Monthly Archives: ខែតុលា 2011

ស្អប់បុគ្គលលោក ហ៊ុនសែន ឬ​ស្អប់​អ្នកគាំទ្រ​លោក ហ៊ុនសែន?

មុននឹងចូលដល់​សាច់រឿង ខ្ញុំសុំទោសទុកជាមុនអោយហើយ… ហើយខ្ញុំ​ក៍ត្រៀម​ខ្លួន​ដែរ… ព្រោះ​គ្រាប់​ផ្លោងសំដី​នឹងកំទេច​ទីតាំង​ស្រុកស្រែ​ខ្ញុំនេះទាំងស្រុង​ហើយ…។

ប៉ុន្មានថ្ងៃ​នេះ ខ្ញុំឃើញ​ផ្ទះ​អ្នក​ជិតខាង​ខ្ញុំ ​ហាក់​ដូចជា​កំពុង​មានផ្កាភ្លើង​ហុយៗ ដែល​នេះ​​ជាសញ្ញា​នៃ​ការកកើត​អគ្គិភ័យ​… ខ្ញុំ​ចង់​ចូលរួមដែរ តែមិនមែន​ជួយ​​លត់​ភ្លើង​ទេ​ គឺជួយ​​​ហួច​ហៅ​ខ្យល់តែម្តង…​ តែខ្លាច​ឆេះផ្ទះ​គាត់​ម៉ត់​ទៅ ធើម៉េចហូវ?… ក៍​សំរេច​ចិត្ត​ថា បើ​ឆេះយ៉ាង​ម៉េច​យ៉ាង​ម៉ា​អី គឺ​មក​​ឆេះ​ផ្ទះ​ស្រុកស្រែ​ខ្ញុំចុះ​ កុំទៅ​ឆេះផ្ទះ​គេ​អី…។

រឿងរ៉ាវ គឺ​ដោយសារ​មានញាតិ​យើង​ម្នាក់​ គាត់​បាន​បញ្ចេញទស្សនៈ​ផ្ទាល់​ខ្លួន​បែប​សន្តិភាព​និយម ដើម្បី​ជៀសវាង​អោយ​បាន​ដាច់​ខាត​នូវ​ជំលោះ​​ផ្ទៃ​ក្នុង​ប្រដាប់អាវុធ សំដៅ​កុំ​អោយ​មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​ និង​ខ្មែរ​នា​ពេល​អនាគត។ ក៍​ប៉ុន្តែ​ ​មាន​អស់​លោក​អ្នក​ចេះដឹងខ្លះ ដែល​មាន​ចំណេះដឹង​​​​​ដ៏​ខ្ពង់​ខ្ពស់​ខាងផ្នែក​នយោបាយ​​​​ និងមាន​ស្មារតី​ស្នេហាជាតិ​គួរអោយ​គោរព​នៅ​ទី​នេះ​ បែរ​ជា​ទៅ​ចង​កំហឹង​យ៉ាង​​​ក្រពុលមុខ​​ទៅ​លើ​លោក​ ហ៊ុនសែន និង​ម្ចាស់ប្រកាសនោះ​ទៅ​វិញ។ ​​

ដោយពិតទៅ ខ្ញុំមិនស្អប់​ទេ​អ្នក​នយោបាយ តែ​ខ្ញុំក៍​មិន​សូវ​ជា​​ចូល​ចិត្ត​​បុគ្គល ឬ​ក្រុម​ណា​មួយ ​ដែល​​ជា​អ្នក​​បំរើ​​នយោបាយ​​អោយ​អ្នក​ដទៃ​ណា ​ទាំង​ងងឹត​ងងុល​នោះ​ដែរ។ អាច​ហៅ​ម៉្យាង​ទៀត​ថា ជាជន​ចូល​ចិត្ត​ធ្វើ​ខ្លួន​ជា​ក្របី​អោយ​អ្នក​នយោបាយ​ជិះ​ចំលង​ភក់ ឬក៍ជន​ដែល​យក​អ្នក​ដទៃ​មក​ធ្វើ​ជាក្របី​អោយ​ខ្លួន​ជិះ​ចំលងភក់​ដែរ..!! ធម្មតាទេ មនុស្ស​តែង​មាន​គំនិត​ និង​ទស្សនៈខុស​គ្នា ហើយ​ទង្វើ​ដែល​ស្តែង​ចេញ​មក​ក៍​ខុស​គ្នា​ដែរ។ ហើយ​សំរាប់​ខ្ញុំ​នៅ​ទីនេះ ជានិច្ចកាល​តែង​តែ​ជៀស​វាង​មិន​និយាយ​​ប៉ះពាល់ ឬធ្វើអោយ​អាប់អោន​​ដល់​បាវចនា​ទាំងបី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​​គឺ៖

