបានច្រើនកាលណា ល្អកាលណឹង..!! ទើប​យើង​អាចប្រមូលផ្តុំបាននូវគោលគំនិតគ្រប់គ្រាន់ក្នុងការសរសេរអត្ថបទនីមួយៗ អោយ​មានគ្រប់ជាតិជៅ។ ទន្ទឹមនឹងនោះ ការចេះប្រើប្រាស់ឃ្លាល្បះ និង​កំណែ​អក្ខរា​វិរុទ្ធ​ខ្មែរអោយបានត្រឹមត្រូវ គឺជាការចាំបាច់មិនអាចខ្វះបាន នៅក្នុង​សិល្បៈ​តែង​និពន្ធ​នេះ…។

ខ្ញុំដូចជានិយាយច្រើនបន្តិចសំរាប់ខួប ១ខែនៃការមក​តាំងទីលំនៅ​ក្នុង​សហគមន៍​អាណា​ធិបតេយ្យ​នៃការបញ្ចេញគំនិត ក្នុងតំបន់ WordPress នេះ។ អាចចាត់ទុកថា នេះគឺ​ជាការនិយាយ កកេរកករ របស់កូនង៉ែត ដែលអស់លោក​អ្នកធ្លាប់​បានឮ​ឡើង​ស៊ាំ​ត្រចៀក​រួចមកហើយទៅចុះ…

សូមផ្ញើរជូននូវស្នាមញញឹមប្រកបដោយការគោរពបំផុតរបស់ខ្ញុំពីចំងាយ ចំពោះ​អស់​លោក​អ្នកដែលបានអានប្រកាសខ្ញុំនេះ… អនុមោទនា… (ខ្ញុំមិនដឹងប្រែ​ថា​ម៉េច​ដែរទេ?)​… អេវំ..!!…៕

ស្រុកស្រែ

អំពីខ្ញុំ

ថ្ងៃនេះ គឺថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១១…

ខ្ញុំបង្កើតគេហទំព័រផ្ទាល់ខ្លួននេះឡើង គឺដើម្បីកត់ត្រានូវ​កំណត់ហេតុ យោបល់ និង​ទស្សនៈ​ផ្ទាល់​ខ្លួន ​ព្រម​ទាំង​រូបថត​ផ្សេងៗ ដែល​ខ្ញុំ​បាន​ថត​នៅ​តាម​ទី​ជន​បទ​ស្រែ​ចំការ​ក្នុង​ស្រុក​ខ្មែរ​យើង។ ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​ទេសភាព​ជនបទ​ស្រែ​ចំការ​ណាស់…​ហេតុនេះ​ហើយ​បាន​ជា​ ខ្ញុំ​ជ្រើស​រើស​ឈ្មោះ​របស់​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ថា ​ស្រុកស្រែ

ខ្ញុំជាអ្នករស់នៅជនបទ ស្រែចំការ ដូចអ្នក​ស្រែ​ចំការ​ខ្មែរ​យើង​ទូទៅ​ដែរ…​គឺ​ជា​អ្នក​ស្រុក​ដែល​រស់​នៅតាម​ បណ្តោយ​ដង​ទន្លេ​បាសាក់ត្រើយ​ខាង​កើត…។ បច្ចុប្បន្ន​ខ្ញុំ​​ជា​បុគ្គលិក​សាមញ្ញ កំពុង​បំរើការ​​ក្នុង​​​អង្គការ​មនុស្សធ៌ម​មួយ។ ឆ្លៀត​ពេល​ទំនេរ​បន្តិចបន្ទួច ​ខ្ញុំ​នឹង​ចូល​រួម​ចែក​រំលែក​នូវ​បទ​ពិសោធន៍ និង​ចំណេះ​ដឹង ​ព្រម​ទាំង​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដែល​មាន​ទាំង​ប៉ុន្មាន​នៅ​លើ​ គេហទំព័រនេះ ហើយ​ខ្ញុំ​ក៍​សប្បាយ​រីករាយ​​ក្នុង​ការ​រៀន​សូត្រ​នូវ​ចំណេះ​ដឹង​ទាំង​ឡាយ ពី​អស់លោក​អ្នក​​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​ក្នុង​ទីនេះ​ដែរ…

ស្រុកស្រែ