វិចិត្រសាល

កំណត់ត្រា ភាគ៣៖ កោះត្រល់ ថ្ងៃទី១៤ ​ខែមេសា ​ឆ្នាំ២០១២…


ពួកខ្ញុំបានណាត់គ្នាក្រោក និងជុំគ្នានៅម៉ោង ៧.៣០នាទីព្រឹក… តាមការគ្រោងទុក គឺត្រូវជួលម៉ូតូ ជិះដើរមើលកោះភាគខាងក្រោម។ តំលែឈ្នួលមួយថ្ងៃ៖ ម៉ូតូលេខអូតូ ៦ដុល្លារ និងម៉ូតូមានចង្កឹះលេខ ៥ដុល្លារ។ ពួកខ្ញុំសំរេច ជួលម៉ូតូមានចង្កឹះលេខ…

មុនចេញដំណើរ ខ្ញុំបាននាំគ្នាចូលញាំអាហារពេលព្រឹក ដែលគ្មានអ្វីក្រៅពីគុយទាវ ហ្វើរទេ។ បន្ទាប់ពីញាំហ្វើររួច ក៍នាំគ្នាជិះរកមើលកន្លែងចាក់សាំង ព្រោះម៉ូតូសុទ្ធតែ អស់សាំង។ ស្ថានីយ៍ចាក់ប្រេងនៅវៀតណាម មិនមែនចេះតែមានគ្រប់កន្លែង​ដូច​នៅ​ស្រុកយើងទេ… យូរៗឃើញមួយ…។ សាំងថោកជាងស្រុកយើងច្រើន ហើយ​មាន​តែ​មួយធឺ គ្មានបែងចែកសាំងស៊ុបពែរ ឬសាំងធម្មតាខ្មោចយ៍អីទេ… ចាក់ ១០ម៉ឺនដុង (ប្រហែល ២ម៉ឺនរៀល ឬ៥ដុល្លារ) បានសាំងជិត ៤លីត្រកន្លះ។

មើលតាមផែនទីកោះភូគួក ខ្ញុំនឹងចេញដំណើរពីយឿងដុង ទៅ Sao Beach (វៀត​ណាម​ Bai Sao) ស្ថិតនៅចុងកោះប៉ែកខាងកើត…  រួចនឹងបង្ហួសទៅកំពង់ផែ An Thoi ដែល​ស្ថិត​នៅ​ចុងខាងក្រោមនៃកោះភូគួក និងមានចំងាយប្រមាណជិត ៣០គ.ម ពីក្រុង​យឿងដុង។ ពេលត្រឡប់មកវិញ ខ្ញុំនឹងជិះសរសៀរតាមបណ្តោយឆ្នេរ ប៉ែក​ខាង​លិច​នៃ​កោះ​វិញម្តង ដោយឆ្លងកាត់កន្លែងចិញ្ចឹមគ្រុំយកគុជ ឬពែក (Pearl) ដ៏ធំ ជាច្រើន​កន្លែង​នៅ​លើ​កោះភូគួកនេះ។ ហើយប្រសិនបើមាននៅសល់ពេលខ្លះ ខ្ញុំនឹង​ជិះឡើង​ទៅ​ភូមិនេសាទ Cua Can ដែលស្ថិតនៅភាគខាងលិចប៉ែកខាងលើ មាន​ចំងាយ​ប្រមាណ​ជាង ១០គ.ម ពីក្រុងយឿងដុង។

ស្ថានភាពផ្លូវនៅលើកោះភូគួកនេះទាំងមូល គឺនៅមានការលំបាកច្រើនណាស់ និង​កំពុង​ស្ថិតក្នុងការស្ថាបនា។ ចេញផុតពីក្រុងយឿងដុងបន្តិចទៅ ផ្លូវភាគច្រើន​ជា​ថ្នល់​កៅស៊ូចាស់ៗ និងផ្លូវក្រាលគ្រួសក្រហមហុយដីទ្រលោម។ តែពេលទៅដល់បាន​ឃើញ​ឆ្នេរ Sao Beach ដ៏ត្រកាល ធ្វើអោយអារម្មណ៍ហត់នឿយទាំងឡាយអស់​រលីង​ពីក្នុង​ខ្លួន… ទីនេះ គឺជាឆ្នេរខ្សាច់សក្បុស លាតសន្ធឹងនៅពីក្រោមជួរភ្នំ ដ៏ខៀវស្រងាត់។ នៅឆ្នេរនេះ ខ្ញុំបានជួបខ្មែរយើងមួយក្រុម មានគ្នាជិតដប់នាក់ ដែលមកតាមធួរ មក​ដល់​ទីនេះ​ដែរ។

