Category Archives: អំពីខ្ញុំ

វិចិត្រសាល

ក្រូសៗ… ប្លុក​ខ្ញុំ​អាយុ​បាន ២ឆ្នាំហើយ..!!..

លេងសើចៗ… មក​ដល់​ថ្ងៃ​ទី ២០ កញ្ញា ឆ … បន្ត​ការ​អាន

វិចិត្រសាល

ខួប ១ឆ្នាំ​នៃ​ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ…

This gallery contains 1 photos.

ថ្ងៃនេះទី ២០ ខែកញ្ញា ឆ្នាំ២០១២… គឺ … បន្ត​ការ​អាន

ស្វ័យទិតៀន៖ ​ខ្ញុំជាជន​កំសាក..!!..??..

គិតមកដល់ចុងខែឧសភា ឆ្នាំ២០១២ នេះ ផ្ទះស្រុកស្រែរបស់ខ្ញុំ ដែលបាន​សាង​សង់​នៅ​តំបន់​សំបុក​ចាប WordPress នេះ មានរយៈពេលជាង ៩ខែហើយ… ជាង ៩ខែ​ដែល​ពោរ​ពេញ​ដោយ​ភាពរីករា​យ និងមិត្តភាពមិនអាចកាត់ថ្លៃបាន… ជាពិសេស គឺខ្ញុំ​សប្បាយ​ចិត្ត ដោយសារតែការចេះរក្សាបាននូវឥរិយាបទ “កំសាកៗ” របស់​ខ្ញុំនេះ​តែ​ម្តង..??..!!..

រំលឹកថយក្រោយបន្តិចកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១១… ដោយមើលឃើញគំរូ​ពីការ​បិទ​ប្លុក​បែប​ “ឆៅៗ” របស់ញាតិយើង គឺលោក សាម៉ាឌី (ឈ្មោះហៅក្រៅ ស៊ីម៉ាដាម) ហើយ​ខ្ញុំ​ភ័យ​ខ្លាច​ប្លុកស្រុកស្រែរបស់ខ្ញុំ មានវាសនាដូចប្លុករបស់គាត់ ដែរនោះ ខ្ញុំក៍​បាន​ចំណាយ​ប្រាក់ ដើម្បីទិញ Domain Name (sroksrear.com) ពីក្រុមហ៊ុន WordPress នេះ​តែ​ម្តង ដោយខ្ញុំគិតថា៖ របស់ដែលគេអោយប្រើទទេៗ (free) ប្រសិន​បើ​យក​មក​ប្រើ​បែប “ធម្មតា” គឺមិនអីទេ តែបើប្រើបែប “អធម្មតា” វិញ គឺច្រើន​តែមាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ហើយ។

ដូចការគិតរបស់ខ្ញុំមែន… ក្រោយមកមិនបានប៉ុន្មានថ្ងៃ ខ្ញុំបានដាក់ប្រកាសមួយ ជា​ប្រភេទ​បែប “អធម្មតា” មានចំណងជើងថា៖ ទន្សោងគោព្រៃ… ដែលមានខ្លឹមសារ លើក​ព្រនង់​វ៉ៃត្រង់ៗតែម្តង…។ ភ្លាមៗនោះ មិនដឹងជាអាចង្រៃ Hacker ចោរម្រ៉ាយ លេចចេញពីក្រហែងមេឃណាម៉ោទេ ដែលវាញ៉ាមធ្លាប់បានបិទប្លុកគេឆៅៗ នៅក្នុង WordPress នេះ បានហក់ចូលមកបិទប្លុកស្រុកស្រែរបស់ខ្ញុំនេះចោលតែម្តង។ តែ​ដោយ​សារ​ខ្ញុំ​បានទិញ Domain Name ទាន់ពេលវេលា ជាហេតុធ្វើអោយក្រុមនេះ បាន​ត្រឹម​តែ​បិទ Comment ដើម្បីកុំអោយមានអ្នកបញ្ចេញយោបល់បន្តទៀត នៅ​ក្នុង​ប្រកាស​ទន្សោង​គោព្រៃនេះតែប៉ុណ្ណោះ… ហើយតាំងពីពេលនោះមក ប្លុក​ស្រុកស្រែ​របស់​ខ្ញុំ​នេះ ក៍មិនទាន់ឃើញមានហេតុភេទអ្វីកើតឡើងទៀតដែរ។ តែខ្ញុំនៅតែយល់ថា ពួក​ក្រុម​គេ​នេះ នៅតែអាចមានសមត្ថភាពធ្វើអ្វីៗបានស្រេចតែ ក្បាលវ៉ាល់ណឹង ប្រសិន​បើពួកគេចង់…។

