វិចិត្រសាល

អារាមក្រុងបាត់ដំបង៖ វត្តកណ្តាល


មានទីតាំង​ស្ថិត​នៅ​តាម​ដងស្ទឹង​សង្កែ​ត្រើយ​ខាង​កើត, វត្តកណ្តាល មាន​ឈ្មោះ​ពិត​ថា វត្តវិបុលត្ថារាម​..!!.. នេះ​ជាវត្ត​ទីបួន ចុងក្រោយ​គេ​ហើយ​ ដែល​ខ្ញុំ​បាន​ចូល​ទៅ​ទស្សនា នាឳកាស​ឈប់​សំរាក​ក្នុង​ដំណើរ​កំសាន្ត​ជើងនេះ ​នៅ​​ក្រុង​បាត់ដំបង «ដីស្អិត»។

សំរាប់​ខ្ញុំ, ព្រះវិហារ​វត្តកណ្តាល ឬវត្តវិបុលត្ថារាមនេះ ត្រូវ​បាន​ចាត់​ទុក​ថា ជាវត្តប្លែក​ភ្នែកជាង​គេ​ ដែល​ខ្ញុំ​មិន​ធ្លាប់​​បាន​ឃើញ​ពីមុនៗ​មក។ អ្វី​ដែល​ប្លែក​ភ្នែក​ជាង​គេ​នោះ​គឺ មុន​នឹង​ចូល​ដល់​បរិវេណ​​ព្រះវិហារ មាន​ក្លោង​ទ្វារ​ធំមួយ​​ជា​សំណង់​​បុរាណ​​​​​​ ដែល​នៅ​ជាប់​នឹង​ក្លោង​ទ្វារ​ធំ​នេះ មាន​អាគារ​មួយ​គូ​​នៅ​អមសងខាង​… គឺអាគារខាង​ឆ្វេងដៃ ជារោងបាយ ឬរោង​ចុង​ភៅ​សំរាប់​រៀបចំ​​​ចង្ហាន់​ប្រគេន​ព្រះសង្ឃ, ឯអាគារ​ខាង​​ស្តាំដៃ គឺជាសាលាឆាន់។

អាគារខាង​ឆ្វេងដៃនោះ ឃើញដាក់កាលបរិច្ឆេទ ព.ស២៤៩៩ (១៩៥៥), ចំណែក​ឯ​អាគារ​ខាង​ស្តាំ ត្រូវ​បាន​ជួស​ជុល​ដំបូល​ជា​ថ្មី​ឡើង​វិញ (ក្បឿងថ្មី) ដោយ​រក្សាទុក​ហោជាង ជា​ចំលាក់​ឈើ​ដ៏​ល្អ​វិចិត្រ​អោយ​នៅ​ដដែល។

ព្រះវិហារវត្តកណ្តាល ​បាន​សង់​​ផ្ទាល់លើ​ខឿន​គ្រឹះ​​ព្រះវិហារ​ ដោយ​មិន​មាន​រៀប​​​បន្តើត​ពីរបីជាន់អោយ​ខ្ពស់​​ដូច​ព្រះវិហារ​នានា ក្នុង​​សម័យ​បច្ចុប្បន្ន​យើង​នេះ​ទេ។​​ ច្រកចូល​ទៅក្នុង​ព្រះ​វិហារ​នេះ​ នៅ​ខាងលិច​មានទ្វារពីរ, ឯ​នៅ​ច្រក​ខាង​ក្រោយ (ខាងកើត) មាន​ទ្វារបី និង​គ្មាន​ទ្វារ​ចំហៀង​សំរាប់​ចេញ​ចូល​ឡើយ។ ​នៅ​លើ​ជញ្ជាំងខាង​ក្រៅ​​របស់​​ព្រះវិហារ ​​ប៉ែក​ខាង​លិច​ ​មានចំលាក់​ផុស​មួយ​ផ្ទាំង ដោយ​ខ្ញុំ​មិន​​ដឹង​ថា តើ​​រៀប​រាប់​បង្ហាញ​អំពី​រឿង​និទាន ឬក៏រៀបរាប់​​​ពី​​​ជីវភាព​រស់នៅ​របស់​​អ្នកស្រុកបាត់ដំបង​ កាល​ពី​សម័យ​នោះ?… ចំលាក់​ផុសវ័យ​ចំណាស់​​មួយ​ផ្ទាំង​នេះ​ ​​ដាក់​កាល​បរិច្ឆេទ ព.ស២៤៦២ (១៩១៨)។

ចំណែក​នៅ​ជញ្ជាំង​ខាង​កើត​ព្រះវិហារ​វិញ មាន​ចំលាក់​​រូប​ព្រះពុទ្ធ​ពីអង្គ ទ្រង់​​ឈរ​បិណ្ឌ​បាត្រ​​នៅ​អម​សងខាង​ទ្វារ​កណ្តាល ហើយ​នៅ​ខាង​មុខ​ព្រះពុទ្ធខាង​ស្តាំដៃ នៅ​ត្រង់​បង្កាន់​ដៃ​ព្រះវិហារ មាន​ម៉ុងកប់​សាកសព​តូច​មួយ ដែល​មាន​ស្លាក​ថ្ម​មួយ​ផ្ទាំង​នៅ​ពី​ខាង​មុខ​ផងដែរ។