ចេញពីឆ្នេរ Sao Beach ទៅ ពួកខ្ញុំបានបន្តដំណើរទៅកំពង់ផែអានថើយ (An Thoi) ទៀត។ នៅទីនោះ គឺជាកំពង់ផែដែលចរាចរផលនេសាទដ៏ធំ នៅលើកោះភូគួកនេះ។ សកម្មភាពនៅកំពង់ផែនេះ មមាញឹកណាស់ និងមានក្លិនមិនសូវស្រួលច្រមុះប៉ុន្មាន ទេ។ តាមការអោយដឹងពីអ្នករស់នៅលើកោះនេះ បានប្រាប់ខ្ញុំថា នៅអានថើយនេះ មានសិប្បកម្ម និងរោងចក្រផលិតទឹកត្រីលេខ១ ក្នុងប្រទេសវៀតណាម ហើយពេលខ្ញុំ ធ្វើដំណើរតាមផ្លូវ មានឈ្ងុយក្លិនទឹកត្រីជាប់រហូត តែមិនដឹងនៅកន្លែងណា…។ ដើម្បីកុំអោយខាតពេល ពួកខ្ញុំក៍បកត្រឡប់ទៅក្រុងយឿងដុងវិញ តាមឆ្នេរប៉ែក ខាងលិចវិញម្តង ដែលមានឈ្មោះថា ឆ្នេរ Long Beach ។

ផ្លូវតាមបណ្តោយឆ្នេរ Long Beach បានរត់ស្របកៀកនឹងសមុទ្រ គឺជាថ្នល់ក្រាលគ្រួស​ក្រហម… ឆ្នេរដ៏វែងនេះ មានខ្សាច់មិនស ល្អទេ។ រីឯមាត់ឆ្នេរសមុទ្រទៀតសោត ក៍មិន​ស្អាតដែរ… តែបែរជាផ្តល់ផលល្អលើការចិញ្ចឹមគ្រុំយកគុជ ឬពែកទៅវិញ (ខ្ញុំនឹង​ដាក់​ប្រកាស​មួយដោយឡែក ដែលនឹងរៀបរាប់ពីទិដ្ឋភាពការធ្វើអាជីវកម្មគុជ ឬពែក នៅ​តាម​បណ្តោយឆ្នេរនេះ)។ ពួកខ្ញុំបានឈប់ ចូលមើលកន្លែងចិញ្ចឹមគ្រុំ ឬខ្យងយកគុជ និងហាងតាំងលក់ គ្រឿងអលង្ការពីគុជខ្យង ឬពែកនេះជាហូរហែ ហើយ​ក្នុងពេល​ដើរ​មើល​នោះ ខ្ញុំចេះតែគិតថា ហេតុអីបានជាឆ្នេរកែប កំពត កំពង់សោម កោះកុងយើង មិនមានការចិញ្ចឹមគ្រុំ ឬខ្យងយកគុជដ៏មានតំលៃ ដូចគេអីចឹងណ៎?

ម៉ោងជិត ២រសៀលទៅហើយ ពួកខ្ញុំបានមករកញាំបាយនៅឯក្រុងយឿងដុងវិញ។ ញាំរួច ក៍បន្តដំណើរទៅឆ្នេរ Cua Can ទៀត។ ផ្លូវទៅ Cua Can ជាថ្នល់កៅស៊ូស្អាតភ្លឹង ហើយនៅសងខាងផ្លូវ គឺជាចំការម្រេច និងធូរេន។ ដោយថ្ងៃបាក់រសៀលណាស់ទៅ ហើយ ពួកខ្ញុំជិះចូលមើលតាមភូមិ Cua Can បន្តិច និងដោយមើលទៅផ្លូវពិបាកផង ក៍នាំគ្នាបកត្រឡប់ មកក្រុងយឿងដុងវិញ។ ពេលត្រឡប់មកដល់ក្រុងយឿងដុង គឺល្ងាចល្មម និងអស់កំលាំងរៀងៗខ្លួន… ហើយការដំណើរកំសាន្ត ដោយជិះម៉ូតូ ដើរមើលកោះត្រល់ ឬកោះភូគួក ក្នុងថ្ងៃនេះ គឺសន្មត់ថា ចប់តែត្រឹមនេះឯង…។