ចាប់ពីមានរឿងហេតុចង្រៃខាងលើនេះមក ខ្ញុំបានក្លាយទៅជាជន “កំសាក” លែង​ចង់​ធ្វើ​ជា​អ្នក​ក្លាហាន “លីព្រនង់” ទៀតហើយ…។ ម្យ៉ាងមកពីខ្ញុំយល់ថា ប្រសិន​បើ​រដ្ឋ​អំណាច​ចង់​រកអត្តសញ្ញាណរបស់ម្ចាស់ប្លុកនីមួយៗ ដែលកំពុងខំប្រឹង លាក់​មុខ​ដូច​ពង្រូល និងកំពុងរស់នៅក្នុងស្រុកខ្មែរស្រាប់ ដូចយ៉ាងស្រុកស្រែខ្ញុំនេះ ជាដើម គឺ​ហាក់​ដូច​ជា​គ្មាន​អ្វីពិបាកសោះ ព្រោះថា ក្រុមហ៊ុន ISP ទាំងអស់ ស្ថិតនៅ ក្រោម​ការ​គ្រប់​គ្រង​​របស់រដ្ឋអំណាច… ហេតុនេះ បើរដ្ឋអំណាចចង់រកម្ចាស់ប្លុក មួយណា គឺ​គ្រាន់​តែ​ស្វែង​រក​តាមរយៈ IP Address របស់អ្នកប្រើប្រាស់ម្ចាស់ប្លុកទៅ គឺ​ងាយ​ជាង​លា​បាត​ដៃ​ទៅ​ទៀត…។

ទន្ទឹមនឹងការតាំងចិត្តធ្វើជាជនកំសាកនេះ ដែលក្រោយមក មានញាតិមិត្តយើងខ្លះ បាន​ចាត់ទុកខ្ញុំថា ជាប្រភេទកំសាកញីទៅទៀត… តែគិតៗទៅ ខ្ញុំក៍មិនអៀនខ្លួន និង​ស្រួល​ម្យ៉ាង​ដែរ ព្រោះថា ការធ្វើជាជនកំសាក មិនសូវមាន “សត្រូវ” ច្រើនទេ… តែការ​កំសាក​របស់ខ្ញុំនេះ មានចរឹតជាការកំសាកបែប “ហ៊ាន”… មិនមែនកំសាកបែប “ខ្លាច” គេ​ញ៉មៗ​ទេ។ ហេតុនេះហើយបានជាខ្ញុំ ដូរឥរិយាបទពីអ្នកក្លាហាន “លីព្រនង់” ចាំវ៉ៃ​ត្រង់ៗ ទៅ​ជាជនកំសាកអង្គុយ “កាន់ព្រនង់” អង្អែលវិញ។ ចំណាំមើលខ្ញុំចុះ… ពេល​ណា​ខ្ញុំចង់ “ចូលប្រឡូក” ក្នុងរឿងហេតុណាមួយ គឺខ្ញុំចូលចិត្តអង្អែលព្រនង់ និង​គ្រាន់​តែ​កាន់​ព្រនង់យកទៅជន្ល ធ្វើវ៉ៃប្រឆិតៗ… វ៉ៃក្បែរៗ… ធ្វើជាវ៉ៃខុយៗ… វ៉ៃអោយស្ញើបៗ… វ៉ៃ​អោយ​ល្ហើយៗខ្លួន..!!.. ការវ៉ៃបែបនេះ ខ្ញុំយល់ថា ពេលខ្លះ​ធ្វើ​អោយ​ឈឺចាប់​ដល់​កណ្តាល​ដើមទ្រូង! ឈឺគ្រាំគ្រឿងក្នុង! ឈឺស្រគារពេញក្បាល… ឈឺ​ជាង​វ៉ៃ​អោយ​ចេញ​ឈាម​ទៅទៀត..!!..??..

