វិចិត្រសាល

ការដ្ឋានសាងសង់ផ្លូវហាយវ៉េពីព្រែកលួង ​កាត់ទៅវិហារសួគ៌…


ខាងក្រោមនេះ ជាទិដ្ឋភាពនៃការសាងសង់​ផ្លូវហាយវ៉េ ពីឃុំព្រែកលួង កាត់ទៅ​វិហារសួគ៌ ក្នុង​ភូមិសាស្រ្ត​នៃ​ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល…។

នេះ​ជា​ការ​តភ្ជាប់សរសៃឈាម​​ ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​​ក្រុមហ៊ុន 7NG ដែល​ភ្ជាប់ពី​ផ្លូវ​ជាតិ​លេខ៨ នៅ​ម្តុំ​ខាងលិច​វិហារសួគ៌ ឆ្ពោះ​មក​កាន់​ភូមិសាស្រ្ត​​​​ស្រុក​ខ្សាច់​កណ្តាល និងស្រុក​ល្វាឯម​ ​ស្ថិត​នៅ​ទល់​មុខ​រាជធានី​ភ្នំពេញ​យើង។

ប្រសិន​បើ​មាន​ស្ពាន​មួយ​ទៀត​ ​ឆ្លងកាត់​ទន្លេ​មេគង្គ​ក្រោម​ ​ស្ថិត​នៅមាត់​ច្រាំង​នៃ​ស្រុក​កៀនស្វាយ និង​ស្រុកល្វាឯម, នោះ​កំពង់​ផែ​ទឹកសាប​ដែល​ទើប​នឹង​សម្ពោធ​​ដាក់​អោយ​ប្រើ​ប្រាស់​​​ថ្មីៗ​នេះ​នៅ​ម្តុំឃុំដីឥដ្ឋ គឺ​ពិត​ជា​នឹង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​​​​ដល់​ការ​ដឹក​ជញ្ជូន​ និង​​ចរាចរ​ទំនិញ​ ​សំរាប់​បំរើ​​អោយ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ ព្រម​ទាំង​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​​​អ្នក​ស្រុក​ដែល​រស់​នៅ​​​ប៉ែក​ខាង​ល្វាឯម ពារាំង ព្រៃវែង​ផងដែរ។

បច្ចុប្បន្ន ផ្លូវ​ហាយវ៉េ​នេះកំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាងសង់​ដ៏​មមាញឹក​បំផុត។ មើល​តាម​ភូមិសាស្រ្ត​ជាក់ស្តែង ផ្លូវដ៏ធំទូលាយនេះ​បាន​​ស្ថាបនា​​កាត់​តាម​តំបន់​ទំនាប​នៃ​វាល​ស្រែប្រាំង និងបឹងឈូក​របស់​អ្នក​ស្រុក​ខ្សាច់​កណ្តាល។ ហេតុនេះ ការកសាង​​ផ្លូវ​ គឺមាន​លក្ខណៈ​ជា​ទំនប់ និង​ស្ពាន​បើក​មុខ​ទឹក ដែល​​ត្រូវ​តែ​ខ្ពស់​ផុត​ពី​នីវ៉ូទឹក​ទន្លេ​ក្នុង​រដូវ​វស្សា…។

ខ្ញុំ​បាន​សាកសួរ​អ្នក​ស្រុក​​ដែល​កំពុង​យាម​ចាំ​ចំការ​ឈូក និង​ធ្វើ​ស្រែ​ប្រាំង​នៅ​លើ​ដី​​ប៉ែក​ខាង​ត្បូង​ផ្លូវ​​ ដែល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​កសាង​ផ្លូវ​នេះ​បាន​អោយ​ដឹង​ថាៈ ក្រុមហ៊ុន 7NG បាន​ប្រមូល​ទិញ​ដី​ពី​ពួកគាត់​ ក្នុង​ចំងាយ ២០០ម ពីអ័ក្ស​ផ្លូវ ដោយ​ផ្តល់​តំលៃ ៣,០០០​ដុល្លារ​ ក្នុង​មួយ​ហិកតា។ អ្នក​ខ្លះ​ដែល​មាន​ដីបួនហិកតា (៤០០ម ពីផ្លូវ) ក៏​ត្រូវ​តែ​បង្ខំ​ចិត្ត​លក់​អោយ​ក្រុម​ហ៊ុន​ទាំងអស់​ដែរ ព្រោះ​ក្រុម​ហ៊ុន​ 7NG បាន​ប្រកាស​អោយ​ដឹង​ថា ក្រុមហ៊ុន​នឹង​ធ្វើ​របង​ខ្ពស់​បិទជិត​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ។ ដោយ​ហេតុ​នេះ អ្នកស្រុក​គិតយល់​ថា នឹង​មិន​មាន​ផ្លូវ​ចេញ​ចូល​ទៅ​ធ្វើ​ស្រែ​ប្រាំង ឬ​ដាំ​ឈូក​​នៅ​លើ​ដី​ដែល​​នៅ​សេស​សល់​ ២ហិកតា​ទៀត​នោះ​បាន​ទេ។ ដូច្នេះ គឺ​មាន​តែ​លក់​ជូន​ក្រុមហ៊ុន​បង្ហើយ​តែ​ម្តង​ទៅ… អោយ​វា​ចប់​រឿង..!!..​