  • ជាតិ ​(អ្នកដឹកនាំជាតិ ឬប៉ះពាល់​ដល់​​សន្តិសុខ​ជាតិ)
  • សាសនា ​(វិស័យ​ព្រះពុទ្ធ​សាសនា)
  • ព្រះមហាក្សត្រ (ក្សត្រ​កំពុង​សោយរាជ្យ និង​ព្រះញាតិ​វង្សានុវង្ស)​​

ហេតុនេះ បំណងរបស់ខ្ញុំ​តាំងពី​ដំបូង​មក​ គឺ​ចង់​យកទីនេះ​ជាកន្លែង​ជជែកគ្នា​កំសាន្ត​បែប​សាមញ្ញៗ (មិន​ពិធីការ​ក្បាច់​ក្បូរ) និងការ​ជជែក​​បែប​មិត្តភាព​ក្នុង​នាម​ជាខ្មែរ​ដូចគ្នា​ដើម្បី​ជាការ​សប្បាយផង និង​ជាការ​រៀន​សូត្រ​ពីគ្នា​ទៅ​វិញ​ទៅ​មក​​ផង។ ខ្ញុំ​ជា​អ្នក​ដើរ​គេច និង​​មិន​ចូល​​ចិត្ត​​ចង់​ជជែក​ពី​រឿង​នយោបាយ ជាមួយ​អ្នក​ដទៃ​ណា​សោះ ​តាំងពីដើម​រៀង​មក។ តែ​ថ្ងៃ​នេះ ខ្ញុំ​ក៍​មិន​ដឹង​ហេតុ​ម៉េច​ដែរ បែរ​ជា​មក​ទាក់​ជំពប់​នឹងការ​និយាយ​ពាក់​ព័ន្ធ​​​ដល់​​​រឿង​ស្រុកទេស ​នយោបាយ នយោបោក​នេះ​ដដែល។​

ខ្ញុំមានចំងល់​មួយ… ឆ្ងល់យូរហើយ… ​ឆ្ងល់ថា ហេតុអី​បាន​ជា ​ខ្មែរ​ក្រៅ​ស្រុក ជាទី​គោរព​​របស់ខ្ញុំ​​​(មិនទូទៅទេ) ស្អប់លោក ហ៊ុនសែន ខ្លាំងម៉្លេះ? ព្រោះ​តាំងពីមុនៗ​មក ខ្ញុំហាក់​ដូច​ជា​​យល់​ថា ពួកគេ​​ទាំងនោះ មិន​ស្អប់​បុគ្គល​​លោក ហ៊ុនសែន អីណាស់​ណា​ទេ តែបើថា​ច្រណែន​នឹងលោក​ ហ៊ុនសែន ដូចជា​​ត្រូវជាង..!! គឺ​ច្រណែន​​​ដោយសារ​តែ​​បោះឆ្នោត​ម្តងៗ​ ​មិន​ឈ្នះ​លោក ហ៊ុនសែន ​ឬនិយាយ​អោយ​ចំទៅ គឺ​ខឹង​មិន​បាន​អំណាច​​ពីលោក​ ហ៊ុនសែន មក​គ្រប់​គ្រង​តែម្តង។​ហេតុនេះ​ អោយ​តែ​ឮ​នរណា​និយាយ​គាំទ្រ ឬលើក​ជើង​លោក ហ៊ុនសែន អី​បន្តិចបន្ទួច គឺក្តៅក្រហាយ​នឹង​អ្នក​ហ្នុងភ្លាម… នេះ​ខ្ញុំគ្រាន់​តែ​គិតឆ្ងល់​ទេបាទ…​កុំទាន់​អាល​ឆេះដុំ​ដាក់ខ្ញុំ​អី..!!​