ខ្ញុំនឹងបន្តរៀបរាប់នៅប្រកាសក្រោយៗ អំពីការដើរមើលផ្សាររាត្រី និងការញាំអាហារ ពេលល្ងាច ព្រមទាំងប្រទះឃើញហាងឈ្មោះ Shop Cambodia ដែលអ្នកលក់ជា ជនជាតិវៀតណាម ចេះនិយាយខ្មែរ និងធ្លាប់បានរស់នៅជិតម្តុំផ្សារអូរឫស្សីផងដែរ៕

ស្រុកស្រែ

16 responses to “កំណត់ត្រា ភាគ៣៖ កោះត្រល់ ថ្ងៃទី១៤ ​ខែមេសា ​ឆ្នាំ២០១២…

  1. ចង់ទៅលេងយូរហើយ តែណ្ហើយ កូនបីយ៉ាងនេះហើយបែបមិន​ងាយចេញទៅណារួចទេ។ អរគុណដែលបានចែករំលែកដំណើរកម្សាន្តនេះ។ បើថ្ងៃណាមួយមានឳកាសបានទៅ ខ្ញុំមុខតែសុំការណែនាំពីលោកស្រុកស្រែ​មិនខានទេ។

  2. សួរតាមត្រង់ស្រុកស្រែចាយលុយអស់ម៉ានដែរ តាំងពីភ្នំពេញរហូតដល់
    កោះភូហ្វឹកទាំងទៅទាំងមក?
    ហើយស្រុកនោះមានចាយលុយខ្មែរអត់? ឬមួយគេយកតែ លុយដុង និង ដុល្លាទេ?
    ហើយមានខ្មែររស់នៅលាយឡំជាមួយយួនអត់លើកោះភូហ្វឹក?

    • ស្រុកហ្នុង គេចាយ​តែ​លុយ​ដុង និងលុយដុល្លារ​អាគាំង​ទេ… ហើយ​ក៍​គ្មាន​ខ្មែរ​រស់​នៅ​លាយឡំ​គ្នា ដូច​នៅ​កម្ពុជា​ក្រោម​ដែរ។

      ខ្ញុំ​ទៅ​គ្នា ៥នាក់ ទូទាត់សរុបទៅ ៣ថ្ងៃ ២យប់ អស់ម្នាក់​ អត់ដល់ ១០០ដុល្លារ​ទេ (ជាង ៨០ដុល្លារ)… នេះ​ខ្ញុំនិង​មិត្ត​ខ្ញុំ ២នាក់​ទៀត ផឹក​ដូច​ព្យុះផង… កុំអី​អស់​តិចជាង​ណឹង​ទៀត។ អ្វីដែល​ចំណេញនោះ​គឺ​​ពួក​ខ្ញុំទាំងអស់​គ្នា​​ជិះ​ឡាន​តែ១ យក​ទៅ​ទុក​នៅ​កាស៊ីណូ​ហាទៀង ដោយ​ចាក់​សាំងទៅមក​ អស់ ៤០ដុល្លារ។

      កាល​ពេល​ខ្ញុំ​រត់​ការ​ឆ្លង​ចូល​វៀត​ណាម ខ្ញុំ​ជួប​ខ្មែរ​យើង​ពីរ​គ្រួសារ បាន​ទិញ​ធួរ​ នៅ​ក្រុមហ៊ុន​ទេសចរណ៍​មេគង្គ ទៅកោះត្រល់​នេះ​ដែរ អស់​ម្នាក់ ១៥៥ដុល្លារ គឺ​ ៣ថ្ងៃ ២យប់ ដូចខ្ញុំ​ដែរ តែ​ខ្ញុំ​ជឿថា ពួកគេ​ចាយ​លុយ​អស់​ច្រើន​មែន តែ​ការ​ដើរ​តាម​ធួរ គឺ​មិន​មាន​សេរីភាព​ដើរហើរ​ ហូបចុក និងមាន​​ពេល​វេលា​គ្រប់​គ្រាន់ ​ក្នុង​ការ​ចូល​ជ្រៀតជ្រក​ ស្រេច​ក្បាល​វ៉ាល់ ដូច​​​ក្រុម​ខ្ញុំ​​ឡើយ…។ ខ្ញុំ​រៀន​ពី​របៀប​ដើរ​លេង​តាម​ពួក​បរទេស គឺ​ចំណាយ​ប្រាក់​អស់​តិច តែបាន​ស្គាល់​គ្រប់​កន្លុក កន្លៀត​​នៅ​កន្លែង​ដែល​យើង​ចង់​ទៅ​លេង…។

