Monthly Archives: ខែវិច្ឆិកា 2011

រូបថតថ្ងៃ​ម្សិលមិញ…

រូបថតការបើកពិពណ៌សមិទ្ធិផលបោសសំអាតមីនម្ភៃឆ្នាំ៖

11MSP

សិល្បករ សិល្បការិនីជនពិការ កំពុងផាត់មុខ

11MSP

សិល្បករវ័យក្មេង...

11MSP

ភ្ញៀវជាតិ និងអន្តរជាតិឡើងច្រៀងលើឆាក

11MSP

ទិដ្ឋភាពរួមក្នុងអង្គពិធីទាំងមូល...

 ស្រុកស្រែ

រូបថតចាស់ៗ…

ដើរមើល​រូបថតពិពណ៌​របស់កិច្ច​ប្រជុំ​អន្តរជាតិ​លើក​ទី១១ នៃអនុសញ្ញា​អូតាវ៉ា នាថ្ងៃនេះ ខ្ញុំចាប់អារម្មណ៍​រូបថត​ចាស់ៗ​មួយ​ចំនួន​របស់​កម្ពុជា​យើង​ ដូចខាង​ក្រោម៖

ក្រចេះ, Kratie

អតីតផ្លូវលំហូជីមិញ នៅស្រុកស្នួល ខេត្តក្រចេះ (រូបថតឆ្នាំ២០០១)

War in Cambodia

ឆាកប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជាប្រជាធិបតេយ្យ និងកងទ័ពវៀតណាមនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨ (រូបថត AKP)

War in Cambodia

នេះមិនមែនរូបថតបាញ់គ្នានៅមជ្ឈឹមបូព៌ាទេ តែគឺជារូបភាពបាញ់គ្នានៅស្រុកស្វាយចេក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៨៩ (រូបថតកាសែតកងទ័ព)

War in Cambodia

នេះជាឆាកប្រយុទ្ធគ្នានៅខេត្តពោធិសាត់ (រូបថតកាសែតកងទ័ព)

War in Cambodia

នេះជាឆាកប្រយុទ្ធគ្នានៅត្រង់បង្គោលគីឡូម៉ែត្រលេខ ១៩២ ផ្លូវជាតិលេខ ៤ ភ្នំពេញ-កំពង់សោម (រូបថតកាសែតកងទ័ព)

Cambodian Refugee

ជនភៀសខ្លួនខ្មែរនៅតាមជំរំព្រំដែនកម្ពុជា-ថៃ ត្រៀមខ្លួនធ្វើមាតុភូមិនិវត្តន៍ នៅឆ្នាំ១៩៩២ (រូបថត UNHCR)

Cambodian Refugee

ចាប់ផ្តើមចេញដំណើរធ្វើមាតុភូមិនិវត្តន៍ នៅឆ្នាំ១៩៩២ (រូបថត UNHCR)

Cambodian Refugee

ចាប់ផ្តើមចេញដំណើរធ្វើមាតុភូមិនិវត្តន៍ នៅឆ្នាំ១៩៩២ (រូបថត UNHCR)

Cambodian Refugee

ចាប់ផ្តើមចេញដំណើរធ្វើមាតុភូមិនិវត្តន៍ នៅឆ្នាំ១៩៩២ (រូបថត UNHCR)

Cambodian Refugee

ចាប់ផ្តើមចេញដំណើរឡើងឡានធ្វើមាតុភូមិនិវត្តន៍ នៅឆ្នាំ១៩៩២ (រូបថត UNHCR)

Cambodian Refugee

សួស្តីចាស៎... ខ្ញុំ ត្រឡប់មកវិញហើយ...!!

ស្រុកស្រែ

កាលប្បវត្តិ នៃអ្នកដឹកនាំ​ប្រទេសថៃ…

នៅមុនឆ្នាំ១៩៣២ ព្រះរាជាណាចក្រថៃ មាន​ឈ្មោះថា ប្រទេសសៀម ឬ​ស្យាម។ តែក្រោយ​ពី​រដ្ឋប្រហារឆ្នាំ១៩៣២ មក ​ប្រទេសសៀម ឬស្យាម​នេះ បានប្តូរ​ទៅ​ជា​ប្រទេសថៃឡង់ដ៍វិញ និងបាន​បង្កើត​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៣៣ ។ បើចង់​ជ្រាបច្បាស់​​ពី​​ហេតុការណ៍នេះ លោកអ្នក​អាច​រក​សៀវភៅ​អាន​​ ​ដែល​មាន​ចំណង​ជើង​ថា៖ រដ្ឋប្រហារឆ្នាំ១៩៣២ ពីសៀម មកថៃឡង់ដ៍…

នៅ​ក្នុង​អត្ថបទ​ កាលប្បវត្តិ ​នៃអ្នក​ដឹកនាំ​ប្រទេស​ថៃ​ របស់​​ខ្ញុំនេះ លោកអ្នក​​ប្រហែល​ជា​មិន​ឯកភាព​អំពី​​​ឈ្មោះ​​របស់​ឥស្សរជននៃ​​អ្នក​ដឹកនាំ​​ប្រទេសថៃ​​មួយ​ចំនួន ដែលខ្ញុំ​ប្រែ​ពី​​អក្សរ​ឡាតាំង ដើម្បី​អោយ​យល់​តាម​អក្ខរាវិរុទ្ធ​ជាខេមរភាសាយើងទេ ​ហើយ​ខ្ញុំ​គិត​ថា នឹង​បង្កើត​អោយ​មាន​នូវ​កំហុស​ឆ្គង​ដោយ​ជៀសមិនរួច ។ ហេតុនេះ​ សូម​អស់​​​លោក​អ្នក​មេត្តា​អធ្យាស្រ័យ និង​​អាច​ធ្វើការ​ផ្ទៀងផ្ទាត់​ជា​មួយ​នឹង​អក្សរ​ឡាតាំងដោយ​ខ្លួនឯង​ចុះ។

