វិចិត្រសាល

សំណង់​ខ្ពស់​ពីរ​កន្លែងនៅក្បែរវាំង​ បានធ្វើអោយ​​លោក​ចៅហ្វាយ​​ក្រុង​យើង ​ឆេះដុំ..!!..​


កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ដំណឹង​​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ គឺ​ព័ត៌មាន​ស្តី​ពី​​លោក​ចៅហ្វាយ​​ក្រុង ប៉ា សុជាតិវង្ស, ​«​ឆេះដុំ» ​នឹង​សំណង់​ខ្ពស់​ពីរ​កន្លែង​ ស្ថិត​នៅ​ក្បែរ​វាំង​ព្រះកូណា​ ដែល​លោកបាន​ចេញ​​បញ្ជា​អោយ​​វ៉ៃ​កំទេច​ចោល​ជា​បន្ទាន់​ ដើម្បី​ជា​ការ​ព្រមាន​ដល់​អ្នក​សាង​សង់​ក្រោយៗ កុំ​អោយ​ព្រហើន​នឹង​ច្បាប់…។

សំណង់ទី១ ដែល​លោក​ចៅហ្វាយ​ក្រុង​យើង ​ចេញ​បទ​បញ្ជា​អោយ​វ៉ៃ​​​​កំទេច ឬ​វ៉ៃ​កំចាត់​កំចាយ​ ដើម្បី​​តំរូវ​ទៅ​តាម​ច្បាប់​​ឡើង​វិញ គឺជា​អាគារ​កំពុង​សាងសង់​ នៅ​រុំ​សំណាញ់​នីឡុង​​ពណ៌​ខៀវ​​​​នៅ​ឡើយ ស្ថិត​នៅ​ម្តុំ​ខាង​ក្រោយ​អាគារ​យូណេស្កូ តាម​បណ្តោយ​តីរវិថី​ព្រះ​សុធា​រស​ ​ជួរ​មាត់​ទន្លេ ចំ​ខាង​កើត​វាល​ព្រះមេរុ។ ឯសំណង់​ទី២ ជា​អាគារ​អាផាត​មេន មើល​ទៅ​ដូច​ជា​សាង​សង់​ហើយ​រួច​រាល់​ទៅ​ហើយ ស្ថិត​នៅ​ខាង​លិចរបង​​វាំង ចំ​សាលា​​រចនា…។​ តាម​សារព័ត៌មាន​បាន​អះអាង​ថា សំណង់ទាំង​ពីរ​នេះ សុទ្ធ​តែ​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ ដោយ​សំណង់​ទី១ ជា​អាគារ​​វឌ្ឍនៈ [ម្ចាស់អាគារនាគ?] ដែល​ច្បាប់​បាន​អនុញ្ញាត​អោយ​​សាង​សង់​ត្រឹម​កំពស់​ ១៤ម៉ែត្រ, តែ​ម្ចាស់​សំណង់​បាន​សង់​រហូត​ដល់​ទៅកំពស់ ២៧ម៉ែត្រ។ ឯ​សំណង់​អាគារ​អាផាតមេន ដែល​ម្ចាស់​​វា​​អាច​ជា​ «យក្ស» ព្រោះ​កាសែត​អត់​ហ៊ាន​បញ្ចេញ​ឈ្មោះ​​ម្ចាស់​សោះ, គឺ​បាន​សង់​លើស​​​ ២ជាន់​កន្លះ ​បំពាន​លើ​ច្បាប់​អនុញ្ញាត, វាមាន​កំពស់​ខ្ពស់​តែ​ឯង ដែល​​​​ពេលឈរ​​​ងើយ​មើល​ទៅ​ដំបូល​​អាគារ សឹង​ជ្រុះ​ឆ្នួត​ពី​ក្បាល…​ ។

ករណី​​លោក​ចៅហ្វាយ​ក្រុង​យើង​ ចេញ​បទ​បញ្ជា​ទៅ​ហើយ… ប្រសិន​បើ​ឃើញ​ថា សក្តិសិទ្ធិ​ពិត​មែន, ​ក្នុង​នាមខ្ញុំ​ជា​​រាស្រ្ត​តូច​តាច គឺ​​សូម​អប​អរ​សាទរ..!!… តែ… ​ចុះ​បើ​ម្ចាស់​គេ​មិន​ព្រម​វ៉ៃ​ចោល ហើយ​ពួក​គេ​បាន​ប្រើ​ដំណោះ​​ស្រាយ «ឈ្នះ!ឈ្នះ!»… ឬ​ក៏​​ «សហការ​រីករាយ» ដូច​​ក្នុង​កុន​​​ចិនវិញ, តើ​គិត​យ៉ាង​ម៉េច​ដែរ?…​