តាមពិត ការធ្វើនយោបាយ អា ក ដាក់ជើង ដ ណា ក៍ដូចជាអា ក ដាក់​ជើង ដ ណាដែរ គឺចង់ឈ្នះដូចតែគ្នា ​ដៀតែខ្នូចទេ។ បើមិនជឿទេ ទៅស្បថ​នៅ​ព្រះអង្គដងកើរទៅ។ ​ហើយ​វិធី​នៃ​ការ​យក​ឈ្នះ​រៀងៗ​ខ្លួននេះ បើមិន​ប្រើ​ល្បិចទេ គឺទៅអត់រួច។ ហេតុនេះ​ បើអ្នក​ណា​​ល្បិច​ខ្សោយ​ គឺចាញ់… ​បន្ទាប់មក​ គឺបាយៗ…​ឡើយសិនហៀរ..!! ហើយ​ចំណុច​នេះ សំរាប់​​អ្នក​ចាញ់​ក្នុង​ល្បែង​នយោបាយ​ គឺត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួនឯង ដោយ​មិន​ត្រូវ​ខឹង​មួរម៉ៅ​ដាក់​អ្នក​ឈ្នះទេ។ ព្រោះ​ការ​ធ្វើ​បែបនេះ​ នឹងធ្វើអោយ​អ្នកឈ្នះ​យល់​ថា ខ្លួន​ទទួល​នូវ​ភាព​អយុត្តិធម៌​ធំណាស់​ដោយសារ​តែ​អ្នក​ចាញ់​យំ​ឡាំប៉ា..!!

និយាយតាមត្រង់​ចុះ រាល់ការ​បោះឆ្នោតម្តងៗ អ្នក​ទៅ​បោះឆ្នោត​គ្រប់ៗ​រូប​ មានការ​ស្ទាក់​ស្ទើរ​ក្នុងការ​សំរេច​ចិត្ត​ ដើម្បី​ជ្រើស​រើស​មេ​ដឹកនាំ​ប្រទេស​ជាតិ​ណាស់។ ក៍ប៉ុន្តែ​ នេះ​គឺមក​ពី​គ្មាន​ជំរើស..!! ឥឡូវ​យើង​ធ្វើការ​ប្រៀបធៀប​គ្នា​មើល តើ​មាន​បុគ្គលណា​ដែល​គ្រាន់បើ​ជាង​បុគ្គល​លោក ហ៊ុនសែន ទៅ? គឺអត់..!! ខ្ញុំនិយាយ​​បែប​​នេះ ស្មានតែ​​លោក ហ៊ុនសែន អោយបាយ​ខ្ញុំស៊ី​? តែនេះ​ជាការពិត។ ព្រោះលោក​ ហ៊ុនសែន មាន​ភាព​ឈ្លាសវៃ​ជាងនរណាៗ​ទាំងអស់ ដោយ​ក្នុង​នោះ​ រាប់​ទាំង​ភាពឈ្លាសវៃ​ក្នុង​ការ​កំចាត់​គូរ​ប្រជែង​របស់​គាត់​ថែមទៀតផង។​ ​ម៉្យាងទៀតលោក ហ៊ុនសែន ជាអ្នក​ចំណាន​ក្នុង​សឹង​សង្រ្គាម ហើយ​​កងទ័ពទាំងអស់​​ គឺគោរព និង​ចាំស្តាប់​បញ្ជាគាត់​តែម្នាក់​គត់។ ចំណុចនេះសំខាន់ណាស់ ព្រោះដោយសារ​សភាពការណ៍​ស្រុក​ទេស​យើង​​ស្ថិតនៅ​ចន្លោះ​​សត្វ​ខ្លា និង​សត្វក្រពើ ដូច្នេះ​អ្នក​ដឹកនាំ​ប្រទេស​យើងបច្ចុប្បន្ន​នេះ គឺគួរតែ​ជាអ្នក​ដែល​ពូកែ​ខាង​យុទ្ធសាស្រ្ត​សឹក​សង្រ្គាម​ជា​អាទិភាព​​ទីមួយ ឯអ្នក​ពូកែ​ខាង​សេដ្ឋកិច្ច​ជាអាទិភាពទីពីរ ទើប​ធ្វើ​អោយ​ប្រទេស​ជាតិ​ ​ជៀសផុតបាន​​ពីការ​រំលោភ​បំពាន​នានា។ ហើយ​នៅពេល​ដែល​ការ​ដោះស្រាយ​ព្រំដែន​បាន​ចប់​សព្វគ្រប់​ប្រកប​ដោយ​សន្តិវិធី​រួចមក ទើបយើង​ត្រូវការ​មេ​ដឹកនាំ​ខាង​សេដ្ឋកិច្ច​ជា​​អាទិភាពទីមួយ  ឯអ្នកពូកែ​ខាង​សឹក​សង្រ្គាម​ជាអាទិភាព​ទីពីរវិញ។ នេះ​គឺ​ជាការ​យល់​ឃើញ​របស់​ខ្ញុំ។