ខាងក្រោមនេះ គឺជាកាលប្បវត្តិ​នៃ​អ្នកដឹកនាំប្រទេសថៃ ដែលបាន​កាន់​តំណែង​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី ចាប់តាំង​ពី​រដ្ឋប្រហារ​ដោយ​យោធា​​នៅ​ឆ្នាំ១៩៣២ រហូត​មក​ដល់​បច្ចុប្បន្ននេះ…

thai-govvernmentthai-govvernmentthai-govvernmentthai-govvernmentthai-govvernmentthai-govvernmentthai-govvernmentthai-govvernment

តាមទិន្នន័យ​ខាង​លើនេះ ខ្ញុំ​អាច​ទាញ​បាន​នូវ​ចំណុច​សំខាន់​ៗ មួយចំនួន​ដូចខាង​ក្រោម៖

  • ក្នុងចំណោមនៃការ​ផ្លាស់​ប្តូរ​ និង​គ្រប់​គ្រង​អំណាច​ជាង​ ៤០លើកនេះ គឺកងកំលាំង​ទាហាន​ដែល​ស្ថិត​ក្រោម​អំណាចដ៏ធំធេង​​​របស់​ព្រះ​​មហាក្សត្រថៃ បានស៊ីដាច់​អស់​ចំនួន ១៧លើក​ទៅ​ហើយ។ រីឯ​រដ្ឋប្រហារ​វិញ គិត​មក​​ដល់​ពេល​រដ្ឋប្រហារ​​ចុង​ក្រោយ​ដែល​ទំលាក់​​​លោក ទក្សិណ ស៊ីណាវត្ថិ នៅ​ឆ្នាំ២០០៦ គឺ​មាន​ចំនួន ១៩លើក​ហើយ ។ នេះ​បញ្ជាក់​អោយ​ឃើញ​ថា ប្រទេស​ថៃ ជានិច្ចកាល​​តែង​តែ​ប្រើ​ប្រាស់​កំលាំង​បាយ​ ​ដើម្បី​គ្រប់គ្រង​អំណាច​ផង និង​ជា​លេស​ដើម្បី​ការពាររាជបល្ល័ង្គផង ដែល​តាម​​ការពិត​ នេះ​គឺ​ជា​យុទ្ធសាស្រ្ត ឬនយោបាយ​​ពង្រឹង​ និង​ពង្រីក​ទឹក​ដីថៃ ដែល​ពួកគេ​ធ្លាប់​​បាន​ទទួល​ជោគ​ជ័យ​តាំង​ពី​ដើម​រៀង​មក ។
  • គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ អភិសិទ្ធិ វិជ្ជាជីវៈ បច្ចុប្បន្ននេះ​​ បាន​បង្កើត​ឡើង និង​បាន​ទទួល​គ្រប់​គ្រង​អំណាច​ដំបូង​បង្អស់​នៅ​ឆ្នាំ១៩៤៦។ គណបក្ស​ប្រជាធិបតេយ្យនេះ​ បាន​បង្កើត​ឡើងដោយ​​លោកវីរៈសេនីយ៍ ខួង អភ័យវង្ស (១៩០២-១៩៦៨) ដែលរហូត​មក​ទល់​នឹង​ពេល​នេះ បានឈ្នះ​ការ​បោះឆ្នោត និង​បាន​​គ្រប់គ្រង​ប្រទេស​ចំនួន ៧លើក​​​រួច​មក​​ហើយ ។
  • តាម​​ឯកសារ​បាន​បញ្ជាក់​ថា ខួង អ​​ភ័យវង្ស មាន​កំណើត​កើត​ជា​​នៅ​ក្នុង​ខេត្ត​បាត់ដំបង នៃប្រទេស​កម្ពុជា​យើង ។ តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ ខួង អភ័យវង្ស គឺជា​ជន​ជាតិ​ខ្មែរ​មួយរយភាគរយ និង​ជាកូន​ប្រុស​របស់​លោក​ម្ចាស់​ កថាថន ឈុំ ដែល​ជា​អតីត​អ្នក​គ្រប់​គ្រង ឬស្តេចត្រាញ់​ប្រចាំ​ខេត្ត​បាត់ដំបង (សូមអាន​ឯកសារ​ស្រាវជ្រាវ​របស់ប្លុក​ស្រែខ្មុក ដែលទាក់​ទង​នឹង​ប្រវត្តិ​របស់​ពូជពង្ស​ ខួង អភ័យវង្ស បន្ថែមទៀត)។ កាលណោះ​ ខេត្ត​បាត់ដំបង និង​ខេត្ត​ភាគ​ខាង​លិចនៃ​ប្រទេស​កម្ពុជាយើង ​​គឺ​ស្ថិត​នៅ​​ក្រោម​ការ​​​គ្រប់​គ្រង់របស់​​ស្តេច​ក្រុង​សៀម​ អស់រយៈពេល​​ជាង​មួយសតវត្សរ៍…  គឺមាន​រយៈ​ពេលរហូត​ដល់​ទៅ​​​ ១១២ឆ្នាំ (១៧៩៥-១៩០៧) ហើយ​ព្រំ​ប្រទល់​​​ប្រទេស​យើង​ជាមួយ​សៀម​​កាល​ណោះ​ គឺ​នៅ​ត្រឹម​ស្ពាន​ស្វាយ​ដូនកែវ សព្វថ្ងៃ  ។ រហូត​ដល់​រាជ្យ​ព្រះ​បាទ ស៊ីសុវត្ថិ ទើប​ប្រទេស​កម្ពុជា​យើង​ រួម​ជា​មួយ​នឹង​អាណាព្យាបាល​បារាំង