ខ្ញុំ​នៅ​ចាំ​បាន​ថា មាន​ករណី​ដូច​គ្នា​នេះ កាល​ពី​ក្នុង​​អណត្តិ​លោក​ចៅហ្វាយ​ក្រុង កែប ជុតិម៉ា, មាន​សំណង់​អាគារ​ «សំប៉ែតតោ» មួយ ដែល​មានទីតាំង​ស្ថិត​នៅ​ទល់​មុខ​សណ្ឋាគារ​ Cambodiana ត្រូវ​បាន​​សង់​ឡើង​ខ្ពស់​ចោង​ណោង​តែ​ឯង ​បំពាន​ច្បាប់​អនុញ្ញាត​អញ្ចឹង​ដែរ ហើយ​កាល​ណោះ​ ក៏​មាន​បទ​បញ្ជា​អោយ​វ៉ៃ​កំទេច​ចោល​ដូច​គ្នា…។ តែ​មិន​ដឹង​យ៉ាង​ម៉េច… អាច​ថា ក្នុង​ពេល​កំពុង​មាន​រឿង ម្ចាស់​សំណង់​បាន​ប្រើ​វិធី​សំរុះ​សំរួល ចរចា ចិចី ចុចូ ចុំចំ ចាំច្រាស..!!.. ទើប​អាគារ​សំប៉ែត​ដែល​ចាត់​ទុក​ថា ខុសច្បាប់​នោះ ក៏បាន​ប្រែ​ក្រឡា​​ទៅ​ជា​​ត្រូវ​ច្បាប់​វិញ និង​មាន​ឈ្មោះ​ថា Landscape Hotel យ៉ាង​គ្រហើរៗ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​​ទៅ…។

តាម​​ពិត​ទៅ រឿង​វ៉ៃកំទេច​ចោល ដើម្បី​ជា​ការ​ព្រមាន​ទៅ​ដល់​អ្នក​បំពាន​ច្បាប់ គឺ​ត្រូវ​តែ​ធ្វើ​អោយ​ចេញ​ជា​ការ​ពិត​ជាក់​ស្តែង​មែន​ហើយ។ តែ​ការ​សំខាន់​ជាង​នេះ​ទៀត គឺ​ត្រូវ​​តែ​វែក​រក​​មុខ​មន្រ្តី​ខិល​ខូច​​ ដើម្បី​នាំ​យក​​មក​ប្រឈម​​មុខ​នឹង​ច្បាប់ ទើប​ជា​ការ​ត្រឹម​ត្រូវ​ជាង ព្រោះ​មន្រ្តី​ខិល​ខូច​ទាំង​នោះ​ហើយ ដែល​បាន​​ធ្មេច​ភ្នែក​​អោយ​ម្ចាស់​សំណង់ ប្រើ​វ៉ាក់សាំង​ប្រភេទ «លូត​កំពស់អាគារ» ​ស្រេច​តែ​​ក្បាល​វ៉ាល់​នោះ..!!..

នឹក​ឃើញ​វិធានការណ៍​កណ្តាប់​ដៃ​ដែក កំទេច​អាគារ​ខុស​ច្បាប់​នេះ ខ្ញុំ​នៅ​តែ​​នឹក​ស្ញើច​សរសើរ​​ចំពោះ​អតីត​នាយ​ឧត្តម​សេនីយ៍ ហុក ឡងឌី, ក្នុង​ពេល​ដែល​​លោក​ចូល​កាន់​ដំណែង​ជា​ចៅហ្វាយ​ក្រុង​ភ្នំពេញ​​ភ្លាម នា​ឆ្នាំ​១៩៩០ បន្ត​ពី​លោក​ ថោង ខុន, គឺ​លោក​នាយ​ឧត្តម​សេនីយ៍ បាន​វ៉ៃ​កំទេច​​យ៉​អាគារ​ផ្ទះ​ល្វែង​នៅ​ម្តុំ​វត្ត​កោះ ដែល​បាន​សង់​បំពាន​មក​លើ​ចិញ្ចើម​ផ្លូវ​ធ្វើ​ដំណើរ ធ្វើ​អោយ​អ្នក​រស់​នៅ​ក្រុង​​ភ្នំពេញ​សម័យ​នោះ ​នាំ​គ្នា​បើក​ភ្នែក​ធំៗ​ និង​សាទរ​គ្រប់​គ្នា…។ ឥឡូវនេះ យើង​ត្រូវ​រង់ចាំ​មើល​ស្នាដៃ​លោក​ចៅហ្វាយ​ក្រុង​​ជំនាន់​ទី១៧ យើង​វិញ​ម្តង ថា​តើ​មាន​យុទ្ធ​សិល្ប៍​កំរិត​ណា?… ឬ​ក៏​បាន​​តែ​ត្រឹម​​«ឆេះដុំ​» អត់​អំពើ​ទេ..??..!!..

ស្រុកស្រែ

14 responses to “សំណង់​ខ្ពស់​ពីរ​កន្លែងនៅក្បែរវាំង​ បានធ្វើអោយ​​លោក​ចៅហ្វាយ​​ក្រុង​យើង ​ឆេះដុំ..!!..​

  1. កុំ​សូវ​ជឿ​ពួក​អ្នក​ដឹក​នាំ​អស់​ហ្នុង​ពេក… កោស​ៗ​រក​លុយ​គេ​នឹង​ឯង!