និយាយៗទៅ ពេលឃោសនា​បោះឆ្នោតម្តងៗ ខ្ញុំមិនចង់​បង្អាប់​អ្នក​មក​ពី​ក្រៅទេ តែមើលទៅ​ដូចជា​ពិបាក​ភ្នែកណាស់។ នេះអាចប្រហែល​មក​ពី​ខ្ញុំ ​​មាន​ខួរក្បាល​មិន​ជឿនលឿន មិន​ប្រជាធិបតេយ្យ​ដូចអ្នក​មក​ពី​ក្រៅ​​ក៍​មិន​ដឹង បាន​ជា​ខ្ញុំ​មើល​ទៅ​ឃើញ​យ៉ាប់​បែប​នេះ..!! តាម​ការ​កត់​សំគាល់​របស់​ខ្ញុំមួយ​ទៀត​នោះ​គឺ ខ្មែរ​រស់​នៅ​ក្រៅ​ស្រុក ​​ច្រើន​តែ​គិត​​សំឡឹង​មើល​មក​​​ខ្មែរក្នុង​ស្រុក សុទ្ធតែ​ជាពួកស្វា ពួក​ពុករលួយ… ជា​ពួក​អាយ៉ង​​, ជា​ពួក​គ្មានការ​ចេះដឹង​ដូចខ្លួន​ដែល​រស់​នៅ​ប្រទេស​លោក​សេរី​ទេ… ហើយ​ចំពោះ​អ្នក​ដែល​កំពុង​កាន់​ជើង​ ហ៊ុន សែន គឺ​ជា​បុគ្គលមិន​គួរ​អោយ​រាប់​រក..!!..

តែ​ខ្ញុំ​​​ចង់​ប្រាប់​​យក​​បុណ្យ​ទៅ​ចុះថា​ អស់លោក​ស្អប់​ត្រឹម​​​បុគ្គល​លោក ហ៊ុនសែន បាន​ហើយ ដោយ​មិន​ត្រូវ​ស្អប់​អ្នក​គាំទ្រ​លោក​ ហ៊ុន សែន​ឡើយ…។ ផ្ទុយ​ទៅវិញ គឺត្រូវ​​តែ​ទាក់​ទាញ​អ្នក​គាំទ្រ​លោក​ ហ៊ុន សែន អោយ​ងាក​ចេញ​​មក​គាំទ្រ​ក្រុម ឬ​បក្ស​របស់​​អស់​លោក​វិញ ទើប​បាន​អស់​លោក​ឈ្នះ​។ បើមិន​អីចឹង​ទេ អស់លោក​នឹង​ចាញ់​​រហូត..!!..

ស្រុកស្រែ

​អ្នក​ខុស​ក៍​ប្រជាពលរដ្ឋ​ អ្នករងគ្រោះ​ក៍ប្រជាពលរដ្ឋ…

កាលពី​ថ្ងៃមុន ខ្ញុំបាន​ដាក់​រូបភាព​ចំណីចំណុក​របស់​ស្រុក​ខ្មែរ​យើង ដែលដាក់​លក់ដូរ​ក្នុង​វត្ត​ពេល​បុណ្យ​កឋិនទាន…។ បន្ទាប់​មក​ មាន​អ្នក​អានដ៏​ខ្ពង់​ខ្ពស់​​មួយរូប​ លោក​បាន​​ចាប់​អារម្មណ៍ និងមាន​ការ​ព្រួយ​បារម្ភ​​ពី​ស្ថានភាព​ចំណី​អាហារ​របស់​ខ្មែរ​យើង​​​​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​គីមីពុល នឹង​បណ្តាល​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ។ ទន្ទឹមនឹង​នោះ ​លោក​អ្នកអានជាទីគោរព​​របស់​ខ្ញុំ បាន​ដាក់​សំណួរ​បែប រ៉ាហ្វាល់ មក​​ខ្ញុំ សួររក​មុខអ្នកខុស… ថាតើនេះ​ជាកំហុស​អ្នកណា? ព្រោះ​បើ​តាម​គាត់​យល់​ នេះគឺជា​កំហុស​របស់​រដ្ឋាភិបាល​តែម្តង..!!​