បាន​ទាមទារ​​ខេត្ត​ទាំងនោះ​បាន​ត្រឡប់​មកកម្ពុជា​វិញ ​ពី​ប្រទេស​សៀម​នៅឆ្នាំ១៩០៧ ​(បើចង់​ជ្រាប់​ច្បាស់​ពី​​ប្រវត្តិ​ពិស្តារ​ក្នុង​រឿង​នេះ សូមអាន​សៀវភៅ​ «បាត់ដំបង​សម័យ​លោកម្ចាស់» និពន្ធដោយលោក តូច ឈួម)។ ហេតុនេះ​ហើយ​ បាន​ជាកម្ពុជា​​យើង និង​សៀម​ មាន​សន្ធិសញ្ញា​កំណត់​ព្រំ​ដែន​រួម​គ្នា​​ នៅឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧។
  • ចាប់ពី​ខែកញ្ញា ឆ្នាំ១៩៥៧ ដល់ខែតុលា ឆ្នាំ១៩៧៣ គឺជារយៈ​ពេល​នៃ​ការ​គ្រប់​គ្រង​ដោយ​កងទ័ព ។ នេះ​មិនមែន​ជាការ​ចៃ​ដន្យ​ទេ ដែល​ប្រទេស​ថៃ​ បាន​ប្រើប្រាស់​កំលាំង​កងទ័ព​ដើម្បី​គ្រប់​គ្រងប្រទេស​រហូត​ដល់​ទៅ ១៦ឆ្នាំ។ ហេតុ​អ្វី​ បាន​ជា​ចាំបាច់​​​មាន​​​ពួក​កង​ទ័ព​គ្រប់​គ្រង​ប្រទេស​​? ​បើធ្វើការ​រំលឹក និង​ផ្គុំ​​ហេតុ​ការណ៍​​​​ទាំងអស់​ឡើង​វិញ នោះ​គឺ​​​ជា​ការ​ចាប់​ផ្តើម​​មាន​ជំលោះ​ រវាង​ប្រទេស​ថៃជាមួយ​ប្រទេស​កម្ពុជា​យើង​ ក្នុង​ការ​ដណ្តើម​​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធ​ ក្នុង​ការ​កាន់​កាប់​ប្រាសាទ​ព្រះវិហារ..!! ហើយ​ហេតុ​ការណ៍​នោះ​ បាន​អូស​បន្លាយ​រហូត​ក្តីក្តាំង​គ្នា​នៅ​តុលាការ​អន្តរជាតិ​ ដែលមាន​ទី​ស្នាក់ការ​នៅ​ប្រទេស​ហុលឡង់ ។​​
  • ជំនាន់​លោក​សេនាប្រមុខ សារិទ្ធ ថាណារ័ត្ន ជានាយករដ្ឋមន្រ្តីថៃ គឺ​ប្រទេស​កម្ពុជា​យើង​បាន​ឈ្នះ​ក្តី​នៅ​តុលាការ​អន្តរជាតិ​ ក្នុង​រឿង​ជំលោះ​ប្រាសាទ​ព្រះវិហារ ។
  • សំរាប់​និស្សិត​ និង​បញ្ញាវ័ន្តថៃ ពួក​គេ​នៅ​តែ​ចងចាំ​ជានិច្ច​នូវ​ព្រឹត្តិការណ៍ ១៤ តុលា… នោះ​គឺ​ជាការ​បង្រា្កប​​នៃ​ទាហាន​រដ្ឋាភិបាល​​របស់​​​លោក​សេនាប្រមុខ ថ្នម កាទិកាចន ទៅ​លើ​ចលនា​បាតុកម្ម​របស់​​សិស្ស និស្សិត​​ដើម្បី​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅឆ្នាំ១៩៧៣ ។
  • ដូចគ្នានេះ​ដែរ គឺ​ចាប់​ពី​ខែតុលា ឆ្នាំ១៩៧៦ ដល់ខែមីនា ឆ្នាំ១៩៩១ ប្រទេស​ថៃ​​បាន​គ្រប់​គ្រង​ដោយ​កងទ័ព​រហូត​ទៀត ។ នេះ​ក៍​មិនមែន​ជាការ​ចៃ​ដន្យ​ដែរ ដែល​ប្រទេស​ថៃ​ បាន​ប្រើប្រាស់​កំលាំង​កងទ័ព​ដើម្បី​គ្រប់​គ្រង​ប្រទេស​​រហូត​ដល់​ទៅ ១៥ឆ្នាំ​ម្តងទៀត ។ ខ្ញុំ​យល់​ថា នេះ​គឺ​ជា​រយៈពេល​ដែល​ប្រទេស​ថៃ​​ប្រុង​ប្រៀប​ខ្លួន​ និងចាប់​ផ្តើម​​ទប់​ទល់​ លើ​កិច្ចការ​ការពារ​​ព្រំដែន​ជាមួយ​របប​ខ្មែរ​ក្រហម និង​ក្រោយ​មក​ បាន​ចិញ្ចឹម​ចលនា​តស៊ូ​​ត្រីភាគី​ទៀត ដើម្បី​ទប់​ទល់​​ជាមួយ​កងទ័ព​វៀតណាម​ផង និងរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ផង ។ ហេតុ​នេះ​ អ្នក​នយោបាយ​ថៃ​យល់​ថា គឺ​មាន​តែ​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​កងទ័ព​ទេ ទើប​អាច​សំរេច​កិច្ចការ​​បែប​នេះ​បាន ។