  3. គួរអោយអស់សំណើចទេ!ខ្មែរចូលទឹកដីយួនតែខាងៗព្រំដែនផង
    នៅរត់ការខ្វែងខ្វាត់ទំរាំបានចូល.
    ចុះយួនវិញចូលមកខ្មែរមិនថាព្រំដែនទេ រហូតដល់ក្រុង ធ្លាយដល់
    ដែនម្ខាងទៀតមិនដែលឃើញអីផងហើយមិនមែនចូលមក៣ថ្ងៃ
    ២យប់ឯណា.

  4. ថ្ងៃណាមួយ​ខ្ញុំ​នឹង​ទៅ​ដល់​ទីនោះ​ដែរ! ចេះ​ដើរ​លេង​ម្តងប្រាំនាក់ ហើយ​អត់​បាន​ត្រៀម​ទៀត តែ​យក​លិខិតឆ្លងដែន​ទៅ​ទាំងអស់គ្នាណ៎! ហេសហេសហេស សុំ​សួរ​មួយ​មក​បង, មាន​អ្នក​ណា​ចេះ​វៀតណាម​ ក្នុងចំណោម​អ្នក​ទាំង​ប្រាំ​របស់​បង​មែន​ទេ? លឺថា បើ​មិនចេះ​វៀត​ណាម​ទេ គឺ​ពិបាក​ហើយ!

    • គ្រប់គ្នា គ្មាននរណាមួយ​ចេះភាសា​យៀកណាមទេ… ឯ​ខ្ញុំ​វិញ​ចេះ​តែ​ពាក្យ​មួយ​ម៉ាត់​គត់​គឺ៖ អាន់ ធឿង អែម…

      តាមពិត​ទៅ បើ​ចង់​ដើរ​លេង​ក្រៅ​ស្រុក ចេះ​តែ​ភាសា​អង់គ្លេស​មួយ​ទៅគឺ​គ្រប់​គ្រាន់​ហើយ​… ព្រោះ​ទៅ​តំបន់​ទេសចរណ៍ ចេះតែ​អង់គ្លេសនេះ គឺមិនភ័យពី​អត់​បាយ​ និង​អត់​កន្លែង​ដេកពួន​ទេ…។ នៅតាម​ហាង និង​តាម​សណ្ឋាគារ​ ផ្ទះសំណាក់ ឬបឹងកាឡូ ​លើកោះភូគួក គឺពួកគេ​អាច​ទាក់ទង​គ្នា​ជា​ភាសា​អង់គ្លេស​បាន។

      ម្យ៉ាងទៀត បើ​ទោះ​ជា​ខ្ញុំ​មិន​ចេះ​​​ភាសា​វៀតណាម​មួយម៉ាត់​ក៍​ដោយ តែ​បើ​ត្រូវ​ការ​ចាំបាច់​​​អ្នក​បកប្រែ​ភាសា​វៀតណាម ​គឺ​ងាយ​បំផុត។ សម័យ​នេះ​ជា​សម័យ​ជឿនលឿន ហើយ​ពេល​ដែល​ខ្ញុំ​និយាយ​ប្រាប់​គេ​ពីវិធី​បក​ប្រែ​​​របស់​ខ្ញុំ​​ មាន​មនុស្ស​ច្រើន​ណាស់​ដែរ​សើច​ខ្ញុំ។ ក្មេងស្រែ​ជឿទេថា ពេល​ខ្ញុំទៅ​​ជួប​ពេទ្យ​វៀតណាមតែ​ម្នាក់​ឯង ​ដោយ​គ្មាន​អ្នក​បក​ប្រែ តើ​ខ្ញុំ​ធ្វើ​ម៉េច ទើប​អាច​ជជែក​ជា​មួយ​ដុកទ័រ​​​បានទៅ? វិធីខ្ញុំគឺ ​ខ្ញុំ​ចុច​ទូរស័ព្ទ​មក​គ្នា​ខ្ញុំ​ ដែល​ចេះវៀតណាម​នៅ​ស្រុក​ខ្មែរ រួច​បើក Speaker សំឡេង​ទៅ វា​ហាក់​​ដូច​ជា​មនុស្ស​ ៣នាក់​ ជជែក​គ្នា​ហើយ… នេះ​ជា​ស្ទីល​បកប្រែ​ពី​ចំងាយ ​ដែល​អ្នក​ដើរ​ឆ្លង​ប្រទេស​ភាគ​ច្រើន​​ គិត​មិន​ដល់… 😀 ​