នៅមានទៀត… វិធីវ៉ៃបែបកំសាកៗ ធឺម៉ាកស្រុកស្រែខ្ញុំនេះទៀតសោត គឺជាការវ៉ៃ តាម​របៀប​ត្រៀម​ទុកជាមុននូវច្រកផ្លូវក្រោយ ដើម្បីងាយស្រួលដល់ការ “ដកថយ” តាម​ក្បួន​យុទ្ធសាស្រ្ត..!!.. ការដែលអ្នកក្លាហាន ចូលចិត្តនាំគ្នាលីព្រនង់ទៅសំពងចំៗ ម៉ាអស់​ទំហឹង… គឺហាក់ដូចជាយកក្បាល ទៅជល់នឹងជញ្ជាំង “វិមានសន្តិភាព” អញ្ចឹង ដែល​ខ្ញុំ​យល់ថា មិនមែនជាអ្នកក្លាហានពិតប្រាកដទេ…។

ខ្ញុំមិនបង្អាប់ទេ… តែគិតចុះគិតឡើងទៅ… បើប្រៀបជាមួយនឹងអ្នកក្លាហាន ខ្ញុំនៅ​តែជា​ជន​កំសាក អាដែល..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖

ចាប់​ផ្តើម​ធ្វើ​ដំណើរ​ឡើងវិញ…

ដោយសារតែខ្ញុំឃើញគំរូរគេឃ្លុំបេ បិទប្លុករបស់ញាតិជិតខាងយើង គឺវ៉ៃ​កំទេច​ផ្ទះ​លោក សាម៉ាឌី ឆៅៗរួចមក ខ្ញុំក៍នឹកបារម្ភខ្លាចបាត់បង់គំនិត ស្នាដៃ និង​ពេល​វេលា​ក្នុង​ការ​បង្កើត​ប្លុក​របស់ខ្ញុំដែរ។ ហេតុនេះ ម្សិលមិញ ខ្ញុំក៍បានទិញ Hosting ផ្ទាល់​ខ្លួន​សំរាប់​ប្លុក​ស្រុកស្រែ របស់ខ្ញុំដូចលោក សាម៉ាឌី ឥឡូវនេះដែរ បើទោះជាពេលខ្លះខ្ញុំគិតថា នេះ​ប្រហែល​ជា​ល្បិចរកស៊ីរបស់ WordPress ផងក៍មិនដឹង…។

ម្សិលមិញ ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១១… គឺជាការ​ចាប់ផ្តើម​ចេញ​ដំណើរ​សារ​ជាថ្មី​ម្តង​ទៀត ​នៃប្លុកស្រុកស្រែរបស់ខ្ញុំ។ សំរាប់ខ្ញុំ តាំងពីពេលមុនមក រហូតដល់ពេលនេះ និង​ទៅ​ពេល​ខាង​មុខៗទៀត ប្លុកស្រុកស្រែរបស់ខ្ញុំ គឺនៅ​តែមាន​បំណង​ចែក​រំលែក​នូវ​ទស្សនៈ ​គំនិត​យោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំសុទ្ធសាធ ដោយមិន​ឆ្លុះ​បញ្ចាំង​ពីទស្សនៈ​នយោបាយ​របស់​គណបក្សណាមួយឡើយ… ហើយការ​ដែលខ្ញុំ​បង្កើត​ប្លុក​ស្រុកស្រែ​នេះ ក៍មិនមែន​ជា​គោលដៅ​ជំនួញរកស៊ីអីដែរ ព្រោះទីនេះ​មិនគួរ​ជា​កន្លែង​រក​ស៊ី​សោះ…។ បើជាកន្លែងសិក្សា រៀនសូត្រ និងបង្កើតនូវមិត្តភាព និងការ​រាប់អាន​ដោយ​ស្មោះស ទើបត្រូវជាង។

ដោយពិតទៅ ខ្ញុំរៀនសូត្រចេះដឹងច្រើនពីមិត្តភក្តិយើងទាំងអស់នៅទីនេះ… ហើយ​ខ្ញុំក៍​មាន​កំលាំងចិត្តដោយសារតែមានការលើកទឹកចិត្ត និងការ​រាប់អាន​ពីមិត្តភក្តិ​ទាំងអស់​នៅ​ទីនេះ​ផងដែរ ហើយអ្វីៗទាំងអស់ដែលបានកើតមានឡើងនៅលើប្លុកស្រុកស្រែនេះ គឺជា​លទ្ធផល​ ដែលបាន​មក​ពីចំណែក​នៃពេលវេលា​សេសសល់​បន្តិច​បន្ទួច​ក្នុង​ម៉ោង​ការងារ​ប្រចាំថ្ងៃ​របស់​ខ្ញុំផង និងម៉ោង​ផឹកស៊ីផង… ហេហេ… ខូចអាដែល..!!..

ស្រុកស្រែ

_________________________

អត្ថបទដែលទាក់ទង៖