  • នៅ​ក្រោម​ការ​គ្រង់​គ្រង​របស់​លោក​ឧត្តមសេនីយ៍ ឆាទិឆ័យ​(ជាតិជ័យ) ឈុនហាវ៉ាន ដែល​មាន​ចក្ខុវិស័យ​ផ្តោត​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ជា​សំខាន់​នោះ លោក​បាន​មាន​ប្រសាសន៍​ថា៖ នឹងប្រែក្លាយ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ពីសមរភូមិ​ប្រយុទ្ធ អោយទៅជា​ទីផ្សារ​ពាណិជ្ជកម្ម… តែ​ទស្សនៈ ឬ​ចក្ខុវិស័យ​​របស់​លោក​នេះ ត្រូវបាន​ជំទាស់​ពី​ក្រុម​អ្នក​នយោបាយ​អភិរក្ស​និយម​ក្នុង​ក្រុង​បាកក ហើយទីបំផុត ​លោក​នាយក​រដ្ឋមន្រ្តី ឆាទិឆ័យ ឈុនហាវ៉ាន ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​ពី​អំណាច​​នៅខែកុម្ភះ ​ឆ្នាំ១៩៩១ ទៅ។
  • ក្នុងចំណោម​អ្នកដឹកនាំ​ទាំងអស់ គឺមានតែលោកវីរៈសេនីយ៍ ខួង អភ័យវង្ស និងលោក មុម រាជវង្ស សេនាប្រមុខ ទេ​ដែលកាន់​តំណែង​ជានាយក​រដ្ឋមន្រ្តី​បាន ៣លើកម្នាក់ៗ ។
  • ​ចំណែក​អ្នក​​ដែល​កាន់​តំណែងជា​នាយក​រដ្ឋមន្រ្តី​បាន​យូរ​ជាង​គេ គឺ​លោក​សេនាប្រមុខ ផ្លេក ភីបុលសង្រ្គាម… គឺ​លើក​ទី១ កាន់​តំណែង​បានជាង ៥ឆ្នាំ (ពីខែធ្នូ ឆ្នាំ១៩៣៨ ដល់​ខែសីហា ឆ្នាំ១៩៤៤) និងលើក​ទី២ កាន់​តំណែង​បានជាង ៩ឆ្នាំ (ពីខែមីនា ឆ្នាំ១៩៤៨ ដល់​ខែតុលា ឆ្នាំ១៩៥៧) ។
  • រីឯអ្នក​ដែល​កាន់​តំណែង​បាន​ខ្លី​ជាង​គេ គឺ​លោកសេនាប្រមុខ ភិន ឈុនហាវ៉ាន កាន់​តំណែង​បាន​តែ ៥ថ្ងៃ​គត់ គឺបន្ទាប់​ពី​ធ្វើ​រដ្ឋប្រហារ​ទំលាក់​លោក​សេនាប្រមុខ ផ្លេក ភីបុលសង្រ្គាម រួចមក លោក​សេនា​ប្រមុខ ភិន ឈុនហាវ៉ាន បាន​ប្រគល់​អំណាច​ទៅ​លោក ប៉ូត សារ៉ាស៊ីន ជាអ្នក​ដឹកនាំ​ប្រទេស​បន្ត ។
  • ក្នុងតំណែង​ជា​នាយករដ្ឋមន្រ្តី​ជាលើក​ទី២ (ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដល់ខែកុម្ភះ ឆ្នាំ២០០១) លោក ឈួន លីផៃ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ចុះ​ហត្ថលេខា​​ជាមួយ​កម្ពុជា​យើង លើអនុសារណៈ​យោគយល់​គ្នា ស្តីពី​ការ​កំណត់​ព្រំដែន​គោក និង​សមុទ្រ​ នៅ​ឆ្នាំ២០០០ ដែល​ក្រោយ​មក​ នៅ​ជំនាន់​លោក អភិសិទ្ធិ វិជ្ជាជីវៈ ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដដែល​នេះ ចង់​ប្រកាស​លុប​ចោលអនុសារណៈនេះ​ទៅវិញ ដែល​ពួក​គេ​​យល់​ថា គឺ​ជា​ការ​បង្ក​អោយ​មាន​បញ្ហា​ចំរូង​ចំរាស់​នៅ​ក្នុង​សង្គម​ថៃ ។
  • ខ្ញុំទើប​តែ​យល់​ឃើញថា រដ្ឋប្រហារ​​របស់​កងទ័ពថៃ​លើក​ចុងក្រោយ​នេះ ដើម្បី​ទំលាក់​លោក​ ទក្សិណ ស៊ីណាវត្ថិ នៅ​ឆ្នាំ២០០៦ ហើយ​អោយ​ឧត្តមសេនីយ៍ សុរិយុទ្ធ ចូឡានន្ត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ និង​ក្រោយ​មកបាន​រំលាយគណបក្ស​ឈ្នះ​ឆ្នោត ថៃស្រឡាញ់ថៃ ដើម្បី​បើក​ផ្លូវ​អោយ​គណបក្ស​ប្រជាធិបតេយ្យ​ដែលស្និទ្ធ​នឹង​ក្រុម​នាយទាហាន និង​ក្រុម​​អភិរក្សនិយម​ក្រុងបាងកក​ ដែល​មាន​លោក​ អភិសិទ្ធិ ជាខ្សែ​ញាក់​នោះ គឺជា​សេណារីយោ​​ដ៏​ល្អឥតខ្ចោះ​មួយ ដើម្បី​ទប់ទល់​ជា​មួយ​កម្ពុជា​យើង​​​​ នៅ​ក្នុង​ជំលោះ​ផ្តាច់​ព្រាត់​ ក្នុង​ការ​ដណ្តើម​ធ្វើ​​ជា«​​សហ​កម្មសិទ្ធិ»​​ ដើម្បី​​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក។