រឿងសួររកមុខអ្នក​ខុស​នេះ​ សំរាប់​ស្រុកខ្មែរយើង​ប្រហែល​ជា​ពិបាក​រកបន្តិចហើយ ព្រោះម្នាក់ៗ​ កំរនឹង​ទទួល​ស្គាល់​ថា​ខ្លួនមាន​កំហុស​ណាស់។ ផ្ទុយទៅ​វិញ​​ការដណ្តើម​គ្នា​ត្រូវ​​ និងការទំលាក់​កំហុស​ដាក់គ្នា គឺ​ជនជាតិ​ខ្មែរយើង​ចូល​ចិត្តលេខ​ម៉ាម៉ឺន​ហើយ…។ ហេហេ…​​ ហេង​ស៊យ ខ្មែរយើង​ដែល​កំពុង​រស់​នៅ​ស្រុក​អាគាំងយូរ​ឆ្នាំ​ក៍ដោយ ក៍នៅតែរក្សា​​ទុក​ក្បួន ឆ្លើយយករួចខ្លួន នេះជាប់​​​រហូត មិន​ទាន់​បោះ​បង់​ចោល​នៅ​ឡើយ​​ផង​​ក៍​មិន​ដឹង…។

ទាក់ទង​នឹង​បញ្ហា​សុខភាពប្រជាពលរដ្ឋ ឬសុខមាលភាព​សង្គមនេះ នៅ​ស្រុក​យក្ស​ណា​ក៍គេ​គិតគូ​​រ និង​យក​ចិត្ត​ទុកដាក់​​ថា​ជា​រឿង​អាទិភាព​របស់​គេដែរ។ ព្រោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ គឺជាកត្តា​ដ៏​សំខាន់​ សំរាប់​អភិវឌ្ឍន៍​សង្គម​ជាតិ​អោយ​រីក​ចំរើន​ដើរ​ទៅ​​​​មុខ ឬក៍ត្រឡប់​​ក្រោយបែរ…។​​​

​ដោយ​ឡែក​ចំពោះ​ស្រុក​ខ្មែរ​យើង ដែល​​មិន​សូវ​ជា​យកចិត្ត​ទុកដាក់ ឬក៍​មើល​ស្រាល​​ពីការ​ប្រើ​ប្រាស់​សារធាតុ​​គីមី​ទៅ​លើ​ចំណី​អាហារ​គ្រប់មុខ​នេះ​ ថ្ងៃក្រោយ​ទៅ សុខភាព​របស់​ជនជាតិ​ខ្មែរ​យើង​នឹង​ទ្រុឌទ្រោម ដែលនេះ​ ជាបន្ទុក​ដ៏​ធ្ងន់ធ្ងរ​​សំរាប់​អ្នក​ជំនាន់​ក្រោយៗ​ទទួល​រែកពន់​បន្ត។

ចំពោះ​រឿងគ្រោះថ្នាក់​ក្នុងការ​ប្រើប្រាស់​សារធាតុ​គីមី​ទៅលើ​ម្ហូបអាហារ​​នេះ ខ្ញុំយល់ថា បើបន្ទោស​ទៅ​លើ​រដ្ឋាភិបាល​ក៍មិន​ត្រូវ​ដែរ ព្រោះ​រដ្ឋាភិបាល​បាន​ប្រគល់​កិច្ចការ​នេះ​ទៅរដ្ឋមន្រ្តី និង​ក្រសួង​ ស្ថាប័ន​ជំនាញអោយ​ទទួល​ខុសត្រូវ​អស់​ហើយ។ ​​តែ​​ប្រសិន​បើ​អស់​លោក​អ្នក ​​ចោទប្រកាន់​ទៅ​​ខាង​​ក្រសួង​សុខាភិបាល​ថា​មាន​កំហុស​ក្នុង​រឿង​នេះ ក្រសួង​សុខាភិបាល​ប្រាកដ​ជា​​​នឹង​ឆ្លើយដោះខ្លួនថា៖

  • ទេ! ក្រសួងខ្ញុំ​អត់ខុស​ទេ..!! ព្រោះ​ក្រសួងសុខាភិបាល ​​​ទទួល​ខុស​ត្រូវ​តែការ​ជួយ​ព្យាបាល ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាជន​ដែលរង​គ្រោះ​ដោយ​ការ​ពុល​ចំណី​អាហារ​តែ​ប៉ុណ្ណោះ។ បើ​អស់​លោក​ចង់​ដឹង​ច្បាស់​​ថា​ចំណី​អាហារ​ស្អី​​ខ្លះដែល​មានសារធាតុ​គីមី​ ទាល់តែ​ទៅ​សួរ​ខាង​កាំកុងត្រូល​របស់​ក្រសួង​ពាណិជ្ជកម្មទៅ…។