ខ្ញុំ​សួរ​តទៅទៀត៖ ចុះ​បើ​នាំគ្នា​លក់​ «ឆ្នាំងបាយ» ​អោយ​ក្រុមហ៊ុន 7NG ​អស់​ទៅ តើនាំ​គ្នា​រកស៊ីអីវិញ?… ពួកគាត់​ប្រាប់​ខ្ញុំ​វិញថាៈ មានឆ្អី… តាមដំណើរ​ទៅ..!!.. ដល់​អញ្ចឹង​ទៅ ​ខ្ញុំ​ក៏​អស់មាន​ឆ្អី​ឆ្ងល់​ទៀត​ដែរ​ទៅ..!!..??..

(ប្រកាស​ក្រោយ ខ្ញុំ​នឹង​បង្ហាញពី​ទិដ្ឋភាព​ជ្រុង​មួយ​នៃ​តំបន់សេដ្ឋកិច្ច​ពិសេស របស់​ក្រុមហ៊ុន 7NG ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងត្បូង​ផ្លូវជាតិលេខ៨ ភាគខាងលិច​វិហារសួគ៌ នៃ​ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល…)

ស្រុកស្រែ

2 responses to “ការដ្ឋានសាងសង់ផ្លូវហាយវ៉េពីព្រែកលួង ​កាត់ទៅវិហារសួគ៌…

  1. ពេល​ផ្លូវ​នេះ​ដាក់​ឲ្យ​​ដំណើរ​ការ​ តើ​អ្នក​ឆ្លងកាត់​នឹង​តំរូវ​ឲ្យ​​បង់​ប្រាក់​ឬ​ទេ? ខ្ញុំ​ធ្លាប់​គិត​ថា​ដី​បឹង​ម្ដុំ​នេះ​ជា​​​សម្បត្ដិ​រដ្ឋ តែ​គេ​ទិញ​អស់​ហើយ​ហ្នឹង! តាម​ពិត​ទៅ​ខ្ញុំ​គិត​ថាភ្នំពេញ​មិន​ទាន់​មាន​ឧទ្យាន​សាធារណៈ​សមរម្យ​សំរាប់​អ្នក​ក្រុង​អាច​លំហែ​កាយ​ជា​មួយ​គ្រួសារ​បាន​ទេ។ ​អ​ញ្ចឹង​នា​ពេល​ចុង​សប្ដាហ៍ ឬ​ពេល​ថ្ងៃ​បុណ្យ​ឈប់​សំរាក ពួក​គេ​ត្រូវ​បើក​ឡាន​ទៅ​ឆ្ងាយ​ពី​ក្រុង។ លើស​នេះ​ទៀត​ខ្ញុំ​ក៏​ធ្លាប់​គិត​ថា ​តំបន់​នេះ​មាន​សក្ដានុពល​ខ្ពស់​សំរាប់​​អាកាសយាន្ដ​ថ្មី​របស់​ក្រុង​ភ្នំពេញ។ បច្ចុប្បន្ន​វា​ហាក់​ដូច​ជាឆ្ងាយ​ពី​ក្រុង តែគ្រាន់​តែភ្ជាប់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​មួយ​វា​នឹង​គៀក​បង្កើយ​។ ចេះ​តែ​ស្រមៃ​លេង​ៗ​ទេ​ស្រុក​ស្រែ​អើយ!

បញ្ចេញមតិ