  • ចុងក្រោយ គឺលោកស្រី​ យីងឡាក់ ស៊ីណាវត្ថិ ដែល​មក​ពី​គណបក្សភឿថៃ គឺជាស្រ្តី​ទី១ ដំបូងគេ ដែល​ឡើង​កាន់​តំណែង​ជា​​​​នាយករដ្ឋមន្រ្តី​​នៅក្នុង​ប្រទេសថៃ ។
  • ចំណុច​ពិ​សេស រវាង​លោកស្រី យីងឡាក់ និង​លោក អភិសិទ្ធិ គឺអ្នក​ទាំង​ពីរ​បាន​ឡើង​​កាន់​តំណែង​​​​ជា​នាយករដ្ឋមន្រ្តី​របស់​​ប្រទេស​ថៃ ស្ថិតក្នុង​វ័យ ៤៤ឆ្នាំ​ដូចគ្នា និងមាន​វ័យក្មេង​ជាង​គេ​ ដូចគ្នាដែរ…។ ​​
  • ទីបំផុតទៅ នៅ​ថ្ងៃ​ទី ៧ ខែឧសភា ឆ្នាំ២០១៤, តុលាការ​ធម្មនុញ្ញថៃ បាន​សំរេច​​សាល​ក្រមដក​លោក​ស្រី​យីងឡាក់ ចេញ​ពី​មុខ​ដំណែង​ជា​នាយករដ្ឋមន្រ្តី ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ផ្លាស់​ប្តូរ​​លោក​ ថាវីល ផ្លីនស្រ៊ី ចេញ​ពី​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ កាល​ពី​ឆ្នាំ២០១១ ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ គណបក្ស​​ភឿថៃ​បាន​សំរេច​តែង​តាំង​​ឧបនាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម លោក នីវ៉ាត់ថាមរ៉ុង ប៊ុនសុងផៃសាន ជា​នាយក​រដ្ឋ​មន្រ្តី​ស្តីទី (ចាំផ្ទះ)។  ​
  • ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤, លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់​អ៊ូចា (Gen. Prayuth Chan-ocha) បាន​ធ្វើ​រដ្ឋ​ប្រហារ​ទំលាក់​រដ្ឋាភិបាល​ចាំ​ផ្ទះ លោក នីវ៉ាត់ថាមរ៉ុង ប៊ុនសុង​ផៃសាន ដើម្បី​យក​អំណាច​មក​គ្រប់​គ្រង​ខ្លួន​ឯង។ បីថ្ងៃ​ក្រោយ​មក គឺនៅ​ថ្ងៃទី ២៥ ខែឆ្នាំ​ដដែល, លោក ប្រាយុទ្ធ ត្រូវ​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រះ​មហាក្សត្រ​ថៃ ព្រះចៅ ភូមិពល អាបឌុល​យ៉ាដេត ថាជា​ប្រមុខ​ក្រុម​ប្រឹក្សា​យោធា​ដែល​មាន​អំណាច​គ្រប់​គ្រង​ប្រទេស ក្នុង​នាម​នាយក​រដ្ឋ​មន្រ្តី…។
    ជា​ប្រមុខ​ក្រុមប្រឹក្សា​យោធា​ដែល​គ្រប់គ្រង​អំណាប្រមុខ​ក្រុមប្រឹក្សា​យោធា​ដែល​គ្រប់​គ្រង​អំណាច
  • សរុប​នាយករដ្ឋមន្រ្តីថៃ​ ដែល​បាន​ធ្វើការ​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជា​យើង គឺ​សម្តេចតេជោ ហ៊ុនសែន ចាប់​តាំងពី​ឆ្នាំ១៩៨៥ រហូត​ដល់​បច្ចុប្បន្ន​នេះ​រួមមាន៖ លោក ព្រេម ទិនសុឡានន្ត, លោក ឆាទិឆ័យ ឈុនហាវ៉ាន, លោក អនន្ត បញ្ញាជន,  លោក សុចិន្តា ក្រាបប្រយុង, លោក ឈួន លីផៃ, លោក បានហ៊ាន សិល្បៈអាចារ្យ, លោក ឆាវ៉ាលីត យុងឆ័យយុទ្ធ, លោក​ទក្សិណ ស៊ីណាវត្ថិ, លោក សុរិយុទ្ធ ជូឡានន្ត, លោក សៈមៈ ស៊ុនតារា​វេទ, លោក ស៊ុមឆ័យ វង្សសុវត្ថិ, លោក អភិសិទ្ធិ វិជ្ជាជីវៈ, និងបច្ចុប្បន្ន គឺលោកស្រី យីងឡាក់ ស៊ីណាវត្ថិ…។