ពេលនោះ​ ខាងកាំកុងត្រូល​​ ប្រាកដ​នឹង​ឆ្លើយ​ត្រឡប់​មក​វិញ​ថា៖

  • ទេ! ខាងកាំកុងត្រូលខ្ញុំ​​អត់ខុស​ទេ..!! ឥឡូវ អស់លោក​ជួយ​គិត​ខ្ញុំ​ទៅមើល… តើ​អោយ​ខាងខ្ញុំ​​ដើរ​ចាប់​​​ប្រមូល​គ្រឿង​គ្រៅ​ ចំណី​អាហារ​ដែល​មាន​លាយ​សារធាតុ​គីមី​អោយ​អស់​យ៉ាង​ម៉េច​ទៅ? ព្រោះបញ្ហា​នៅ​ត្រង់​ថា ​ចេះ​តែ​លួច​អនុញ្ញាត្តិ​អោយ​មាន​ការ​នាំ​ចូល​។ ហេតុនេះ បើចង់បន្ទោស​ គួរតែ​បន្ទោស​ប៉ូលីស​សេដ្ឋកិច្ច​នៅ​ព្រំដែនទៅ ​ព្រោះពួក​គេ​ជាអ្នក​ធ្វេស​ប្រហែស​អោយ​មាន​ការ​នាំ​ចូល ជាប់​​រហូត​មក​…។

ខាង​ប៉ូលីស​សេដ្ឋកិច្ច​នៅ​ព្រំដែន​នឹង​ឆ្លើត​តប​មក​វិញថា៖

  • ទេ! ខាងប៉ូលីសខ្ញុំអត់ខុសសោះ..!!  ព្រោះ​ភារកិច្ច​របស់​​ប៉ូលីស​សេដ្ឋកិច្ចដូចពួក​ខ្ញុំ គឺធ្វើការ​​បង្រ្កាប​តែ​បទ​ល្មើស​សេដ្ឋកិច្ចធំៗ ឬ​​បង្ក្រាប​ការ​នាំចូល​គេចពន្ធដោយ​សហការ​ជា​មួយ​មន្រ្តី​គយ​​តែប៉ុណ្ណោះ។ ហើយ​អ្នក​ដែល​ដឹង​ថា​ចំណី​អាហារ​​ណា​​មាន​សារធាតុ​គីមី​ គឺមាន​តែ​មន្រ្តី​កាំកុង​ត្រូល​ណឹងឯង​ ដែលមាន​ឧបករណ៍​វាស់​ស្ទង់​ត្រឹម​ត្រូវ។ ហេតុនេះ​ បើ​ចង់​រក​មុខ​អ្នក​ខុស​ គឺមន្រ្តី​កាំកុងត្រូល​ហ្នុង​ហើយ​ ​ជាអ្នក​មាន​កំហុស​ក្នុង​រឿង​នេះ..!!

មន្រ្តី​កាំកុងត្រូលនឹង​ឆ្លើយ​ថា៖

  • ទេ! ខ្ញុំអត់ខុសទេ..!! នេះ​គឺមក​ពី​ក្រសួង​សុខាភិបាល មិនយក​ចិត្តទុក​ដាក់​ក្នុង​​ការ​​អប់រំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អោយ​មាន​ការ​យល់​ដឹង​ពី​ការ​គ្រោះ​ថ្នាក់​ក្នុង​ការ​ពុល​ចំណី​អាហារ…  ហេតុនេះ​ បើ​ចង់​រក​មុខ​អ្នក​ខុស​ គឺមន្រ្តី​ក្រសួង​សុខាភិបាលហ្នុង​ហើយ ជា​អ្នក​មាន​កំ​ហុស​ក្នុង​រឿង​នេះ..!!

មន្រ្តី​ក្រសួង​សុខាភិបាល​នឹង​ឆ្លើយ​​មក​​វិញ​ថា៖

  • ទេ! ខ្ញុំអត់ខុសទេ..!! ព្រោះ​ខ្ញុំ​ខំ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ហើយ គឺផ្សាយ​តាំងពី​កាសែតផង ទូរទស្សន៍​ផង វិទ្យុផង ផ្សាយ​ឡើង​កោកៗ… ​តែ​ប្រជាពលរដ្ឋ​យើង​នៅ​តែ​មិន​យក​ចិត្ត​ទុកដាក់​ទៀត។ ​ហេតុនេះ​ បើ​ចង់​រក​មុខ​អ្នក​ខុស​ គឺ​មក​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ហ្នុង​ហើយ​ ដែលជាអ្នក​ខុស..!! ព្រោះ​ខ្លួនឯង ច្រាសច្រំ​មិនចេះ​គិត​ថារបស់​ណា​មាន​គីមី និងរបស់​ណា​អត់​មាន​គីមី..!!..??..