នៅខាង​ក្រៅ​បរិវេណ​ព្រះវិហារ មាន​អាគារ​ចាស់​ថ្មី​ តូចធំ​បួនប្រាំ ស្ថិត​នៅ​លាយ​ឡំ​គ្នា។ ក្នុង​ចំណោម​នោះ មាន​អាគារ​នៅខាង​ជើង​ព្រះវិហារ​មួយ​ រាង​ចំណាស់​ជាង​គេ​បន្តិច។ តាម​រយៈ​ព័ត៌មាន​នៅ​លើ​ហោជាង បាន​អោយ​ដឹង​ថា អាគារ​ចំណាស់​នោះ​​​​​ កសាង​ដោយ​ឧកញ៉ាផល្លា​សម្បត្តិ អ៊ាប ហេវ និង​អ្នក​ស្រី តាន់​ ប៊ូ…។ នៅ​ខាងលិច​​​អាគារ​ចំណាស់​នេះ មាន​អាគារ​មួយ​​ទៀត ស្ថិត​នៅ​ជិត​ផ្លូវ​ចូល ឃើញ​ដាក់​កាលបរិច្ឆេទ​​​​​ឆ្នាំ១៩៤១ ហើយ​នៅ​លើ​​ប៉ាយ​ដំបូល​អាគារ​នោះ​ មាន​ដាក់​ឈ្មោះ សោ ហ៊ឺ និង ចែយ៉ង់ [នេត យ៉ង់?] ដែល​ជា​សប្បុរស​ជន​កសាង​អាគារ​នេះ។ រួច​នៅ​ឯ​ម្ខាង​ផ្លូវ​​ទល់​មុខ​អាគារ​ សោ ហ៊ឺ និង ចែ យ៉ង់​ នេះ មាន​អាគារ​ចំណាស់​មួយ​ទៀត មាន​ដាក់កាលបរិច្ឆេទ សម្ពោធ​​ប្រើប្រាស់​ក្នុង ព.ស២៤៨៦ (១៩៤២)…។

បន្ទាប់​ពី​បាន​ថតរូប​ និងដើរ​មួយ​ជុំ​​បរិវេណ​វត្តកណ្តាល​ ឬ​វត្តវិបុលត្ថារាម ព្រមទាំងបាន​​ពិនិត្យ​មើល​ក្លោងទ្វារ​វត្ត​នៅ​មាត់​ផ្លូវ​ធំ​​ ដែល​​មាន​​សរសេរ​អក្សរ​ចិន​នៅ​លើ​សសរ ពីលើ​ចុះក្រោម ប្លែក​ខុស​ពី​គេ​​រួច​មក ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា ​​​សមិទ្ធិផល​នានា​នៅ​ក្នុង​វត្តនេះ គឺ​ត្រូវ​បាន​ពុទ្ធសាសនិកជន​ ដែល​ជាគហបតីជនជាតិ​ចិន​នៅ​ក្រុង​បាត់​ដំបង ជា​អ្នក​បរិច្ចាគ​​ទ្រព្យ​ធន​ក្នុង​ការ​​កសាង កាល​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៤០…។

ខាងក្រោមនេះ ជាទិដ្ឋភាព​ទូទៅ​នៅ​វត្តកណ្តាល ឬវត្តវិបុលត្ថារាម ដែល​ខ្ញុំ​បាន​ថត​នា​ពាក់​កណ្តាល​ខែ​មេសា ឆ្នាំ២០១៣ សំរាប់​​ទុក​ជា​ឯកសារ…

ស្រុកស្រែ

___________________

អត្ថបទដែលទាក់ទង៖

 

3 responses to “អារាមក្រុងបាត់ដំបង៖ វត្តកណ្តាល

  1. ពិតជាល្អមែន ដូចគ្មានអ្វីប្រែប្រួលសោះ នៅសុទ្ធសំណង់ចាស់ៗ ឬ បុរាណ ខ្ញុំធ្លាប់មកស្នាក់នៅបាត់ដំបងនេះយូរដែរ តែដូចជាគ្មានឱកាសបានដើរទស្សនា ឬមើលតាមវត្តសោះ ដោយផ្តោតែទៅលើការសិក្សាស្រាវជ្រាវនូវកិច្ចការរបស់ខ្ញុំ ។ តែវត្តដំរីសនេះ ធ្លាប់បានស្គាល់តាំងពីនៅតូចៗ កាលដើមទសវត្ស៧០ ពេល នោះមានព្រះសង្ឃមួយអង្គ នៅវត្តខ្ញុំនៅជនបទ លោកហៅមកគ្រាន់បានជាគ្នា លោកនិមន្តមករកស្នាក់នៅរៀនសូត្រ មិនចាំច្រើនទេ ចាំបានតែឃើញដូនជីរ ជាច្រើនស្នាក់នៅ ហើយថ្លង់សំឡេងយន្តហោះណាស់ ឡើងចុះមិនចេះឈប់ ជាពិសេសយន្តហោះទម្លាក់គ្រាប់បែក គេហោះហ្វឹកហ្វឺន ។ល។

    • អរគុណ​លោក​បង… ខ្ញុំ​ទើប​ត្រឡប់​ពី​បាត់​ដំបង​វិញ កាល​ពី​យប់​មិញ… ទៅ​ជើង​នេះ ខ្ញុំ​ថត​បាន​វត្ត​បួន​ប្រាំ​ទៀត ​នៅ​តាម​បណ្តោយ​ដង​ស្ទឹង​សង្កែ​ ឡើង​ទៅ​ដូនទាវ​… ខ្ញុំ​នឹង​ដាក់​ប្រកាស​ជូន​ជា​បន្ត​បន្ទាប់​នៅ​ទីនេះ… :-D​

បញ្ចេញមតិ