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

កាលប្បវត្តិ នៃ​អ្នក​ដឹកនាំ​​ប្រទេស​​កម្ពុជា​យើង…

ខ្ញុំ​ទើប​តែ​បង្កើត​អត្ថបទ​មួយ​ក្រុម​ថ្មី​ដែល​មាន​ឈ្មោះថា ដឹងគេ ដឹងយើង នៅ​ក្នុង​ប្លុក​របស់​ខ្ញុំ​នេះ ដើម្បី​ប្រមូល​ផ្តុំ​នូវ​អត្ថបទ​ ឬ​កាលប្បវត្តិ​សំខាន់ៗ ដែល​ទាក់ទង​នឹង​ប្រទេស​យើង​ផង និង​ប្រទេស​ក្បែរ​ខាង​យើង​ផង សំរាប់​ទុក​ជា​ឯកសារ​​ខ្ញុំមើល​​លេង​ទៅ​ថ្ងៃ​ក្រោយ និង​​សំរាប់​អោយ​​សិស្ស និសិ្សត​​​ទូទៅ​ ដែល​មិន​ចង់​ក្លាយ​ជាតារា (sic!) អាច​អាន​លេងៗ​​ទៅ​ នឹង​​អាចបង្កើន​នូវ​​ចំណេះ​ដឹង​ខ្លះៗ​ជាមិន​ខាន…។ ព្រោះថា ការ​ស្វែង​យល់​ដឹង​ពី​ខ្លួន​ឯង​ផង​ និង​ការ​ស្វែង​យល់​ដឹង​ពី​អ្នក​ក្បែរ​ខាង​យើង​​ផង គឺ​ធ្វើ​អោយ​ខ្លួន​យើង​​បែកបញ្ញា​ក្នុង​ការ​គិត​ និង​មាន​គំនិត​ទូលំទូលាយ​ថែម​ទៀត​ក្នុង​ការ​រួម​ចំណែក​កសាង​ស្រុក​ទេស​ដ៏​កំសត់​របស់​យើង​នេះ…។

ជាដំបូង​​នេះ គឺខ្ញុំ​ចង់​អោយ​ខ្មែរ​យើង​ស្វែង​យល់ និង​​ដឹង​ពី​ខ្លួន​យើង​​ជា​មុន​សិន… នោះ​គឺ​កាលប្បវត្តិ​សំខាន់ៗ និង​ឈ្មោះ​នៃ​អ្នក​ដឹកនាំ​ប្រទេស​យើង​​ចាប់​ពី​ឆ្នាំ១៩៤៥ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ខ្ញុំ​ព្យាយាម​រក​រូបថត​យក​មក​​ដាក់​បង្ហាញ​ដែរ តែបើ​និយាយ​ទៅ គឺ​ខ្ញុំ​នៅ​តែ​បន្ទោស​ទៅលើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដដែល ព្រោះ​ពួក​គេ​ ជាអ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​​បំផ្លាញ​ឯកសារ​ជាតិ​ដ៏​មានតំលៃ​អស់​ទៅ​ហើយ។ តែខ្ញុំ​នឹង​ព្យាយាម​រក​រូបថត​ដាក់​នៅ​ពេល​ក្រោយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ហើយ​ខ្ញុំរីករាយ​​នឹង​បន្ត​ការ​កែ​សំរួល​ (Update) រាល់​ព័ត៌មាន​ទាំងអស់​នេះ ប្រសិន​បើ​អស់​លោក​អ្នក​ពិនិត្យ​ឃើញ​ថា មាន​ការ​ខុស​ឆ្គង​ចំណុច​ខ្លះ។

ខាងក្រោម​នេះ គឺ​ជា​កាលប្បវត្តិ​សំខាន់ៗ​និង​ឈ្មោះ​​អ្នក​ដឹកនាំ​ប្រទេស​យើង​ ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី ចាប់តាំង​ពី​ឆ្នាំ១៩៤៥ មក…​

khmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-governmentkhmer-government