ហេហេ… ស្តាប់​មើល​ទៅ​ គឺ​ពិរោះ​ជាង​អាយ៉ៃ​ឆ្លើយ​ឆ្លង​បីរោងទៅទៀត… ដល់​ចុង​ក្រោយ អ្នក​រង​គ្រោះ​ គឺ​ជា​​ប្រជាពលរដ្ឋ ហើយ​អ្នក​ខុស​ក៍​ប្រជាពលរដ្ឋ​ដែរ… ស្រុកយើង​ គឺ​តែ​ប៉ុណ្ណឹង​ឯង…​ អ្នកដែលរងគ្រោះ​ពី​ការ​ឆ្លើយ​ដាក់​​ ​គឺ​ប្រជាពលរដ្ឋ​រហូត..!!..??.. ពេលនេះ ខ្ញុំក៍សុំរួចខ្លួនដែរហើយ…៕

ស្រុកស្រែ

ប្លែកភ្នែក…

​ខាងក្រោម​នេះជារូបថតពីរ​សន្លឹក ក្នុង​ចំណោម​រូប​ថត​ជា​ច្រើន​របស់​អ្នកលក់​ដូរ​​ដែលខ្ញុំ​ថត​បានក្នុង​​​​ពិធី​បុណ្យ​​កឋិន​ កាលពី​ថ្ងៃ​អាទិត្យ​មុន​នេះ។ អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​ប្លែក​ភ្នែក​នោះ​គឺ រូប​បុរសៗ ក្នុង​​វ័យ​​ចំណាស់​ទៅហើយ កំពុងអង្គុយ​លក់​សណ្តែកដី​ស្ងោរ ដែល​ពីមុន​មក​ មុខរបរ​បែបនេះ​ គួរ​តែ​ក្មេងៗ ឬក៍​ស្រ្តីៗ​ជាអ្នក​ប្រកប​របរនេះ​បាន​សម… តែ​សម័យ​ឥឡូវ​ គេលែង​គិត​ពី​រឿង​សម​ឬមិន​សម​ទៀត​ហើយ ព្រោះ​អ្វីៗ​ ហាក់​ដូច​ជា​បាន​ប្រែ​ប្រួល​លឿន​ណាស់​ ហើយខ្ញុំ​យល់​ថា បញ្ហា​ក្រពះ​ គឺ​បាន​បណ្តាល​អោយ​​មាន​ការ​ប្រែ​ប្រួល ​ធ្វើអោយ​ប្លែក​ភ្នែក​បែបនេះ…

ស្រ្តីចំណាស់ម្នាក់នេះ កំពុងតថ្លៃសណ្តែកដីស្ងោរ ជាមួយអ្នកលក់ក៍ជាបុរសចំណាស់ដែរ

រូបនេះអស់ទាស់... បុរសចំណាស់ម្នាក់នេះ ប្រកបរបរលក់សណ្តែកដីស្ងោរទេ តែប្រើទូរស័ព្ទ ទំនើបអស់ស្ទះ... នេះប្រហែលជាការងារ Part time ជួយប្រពន្ធគាត់ទេមើលទៅ ... "អ្នកណាថាខ្មែរក្រ... ហ្អាស! ខ្ញុំសួរ?.!!.. ក្រឯណាដូច៧៩..."