  5. 😆 ម្យ៉ាងដែរ ។ គ្រួសារខាងប្រពន្ធ(អនាគត) ខ្ញុំ​ គាត់​ឡើង​ចុះ​វៀតណាមញឹក គាត់​ថា​តំបន់​ដែល​គាត់​ទៅ​ហ្នឹង គ្មាន​អ្នក​ចេះ​អង់គ្លេស​សោះ​ឡើយ សូម្បី​ពេទ្យ​ដែល​គាត់​ចុះ​ទៅពិនិត្យ​ជំងឺ (និងប្រហែល​ជា​ពេទ្យ​ដែល​អ្នក​ស្រុកខ្មែរ​យើង​បាក់​ទៅ​ពិនិត្យ​ផង​ម្តឹង) ក៏​តម្រូវ​អោយមាន​អ្នក​បកប្រែ​ផ្ទាល់ខ្លួន​ ទើប​អាច​និយាយ នឹង​ពេទ្យ​បាន ហើយ​អ្នក​បកប្រែ​ជា​ជន​ជាតិខ្មែរ​ហ្នឹង ក៏​ដូច​ចិត្ត​ទៀត ម៉ាថ្ងៃ​ដឹង​តា​២០ ៣០ដុល្លារ​ចឹង​តា​ម្រ៉ង ។ ចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា​ចង់​រត់​ទៅរៀន​វៀតណាមនឹង​គេ ក្រែង​ថ្ងៃក្រោយ​មិនពិបាក ។

    • អូ… បើពេទ្យនៅ​ហូជីមិញវិញ ម៉ាំងកាយ៉េសុទ្ធហើយ រឿង​ភាសា​អង់គ្លេសនោះ… មាន​រឿង​ឈឺចាប់ខ្លះ ដែល​ខ្ញុំ​ចង់​ជំរាប​ប្រាប់​បង​ប្អូន​ខ្មែរ​យើង​ដែល​ចំណាយ​លុយ​ ទៅ​ព្យាបាល​រោគ​នៅ​វៀតណាម ដោយសារ​តែ​អស់​ជំនឿ​ពី​សមត្ថភាព​នៃ​ការ​ព្យាបាល​ និងការ​កាប់ឆៅនៃ​មន្ទីរ​ព្យាបាល​ក្នុង​ស្រុក​យើង។