ផ្អែកតាម​ទិន្នន័យ​ខាង​លើ ខ្ញុំ​អាច​ទាញ​បាននូវ​ចំណុច​សំខាន់​ៗ​ខ្លះ​ដូចខាង​ក្រោម៖

  • គិត​មកដល់​ពេល​នេះ ដំណាក់កាល​នៃ​ការ​ដឹក​នាំប្រទេស​យើង ​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​​មាន​រហូត​ដល់​ទៅ​ជាង​ហុកសិប​ដង..!! ហេហេ… យើង​ចេះ​តែ​គិតថា ប្រទេសថៃ​បាន​ប្តូរ​រដ្ឋាភិបាល​ញឹកញាប់​ណាស់ ដូចផ្លាស់​ប្តូរ​ខោអាវ។ តែ​បើ​មើល​មក​យើង​ខ្លួនឯង​​ពីអតីតកាល​វិញ សូម​អស់​លោក​អ្នក​ដាក់​ពិន្ទុ​ដោយ​ខ្លួន​ឯង​ចុះ…។
  • សម្តេចព្រះនរោត្តម សីហនុ កាល​ពីពេល​ដែល​​​​​ព្រះ​អង្គ​កំពុង​ប្រ​ឡូក​ក្នុង​នយោបាយ គឺព្រះអង្គបានកាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​រហូត​ដល់​ទៅ ១០ដង គឺពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៣ ចំនួន ៣ដង និងពី​ឆ្នាំ១៩៥៣ ដល់​ឆ្នាំ១៩៧០ ចំនួន ៧ដង។ អាចចាត់ទុកថា ព្រះអង្គ​ជាប់​ជា​ជើង​ឯក​​ លេខ១ ត្រួតលើលេខ១ ឬលេខ១ ឌុប ខាង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ ច្រើន​ដង​ជាង​គេ​​ក្នុង​ប្រទេស​យើង និង​ក្នុង​ពិភពលោក​ទាំង​មូល​តែម្តង…
  • មក​ទល់​នឹង​ពេល​នេះ សម្តេច ហ៊ុន សែន​ ​លោក​បាន​​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​បាន​យូរ​ជាង​គេ​បង្អស់ ហើយ​ក៍​ក្មេង​ជាង​គេ​បង្អស់​​នៅ​​ប្រទេស​យើង​ដែរ។ យើងនឹងត្រូវ​រង់ចាំមើល​ទាំងអស់​គ្នា​ទៀត ថាតើ​យូរ​ដល់​ពេល​ណា?
  • ឯនាយករដ្ឋមន្រ្តី​ដែល​កាន់​តំណែង​បាន​ខ្លី​ជាង​គេ គឺ​លោក​ អៀវ កើស​ ​ដែល​គ្រប់​គ្រង​ប្រទេស​បាន​តែ ៩​ថ្ងៃគត់។ ហើយ​​ក្នុង​ចំណោម​នាយក​រដ្ឋមន្រ្តី​ទាំងអស់​ គឺ​មាន​តែ​​នាយករដ្ឋមន្រ្តី​លេខរៀង​ទី៩ លោក អៀវ កើស នេះទេ​ ដែល​ទទួល​មរណភាព​ដោយ​សារ​ភេរវកម្ម​ផ្ទុះ​គ្រាប់​បែក​ នៅ​ក្នុង​ទី​ស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​របស់​គាត់ (ខ្ញុំធ្លាប់​បាន​អាន​ឯកសារ​​ដែល​និយាយ​ពី​រឿង​នេះ)។
  • ក្នុង​រយៈពេល​មិន​ទាន់​បាន​ឯករាជ្យ​ពី​បារាំង (១៩៤៥-១៩៥៣) ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​គ្រប់​គ្រង​អំណាច​ស្ទើរ​តែ​ទាំង​ស្រុង។ តែ​មិន​ដឹង​យ៉ាង​ម៉េច​ ដែល​ក្នុង​រយៈពេល​នោះ បែរ​ជា​មាន​ការ​​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្រ្តី​​ ញឹកញាប់​មែនទែន។ បើ​អស់លោកណា​ដឹង​រឿង​នេះ​ច្បាស់ សូមជូយ​​ប្រាប់​យក​​តែ​បុណ្យផងទៅ​បាទ…។​
  • ក្នុងឆ្នាំ១៩៤៩ គឺ​ជា​ឆ្នាំ​ដែល​សភាពការណ៍​​កម្ពុជាយើង​មាន​ភាព​ច្របូក​ច្របល់​ដោយសារ​តែ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាលញឹកញាប់ ប្រហែល​ជា​​ដោយសារ​​តែការ​ស្លាប់​នៃ​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នេះ។ តែនៅ​​មាន​ព្រឹត្តិការណ៍​ធំ​ដោយឡែក​មួយទៀត​ដែល​ខ្មែរ​គ្រប់ៗ​គួរ​តែ​ចង​ចាំ​នោះ គឺបារាំង​បាន​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម​ជា​ផ្លួវ​ការ​ទៅ​អោយ​រដ្ឋាភិបាល​វៀតណាម​គ្រប់គ្រង​នៅ​ក្នុង​ឆ្នាំ១៩៤៩ នេះដែរ…។​ បើ​ផ្គុំ​រឿង​ហេតុ​នេះ​ឡើង​វិញ កាលណោះ​សម្តេច​ព្រះ​នរោត្តម សីហនុ ក្នុង​នាម​​ព្រះ​អង្គ​ជា​ព្រះប្រមុខរដ្ឋ តើ​​ព្រះ​អង្គ​កំពុង​ធ្វើ​អ្វី​ដែរ? ហើយ​តើ​រាជរដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​ស្រាប់ បាន​ប្រឹង​ប្រែង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទាមទារ​តាម​ផ្លូវ​ច្បាប់ ​យក​កម្ពុជាក្រោម​​ត្រឡប់​មកវិញ​ដែរឬទេ? ហេតុអី​បានជា​បារាំង​ប្រគល់​​កម្ពុជា​ក្រោម​ទាំងអស់​អោយ​ទៅ​វៀតណាម ដែល​កាលណោះ គួរតែ​បាន​​ចំណែក​ខ្លះ​មក​ខាង​កម្ពុជា​យើង​ដែរ…។ ស្តាយ​ដែរ​ដោយ​សារ​ខ្ញុំ​កើត​អត់​ទាន់​ កុំអី​អាច​នឹង​ដឹង​រឿង​ច្រើន​ជាង​នេះ… ហេហេ…