ស្រុកស្រែ

រូបភាព​ចំណីចំណុក​ ដែលលក់​​​ក្នុង​វត្ត​ ពេលបុណ្យ​កឋិនទាន

កាលពី​ថ្ងៃ​អាទិត្យម្សិលមិញនេះ ខ្ញុំ​បានជិះត្រឹកៗ​ លេងៗ​ទៅ​ខាង​ស្រុក​​កណ្តាលស្ទឹង ខេត្តកណ្តាល…​ ចៃដន្យ​ ខ្ញុំ​បាន​ឃើញ​វត្តមួយ​កំពុង​តែ​ធ្វើបុណ្យ​កឋិនទាន​(ចុះពី​ថ្នល់​ជាតិ​​ទៅ​​ប្រហែល​​មួយ​គីឡូដី)។ ខ្ញុំក៍​ឆ្លៀត​ចូល​លេង ព្រម​ទាំង​បាន​ថត​យក​រូបភាព​ខ្លះ​​ ស្តីពី​ចំណីចំណុក​​របស់​​ខ្មែរ​សព្វ​ថ្ងៃ​ ដែលលក់ដូរ​ក្នុង​វត្ត នា​រដូវ​បុណ្យ​កឋិន​ សំរាប់​ជូន​បងប្អូន​ខ្មែរ​យើង​ដែល​មិន​បាន​ទៅ​លេង​បុណ្យ​កឋិន​ ថា​តើនៅ​ទី​នោះ គេមាន​លក់​ស្អី​ខ្លះ?​

ទីមួយសូម​បង្ហាញ​គ្រឿងក្លែម​សិន…​ ហេហេ…​​ភ្នែក​អ្នកផឹក ទាញទៅ​រក​តែ​​គ្រឿង​ក្លែម..!!

គ្រួចបំពង និងពស់ព្រលិតបំពងទាំងដោតចង្កាក់ លាបលក្ខណ៍ ឡើងពណ៌ក្រឡាត (ពីរមុខនេះ មិនមែនជារបស់ខ្ញុំក្លែមទេ)

កំពិសបំពង ប្រសិនបើមិនដាក់លក្ខណ៍ទេ ខ្ញុំចូលចិត្តក្លែម។ រីឯខ្មៅៗក្នុងថង់នោះ គឺសត្វកន្តេះឡង់ រ៉ូទី... ខ្ញុំអត់ដែលក្លែមសោះ។

សត្វដុកឌឿ ឬដង្កូវនាងបំពង ខ្ញុំធ្លាប់ក្លែម (ប្រែតចំហើយ)

កូនចង្រឹតបំពង ពីមុនមកធ្លាប់ក្លែមដែរ តែឥឡូវឈប់ហើយ (ប្រែតដែរនេះ)

កង្កែបបោកអាំង ដាក់លក្ខណ៍ឡើងពណ៌លឿងល្អូក (ខ្ញុំមិនដែលក្លែមទេ)

ចុងក្រោយគឺ មាន់បំពង...។ ហេហេ... អានេះពេទ្យអត់អោយខ្ញុំតមសោះ...

ទីពីរចូលដល់នំចំណី…​លេបទឹកមាត់​បន្តិចសិន…

ផ្លែក្រឡាញ់ (បកសំបកហើយ) អាចក្លែមបាន...

សណ្តែកដីស្ងោរ (អានេះ ខ្ញុំចូលចិត្តក្លែមណាស់)

មើមដំឡូងជ្វាស្ងោរ (ខ្ញុំចូលចិត្តញាំជាអាហារពេលព្រឹក ព្រោះវាមានជីវជាតិ Fiber ច្រើន)

មើមដំឡូងដៃខ្លាស្ងោរ (ខ្ញុំចូលចិត្តញាំកាលនៅរៀន)

អំបុកស្រូវចាស់ (លីងវាអោយស្រួយទៅ ង៉ាញ់អស់ទាស់)

ដំណាប់ផ្លែត្រឡាច និងផ្លែល្ហុង (មើលទៅល្អមើល តែមិនល្អញាំទេ)

ដំណាប់ធ្វើពីផ្លែក្រូចសើច ផ្លែបាស់(រលោងៗ) និងវល្លិ៍បណ្តូលពេជ្រ (មិនល្អញាំសោះ)

ស្ករត្នោត មើលមួយភ្លែតស្មានតែនំត្នោត (ខ្លាចតែដាក់ថ្នាំគីមី)

ចំណីស្រីៗ... តែខ្ញុំមើលទៅ ឃើញចេញសុទ្ធតែគ្រឿងក្លែម...

ភេសជ្ជៈ និងនំចំណីចល័ត

សំរេចសំរួលទៅ ចំណីចំណុក​ដាក់លក់ដូរនៅក្នុងទីវត្ត សំបូរតែគ្រឿងក្លែម ខ្វះតែ​អាការសាហាវ​(ស្រា-ស) ទេ​ដែល​​​មិន​ឃើញ​មានលក់ កុំអី​អាចនឹង​ធ្វើ​អោយ​លោកសង្ឃ​ស្រក់​ទឹកមាត់​ច្រោក​ដែរ​ណឹង…៕

ស្រុកស្រែ