      ខ្មែរយើង​ទៅ​ព្យាបាល​រោគ​នៅ​វៀតណាម គឺភាគច្រើន ច្រើន​តែ​សំដៅ​ទៅ​មន្ទីរ​ពេទ្យ​ ២១៥ ដែល​តាម​ពិត​ទៅ មន្ទីរ​ពេទ្យ ២១៥ ​នេះ គឺ​សំរាប់​តែ​និស្សិត​វេជ្ជសាស្រ្ត​ នៅ​ក្រុង​ហូជីមិញ ចុះ​កម្មសិក្សា​តែប៉ុណ្ណោះ គឺ​មិនមាន​គ្រូពេទ្យ​ជំនាញ​​ឯកទេស​ព្យាបាល (Specialist) ​អី​​​ច្បាស់​លាស់​ទេ។ ហើយ​និស្សិតខ្មែរ​យើង​ដែល​ទៅ​រៀន​ខាង​វេជ្ជសាស្រ្ត​នៅ​ក្រុងហូជីមិញ នៅ​ពេល​រៀន​ចប់​ទៅ ភាគ​ច្រើន​មិន​ចង់​ត្រឡប់​មក​ស្រុកទេស​វិញ​ទេ គឺ​នៅ​​ចង់​រកស៊ី​​​ហុតឈាម​ខ្មែរ​ ក្នុង​មន្ទីរ​ពេទ្យ ២១៥ នេះ​តែ​ម្តង…។ បើ​បងប្អូន​ខ្មែរ​យើង​​ទៅ​ព្យាបាល​ជំងឺ ហើយ​បាន​ជួប​ពួក​ខ្មែរ​​ចោរម្សៀត​អស់​នេះ គឺ​បង​ប្អូន​នឹង​ចំណាយ​អស់​លុយ​ច្រើន ហើយ​ចិញ្ចឹម​​ជំងឺ​ជាមួយ​ពួកគេ​នេះ​ឯង។ ពួក​គេ​នេះ បាន​​ក្លែង​ខ្លួន​ជា​អ្នក​ស៊ី​ឈ្នួល​​បកប្រែ រួចនាំ​អស់​លោក​អ្នក​​ទៅ​រក​កន្លែង​ដេក កន្លែង​គ្លីនិក​មន្ទីរ​ពិសោធន៍ និង​កន្លែង​ទិញ​ថ្នាំ រួច​ពួកគេនេះ​នឹង​ប្រមូល​លុយ​ថ្លៃ​កំរៃជើងសារ ឬកុំមីស្យុង(Commission) យ៉ាង​ក្រាស់ក្រែល​ពី​កន្លែង​ទាំងអស់​នោះ។​ ពេល​ខ្លះ ពួកគេនាំ​ទៅ​​កន្លែង​លក់​ថ្នាំពេទ្យ​ រួចញាក់​ភ្នែក​ដាក់​អ្នក​លក់​ ដើម្បី​កាប់​ឆៅ​ដាក់​ខ្មែរ​គ្នា​ឯង​តែ​ម្តង។​

      តាម​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​បាន​​ចេញចូល​វៀតណាម​ញឹកញាប់​ បើ​សិន​ជា​មាន​បងប្អូន​ខ្មែរ​យើង​ចង់​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម ខ្ញុំសូម​ណែនាំ​​​អោយ​ទៅ​មន្ទីរ​ពេទ្យ​មួយ​​​ឈ្មោះថា ពេទ្យ​ជីវអាន (Trieu An Hospital)។ មន្ទីរពេទ្យនេះ ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ទៅ​ក្រុង​ហូជីមិញ។ ប្រសិន​បើ​អស់​លោក​អ្នក​ធ្វើដំណើរ​តាម​ឡានក្រុង​ទៅ​ហូជីមិញ ពេល​ទៅ​ដល់​ស្ពានអាកាសមួយ ដូចស្ពាន​អាកាស​ក្បាល​ថ្នល់​ដែរ វៀតណាម​ហៅថា​ស្ពានអានសឿង (An Suong) លោក​អ្នក​ប្រាប់​ឡាន​ក្រុង​អោយ​ឈប់ រួចហៅ​តាក់ស៊ី​ជិះ ប្រាប់​ថា​ទៅពេទ្យជីវអាន (ឌី បេន វៀន ជីវ អាន) នោះ​គឺ​ជិតទេ… ជិះ​បន្តិច​ទៅ​ដល់​មន្ទីរពេទ្យ​ហើយ…។ នេះ​ជា​មន្ទីរ​ពេទ្យ​ឯកជនទេ ដែល​ម្ចាស់​វា​គឺ​ជា​អ្នក​មានខ្មែរកម្ពុជា​ក្រោម​ម្នាក់​។ គាត់​កសាង​មន្ទីរពេទ្យ​នេះ​ឡើង​​ ដោយ​ចង់​ព្យាបាល​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម ហើយ​អ្នក​បំរើការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ទាំងមូល ចេះ​និយាយខ្មែរ​ស្ទើរ​តែ​ទាំងអស់​ណឹង។ មន្ទីរពេទ្យ​នោះ​មាន​អាស័យដ្ឋាន​ដូច​ខាង​ក្រោម៖
      TRIEU AN HOSPITAL
      425 Kinh Duong Vuong, An Lac Ward, Tan Binh District
      Ho Chi Minh City
      (84.8) 37508888
      (84.8) 37510915

  6. ហ៊ឹស! មើល​ហើយ​ចង់​តែ​អង្គុញ​យំ​ទេ

ទំលាក់ មួយចំលើយតប ទៅ ក្មេងស្រែ បោះ​បង់​ការ​ឆ្លើយ​តប