  • ​ចាប់​ពីទទួលបាន​ឯករាជ្យ​ពី​បារាំងមក គឺស្ទើរ​តែ​ពេញ​រយៈពេល​ពី​ឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ដែល​គណបក្សសង្គមរាស្រ្ត​និយម​ របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ ​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ជាប់​គ្នា​រហូត​មក ដែល​ក្រោយ​មក​ពួក​សាធារណរដ្ឋ​បាន​រិះគន់​ថា ​ការឈ្នះឆ្នោត​និង​ដឹកនាំ​ប្រទេស​​តែ​ឯង​បែប​នេះ គឺ​​ប្រៀប​ដូច​ជា​ការ​ជិះ​សេះ​លែងដៃ…។​​
  • ចូលមក​ដល់​របប​សាធារណរដ្ឋ​ ក៍ដូចគ្នា​ដែរ គឺគណបក្សសង្គម​សាធារណរដ្ឋ​​របស់​លោក​សេនាប្រមុខ លន់​ នល់ សឹង​តែ​​ប៉ាវផ្តាច់​ក្នុង​ការ​គ្រប់​គ្រង​​ប្រទេស​ដែរ។
  • រួច​ចូលដល់​ក្នុងរបប​កម្ពុជាប្រជាធិបតេយ្យ លែងនិយាយ​បាត់…​ គឺមាន​តែ​បក្សកុម្មុយនីសកម្ពុជា​របស់​ខ្មែរ​ក្រហមមួយទេ​ដែល​គ្រប់​គ្រង​ប្រទេស បើទោះជា​ពេល​នោះ​មាន​សម្តេច​ ប៉ែន នុត​ ជា​នាយករដ្ឋមន្រ្តី និង​សម្តេច​ព្រះ​នរោត្តម​ សីហនុ ជា​ប្រមុខរដ្ឋ​​ក៍ដោយ ​(ព្រះអង្គ​បាន​លាលែង​ពី​តំណែង​ផុត​កំពូល​នេះ​នៅ​ខែមេសា ឆ្នាំ១៩៧៦)​ ដែលតាមការពិត​ ​នោះ​គឺជា​តំណែង​ខ្យល់ ដែល​ក្រុម​ខ្មែរ​ក្រហម​ប្រគល់​អោយ…
  • ដល់ចូល​មក​ដល់​សម័យ​ព្រះរាជាណាចក្រ​ទី២នេះ សូមអស់លោក​អ្នក​គិត​ និង​ឆ្លើយ​ដោយ​ខ្លួន​ឯង​ចុះ…
  • នៅថ្ងៃច័ន្ទ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦​ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែតុលា គ.ស ២០១២ វេលាម៉ោង ១ និង២០នាទីយប់ (ម៉ោង​នៅ​រាជធានី​ភ្នំពេញ) ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្ដម សីហនុ ទ្រង់​បាន​សោយ​ព្រះ​ទីង្គត​នៅទីក្រុង​ប៉េកាំង ប្រទេសចិន​ ដោយជរាពាធ។ ព្រះបរម​សព​​ព្រះអង្គ​ ត្រូវបាន​យាង​ដង្ហែរ​ពី​ទីក្រុង​ប៉េកាំង​ មកកាន់​រាជធានី​ភ្នំពេញ ដោយព្រះករុណាព្រះបាទ​សម្តេ​ច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្ដេច​អគ្គមហា​សេនាបតី​​តេជោ ហ៊ុនសែន នៅថ្ងៃទី ១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការ​ដង្ហែរ​ព្រះបរមសព​ ពីព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​ព្រះ​បរមរាជ​វាំង​ មានប្រជារាស្ត្រ​ខ្មែរទាំងបព្វជិត និង គ្រហស្ថ ប្រមាណជាង ១លាននាក់​ រង់ចាំ​ចូលរួម​ដង្ហែរ។ ប្រទេស​ខ្មែរ​ទាំង​មូល​នឹង​ធ្វើ​បុណ្យ​កាន់​ទុក្ខ​ ៧ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី ១៧-២៣ ខែតុលា ឆ្នាំ២០១២។  ព្រះបរម​សព​ នឹង​ដំកល់​នៅ​ព្រះ​បរមរាជ​វាំង​យ៉ាង​តិច ៣ខែ មុន​នឹង​ធ្វើ​បុណ្យ​រំលាយ​​ព្រះ​បរមសព…​។

ខាងក្រោមនេះ គឺជារូបថត​ឥស្សរជនខ្មែរ​​ ដែលធ្លាប់កាន់តំណែង​ជា​មន្ត្រី​​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល និង​ធ្លាប់​ចូល​ប្រឡូក​ក្នុង​នយោបាយ​ខ្មែរ​ពី​អតីតកាល….photographies of ex-prime minister khmer, cambodia

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