    • 😀 អាចថា នេះជាយុទ្ធសិល្ប៍កៀងត្រី​អោយ​ចូល​ស៊ង ក៏មិន​ដឹង… តែ​គួរ​តែ​រង់ចាំ​មើល​​ស្នា​ដៃគាត់​ នៅ​ទឹក​ទី១​ នេះ​សិន​ទៅ…។ បើ​មិន​កើត​ទេ លើក​ក្រោយ​ ខ្ញុំ​នឹង​ផា​អោយ​គាត់​​ថែម​ទៀត…។​

  2. បើ​ធ្វើ​មិន​បាន​ទេ ខ្ញុំ​កាត់​ក្រវាត់​ចោល (ថា​តាម​សម្ដេច) 😀

  3. ម្យ៉ាងទៀត ដែលអោយគេធ្វើអាគារធំៗអស់ហ្នឹង មិន​ដឹង​ថា ដល់​សង់​រួច​ទៅ​ ម្ចាស់​ស្រុក​មាន​សិទ្ធិ​ចូល​ទៅ​ត្រួត​ពិនិត្យ​ម្ដងៗ​បាន​ដែរ​រឺអត់ ថា​ទាំង​ពួក​ម្ចាស់​ទាំង​ពួក​អ្នក​ជួល គេ​កំពុង​ធ្វើ​អីខ្លះ រស់​របៀប​ណា …សំងំ​ធ្វើ​ថ្នាំ​ក្លែង​ក្លាយ លួច​បោះពុម្ព​លុយ​ក្លែងក្លាយ ចាប់​មនុស្ស​បង្ខាំង​អោយ​លួច​ធ្វើការ បនល្បែង និង​ពេស្យាចារ ទីប្រជុំ​ពួក​ម៉ាហ្វីយ៉ា​ទាំង​តូចៗ​ ទាំងធំៗ…? ។ល។

    លឺគេថា អាដីដែល​ធ្វើ​សម្បទាន​អោយ​បរទេស​ខ្លះ ចូល​ទៅ​អត់​បាន​ទេ កុំចូល​ មាន​ដល់​អ្នក​កាន់​កាំភ្លើង​យាម​អោយ​ទៀត មិន​ដឹង​ជាវា​ជីករូង​ក្នុង​ដី​ទៅ​ណា ម៉ោណា ធ្វើអី​ខ្លះអស់​ហើយ​ទេ ? លួចធ្វើ​អីខ្លះ ? រឺក៏​ដូច​តាម​តែ​កុងត្រា ? … ដែល​ខ្ញុំគិត​ថា ជា​ម្ចាស់​ស្រុក ត្រូវ​មាន​សិទិ្ធ​ចូល​ពិនិត្យ​មើល​បាន​តាម​ចិត្ត​ចង់ ឆ្មក់​ទៅ​ពេល​ណា​ក៏ត្រូវ​បាន ។ រឺក៏ចាំ​អាណត្តិ​ក្រោយៗ​សិន​ក៏បាន ! 😀

    • 😀 តាម​ខ្ញុំ​ដឹង អ្នក​មាន​ភារកិច្ច ទើប​អាច​ចេញ​ចូល​កន្លែង​សំខាន់ៗ​មួយ​ចំនួន​បាន។ ឯ​អ្នក​អត់​មាន​កិច្ចការ​អីផង ម៉េច​គេ​អោយ​ចេញ​ចូល​ស្រួលៗ?… ​

      • បើក្រុមអាជ្ញាធរអាចចេញចូលត្រួតពិនិត្យបាន នោះទើប
        ត្រឹមត្រូវ ពេលមានរបាយការណ៍ពីបទសង្ស័យម្ដងៗ។
        តាមដំណឺងពីក្រៅស្រុក ​ស្ដាប់ទៅសំបូររឿងគួរអោយប្រហោងពោះ
        ច្រើនណាស់ … 😀

        • ធម្មតាទេ, កន្លែង​រកស៊ីកាប់ឈើ មិន​អាច​អោយ​ខាង​ក្រសួង​ធម្មការ ចេញ​ចូល​បាន​ទេ គឺទាល់តែ​​ក្រសួង​​ទទួល​ខុស​ត្រូវ​ខាង​ឈើ ទើប​អាច​ចេញ​ចូល​បាន…​ 😀

  4. ម៉េចបាន សំប៉ែត ហើយមាន តោ ?

  5. ស្រែកពិរោះណាស់ពួកគាត់
    តែបើអាសូមមូមចូលមាត់ស្ទះខ្យល់
    គាត់ស្រែកលែងកើតហើយ កុំទៅឆ្ងល់ពេក!
    សម័យគេចាយអាសូមមូម មិនដូចសម័យ បងពតអី។

បញ្ចេញមតិ